ចាន់ រតនា បង្កើន​ការហាត់​ខ្លាំង​ជាង​មុន

T
![rothana-front.jpg](https://serey.io/imageupload_data/1e4587ae7a40cccfe61f2ddd08e3d28e41450d99) ​អត្ថបទ​៖ ស៊ី​ធី ​កីឡាករ​គុន​ចម្រុះ​លេចធ្លោ​ប្រចាំ​នៅ​កម្ពុជា ចាន់ រតនា បង្ហើប​អំពី​គម្រោង​សំខាន់ៗ​មួយចំនួន បន្ទាប់ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ជើង​ខ្លាំង​គុយបា Gustavo Balart ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន​៣​ទឹក នៅ​សង្វៀន ONE: DREAM OF GOLD កាល​សប្ដាហ៍​មុន​។ រតនា ក្លាយជា​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship ដែល​អាច​ឈ្នះ ៣ លើក​ជាប់​គ្នា​ក្នុង​អាជីព ហើយ រូបគេ​ខិតខំ​ហ្វឹកហាត់​ទ្វេដង​ព្រោះ​អាច​ជួប​គូប្រជែង​ខ្លាំងៗ​នាពេលខាងមុខ​។ https://youtu.be/eUUH8VAQRhE បន្ទាប់ពី​ជ័យជម្នះ​ដ៏​ធំ​ក្នុង​អាជីព​នេះ​បុរស​វ័​៣៣​ឆ្នាំ​បាន​ថ្លែងថា​៖«​ខ្ញុំ​បាន​ទស្សនា​វីដេអូ របស់ Gustavo ជាច្រើន​។ គ្រូ​និង​ក្រុមការងារ​របស់ខ្ញុំ​បានផ្ដល់​យោបល់​អំពី​ចំណុចខ្លាំង​និង​ខ្សោយ​របស់ Gustavo ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួល​ជ័យជម្នះ​នេះ​»​។ ម្ចាស់​ក្លិប​សិល្បៈ​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​គិតថា​Balart ព្យាយាម​ចាប់​បោក​ខ្ញុំ​ទៅ​ក្ដារ​រេញ​ជា​ច្រើនដង ប៉ុន្តែ​ការបោក​នៅ​ទឹក​ទី​១​និង​ទី​២ បានធ្វើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​កម្លាំង​របស់គេ ហើយ​មិន​អាចធ្វើ​ឲ្យ​ខ្ញុំ​គ្រោះថ្នាក់​នោះឡើយ »​។ ទីបំផុត​ទឹក​ទី​៣ ចាន់ រតនា ប្រើ​ជំហរ​គុន​ខ្មែរ​ដូចជា​ម៉ាត់​កណ្ដាប់ដៃ អុក​ជង្គង់ និង ទាត់​ជាច្រើន​ជើង​ធ្វើ​ឲ្យ Balart សឺៗ​មិនតិច​ឡើយ​ដើម្បី​ទទួលបាន​ជ័យជម្នះ​យ៉ាង​ធំធេង​។ ![rothana8.jpg](https://serey.io/imageupload_data/745abd2b87ea8acf09bc6ab34dc508375c648f2e) គ្រូបង្វឹក​មកពី​ក្លិប «​សិល្បៈ​» គូស​សង្កត់ធ្ងន់​បែបនេះ​៖«​ទឹក​ទី​៣​ខ្ញុំ​កែប្រែ​មិន​ឲ្យ Balart ចាប់​ងាយៗ​ទេ​ដោយ​ការពារ ក្បាច់​ម៉ាត់ ជង្គង់ និង ទាត់​។ បើ​ខ្ញុំ​មិន​ធ្វើ​បែប​ហ្នឹង​ទេ គឺ​លំបាក​ឈ្នះ​ណាស់​»​។ ​ដោយ​ទទួលលទ្ធផល​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE Championship រតនា បង្ហើប​គម្រោង​ទៅ​ថ្ងៃមុខ​ថា​៖«​ពីមុន​ខ្ញុំ​ចង់​ប្រកួត​ជាមួយ Ma Hao Bin ម្ដងទៀត​ដែល​ខ្ញុំ​ធ្លាប់​ចាញ់​កាល​ឆ្នាំ ២០១៦​។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​អត់​ខ្វល់​ថា​ត្រូវ​ជួប​អ្នកណា​ឡើយ សំខាន់​ឲ្យ​តែ​ខាង ONE គេ​រៀបចំ​ឲ្យ​។ លើក​ក្រោយ​ខ្ញុំ​ចាញ់ ឬ ឈ្នះ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​អ្វីដែល​ខ្ញុំ​ទទួលបាន​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​អ្វី​ចង់​ខ្លាំង​បំផុត ខ្ញុំ​ចង់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​»​។ «​រឿង​សំខាន់​សម្រាប់​ខ្ញុំ​គឺ នៅ​កម្រិត​នេះ ខ្ញុំ​ត្រូវតែ​ប្រឹង​ទ្វេដង ព្រោះ​ខ្ញុំ​នឹង​ជួប​គូប្រកួត​ខ្លាំងៗ​បន្ថែមទៀត​។ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​ជួប​អ្នកខ្លាំង​ជាង​ការប្រកួត​កន្លងទៅ​។ ខ្ញុំ​ទទួលលទ្ធផល​ល្អ​រហូតដល់​ពេលនេះ​ព្រោះ​ខ្ញុំ​ធ្វើការ​ខ្លាំងក្លា​។ ទោះ​ចាញ់ ឬ ឈ្នះ​ពេល​ប្រកួត​ខាងមុខ​មិនមែនជា​បញ្ហា ខ្ញុំ​ក៏​អស់ចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​នឹងធ្វើ​ឲ្យ​ល្អ​បំផុត​តំណាង​ឲ្យ​កម្ពុជា​»​។ កូនសិស្សលោក Lorenzo សង្កត់ធ្ងន់​បែបនេះ​។ ​គួរ​ដឹងថា ចាន់ រតនា ទទួលបាន​ជ័យជម្នះ ៧ ដង​ក្នុងការ​បង្ហាញខ្លួន ១០ ដង​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។ អ្វីដែល​អស្ចារ្យ​ក្នុង​ពិភព​គុន​ចម្រុះ​នោះ គឺ ឈ្នះ ៣​លើកចុងក្រោយ​ជាប់​គ្នា​សម្រាប់​អ្នកគាំទ្រ​កម្ពុជា និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​។ ​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​របស់​ស​ង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ https://www.thmeythmey.com/?page=detail&id=81831 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments