អួន ច័ន្ទ​ភ​ត្រា ត្រៀមបង្ហាញ​សមត្ថភាព​ដំបូង​នៅ​ស៊ី​ហ្គេម​

T
![a.jpg](https://serey.io/imageupload_data/b6aa706949992efc0ef17b0dccf59a0c8d9875b8) ដោយ: សឿន វណ្ណឌេតកីឡាការិនី​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង អួន ច័ន្ទ​ភ​ត្រា កំពុង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ជាមួយ​ការប្តេជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ម្ចាស់​មេដាយប្រាក់​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក World Police and Fire Games រូបនេះ រំពឹងថា ខ្លួន​នឹងធ្វើ​បានល្អ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ មិន​ខុសគ្នា​ឡើយ អ្នកស្រី សូ​រ៉ា​ន់ ដេ​ត គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង ក៏​រំពឹង​កូនសិស្ស​ខ្លួន​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ផងដែរ ខណៈ​បច្ចុប្បន្ន​ទ្រី​យ៉ា​ត្លុង​កំពុង​ស្វែងរក​ជំនួយ ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ពង្រឹង​នៅក្រៅ​ប្រទេស​។ ទោះបី​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​ប្រភេទ​វិញ្ញាសា​ពិបាក​ក្នុងការ​ស្វែងរក​មេដាយ តែ​កីឡាការិនី អួន ច័ន្ទ​ភ​ត្រា ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វី​ពី​ន​ឆ្នាំនេះ ហាក់​ជឿជាក់ថា នាង​នឹងធ្វើ​បានល្អ​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​បទពិសោធ​ចូលរួម​ការប្រកួត​លំដាប់​ពិភពលោក​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ World Police and Fire Games នៅ​ប្រទេស​ចិន អាចជា​កត្តា​នៃ​ក្តីសង្ឃឹម​របស់​នាង​។ ​សម្រាប់​ការប្រកួត World Police and Fire Game ដែល អួន ច័ន្ទ​ភ​ត្រា ទទួលបាន​មេដាយប្រាក់​លើ​វិ​ញ្ញា​ហែល​ទឹក​១,៥​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​១០​គីឡូម៉ែត្រ កីឡាការិនី​វ័យ​២០​ឆ្នាំ​រូបនេះ បាន​ឆ្លងកាត់​ការប្រកួតប្រជែង​ជាមួយ​កីឡាការិនី​មាន​សមត្ថ​ភាពខ្លាំងៗ​ជាច្រើន​ប្រទេស​។ កត្តា​នេះ វា​គឺជា​ចលករ ដែល​ធ្វើ​ឲ្យ​នាង​មាន​ជំនឿ​ចិត្ត​កាន់តែ​ខ្ពស់​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​។ បច្ចុប្បន្ន​នាង​រួមជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ជាមួយ​កាលវិភាគ​ដ៏​មមាញឹក ក្រោម​ការ​បង្វឹក និង​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូបង្វឹក គឺ​អ្នកស្រី សូ​រ៉ា​ន់ ដេ​ត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​ «​ខ្ញុំ​មិនទាន់​អាច​ដឹង​ពី​កម្រិត​សមត្ថភាព​គេ​យ៉ាងណា​នោះទេ មិនដឹងថា តើ​គេ​ខ្លាំង​ជាង​ខ្ញុំ ឬ​ខ្ញុំ​ខ្លាំងជាងគេ​? តែ​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​តាំងចិត្ត​មិន​ភ័យ មិន​តក់ស្លុត និង​ប្រឹងប្រែង​ប្រកួត ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​។ ព្រោះ​រាល់ថ្ងៃ​គ្រូ​គាត់​បានដាក់​កម្មវិធី​ហ្វឹកហាត់​ខ្លាំងៗ​ជាង​ធម្មតា​ឲ្យ​ពួកយើង​ហ្វឹកហាត់ ដើម្បី​ឆ្លើយតប​នឹង​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី អួន ច័ន្ទ​ភ​ត្រា ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ឌូ​អា​ត្លុង​(​រត់​១០​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​៥​គីឡូម៉ែត្រ​)​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។​ ​មិន​ខុសគ្នា​ពី​កីឡាការិនី អួន ច័ន្ទ​ភ​ត្រា នោះទេ កីឡាការិនី ហ៊ោ ធីតា ដែលជា​បេក្ខភាព​១​រូប​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ផង​នោះ ក៏បាន​បង្ហាញ​ការជឿជាក់​លើ​សមត្ថភាព​ខ្លួន​នឹងធ្វើ​បានល្អ​ផងដែរ​។ ធីតា ដែល​ត្រូវ​លេង​លើ​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​បណ្តាក់​បាន​តាំងចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សន្យាថា​នឹងធ្វើ​ឲ្យ​បានល្អ​នៅក្នុង​ការប្រកួត​។ យើង​មិនដឹងថា​កីឡាករ​គេ​មាន​សមត្ថភាព​យ៉ាងណា​នោះទេ​ដោយសារ​វា​ជា​វិញ្ញាសា​ថ្មី​សម្រាប់​ការប្រកួត​នេះ ជាហេតុ​ធ្វើ​ឲ្យ​មិនដឹង​កីឡាករ ដែល​ត្រូវ​ចូលរួម​មានកំណត់​ត្រា​បែបណា​។ សម្រាប់​ការហ្វឹកហាត់​ពីមុន​ហើយ​ឥឡូវ​គឺ​ខុសគ្នា ដោយសារ​ឥឡូវ​យើង​សម្រុក​ខ្លាំង ព្រោះ​ជិត​ដល់​ថ្ងៃ​ប្រកួត បើ​យើង​បន្ធូរ​ក៏​មិនបាន​ដែរ​»​។​ ​ទន្ទឹមនឹង​បង្ហាញ​ក្តី​រំពឹង និង​ការប្តេជ្ញា កីឡាការិនី ហ៊ោ ធីតា បង្ហាញ​ពី​ក្តីកង្វល់​ពាក់ព័ន្ធ​សមត្ថភាព​កីឡាករ​មកពី​ប្រទេស​ផ្សេងៗ​ផងដែរ ដោយ​នាង​បានចាត់ទុក​កីឡាករ​ម្ចាស់ផ្ទះ សិង្ហ​បុរី ថៃ វៀតណាម ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ការចូលរួម​លើកដំបូង​របស់គេ​។ ក្នុងចំណោម​៣​វិញ្ញាសា​ហែល​ទឹក ជិះ​កង់ និង​រត់ កីឡាការិនី​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូបនេះ ចាត់ទុក​ជិះ​កង់ ជា​វិញ្ញាសា​លំបាក​ហ្វឹកហាត់ និង​មាន​គ្រោះ​ជាងគេ ព្រោះ​នៅតាម​ផ្លូវ​ដែល​ពួកគេ​ហ្វឹកហាត់​មាន​ចរាចរណ៍​ដ៏​មមាញឹក​ពី​អ្នកដំណើរ​។​ ​សម្រាប់​អ្នកស្រី សូ​រ៉ា​ន់ ដេ​ត គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង បានដាក់​ក្តី​រំពឹង​ខ្ពស់​លើ​វិញ្ញាសា​ឌូ​អា​ត្លុង ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ក្នុងនាម​ជា​គ្រូបង្វឹក អ្នកស្រី នឹងសិក្សា​ពី​កំណត់ត្រា​របស់​កីឡាករ​តាម​ប្រទេស​នីមួយៗ​យកមក​ប្រៀបធៀប​ជាមួយ​កំណត់ត្រា​របស់​កីឡាករ​កម្ពុជា ដើម្បី​សិក្សា​ពី​ចំណុចខ្សោយ និង​អភិវឌ្ឍន៍​បន្ថែម​។ «​យើង​នឹងសិក្សា​ពី​កំណត់ត្រា​(Record)​ប្រទេស​ដទៃ​និង​កម្ពុជា​យើង ថា​តើ​ចំណុច​ណាមួយ​ដែល​យើង​អាច​យកឈ្នះ​ឬ​ចាញ់​គូប្រកួត ដើម្បី​អភិវឌ្ឍន៍​បន្ថែម​លើ​ចំណុចខ្សោយ​ទាំងនោះ​។ សម្រាប់​កម្ពុជា​យើង​អាចមាន​សង្ឃឹម​ដែរ​លើ​វិញ្ញាសា​ឌូ​អា​ត្លុង​ទាំង​បុរស​និង​នារី​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សូ​រ៉ា​ន់ ដេ​ត ដែល​បន្ថែមថា សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា កំពុង​ស្វែងរក​ជំនួយ​ពី​ដៃគូ​សហការ ដើម្បី​បញ្ជូន​កីឡាករ​របស់ខ្លួន​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ខណៈ​ចិន​និង​ជប៉ុន​ជា​ប្រទេស​គោលដៅ​។ ​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា ក្នុងករណី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស​មិនបាន សហព័ន្ធ​នឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ខេត្ត​កែប ដែលជា​ទីតាំង​សក្តានុព���​ក្នុងការ​អភិវឌ្ឍ​កីឡា​ទ្រី​យ៉ា​ត្លុង​។ សម្រាប់​អ្នកស្រី សូ​រ៉ា​ន់ ដេ​ត ទោះ​ការហ្វឹកហាត់​នៅ​ប្រទេស ឬ​ក្នុងប្រទេស កីឡាករ​អាចមាន​ភាព​រីកចម្រើន​ដូចគ្នា ឲ្យ​តែ​ពួកគេ​ព្យាយាម និង​តស៊ូ​ហ្វឹកហាត់​។ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ចុងឆ្នាំ​នេះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៨​រូប​ឲ្យ​ចូលរួម ដោយ​ពួកគេ​លេង​លើ​៣​វិញ្ញាសា គឺ​ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង និង​មិច​ទ្រី​យ៉ា​ត្លុង​រី​លេ​(Mix Relay)​។ កីឡាករ​ទាំង​៨​រូប​រួមមាន​កីឡាការិនី អួន ច័ន្ទ​ភ​ត្រា​, ថន សុ​ម៉ា​វ​ត្តី​, ហ៊ោ ធីតា​, ផល រតនា​, កីឡាករ នាង ពេជ្រ ពិសិដ្ឋ​, កាំ​ង ធឿន​, ណាំង ណៃ និង​កីឡាករ ជា សម្ផស្ស​៕ https://www.thmeythmey.com/?page=detail&id=83376 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments