ភ្នំគូលែន បឹងទន្លេសាប និងតំបន់ជុំវិញអង្គរ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី

រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ: ធឿន បញ្ញាឬទិ្ធ
ភ្នំពេញ៖ តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប នឹងក្លាយទៅជាផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបបន្ថែមទៀត ។ នេះជាគម្រោងអភិវឌ្ឍន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក ថោង ខុន បាននិយាយថា កំណើនភ្ញៀវទេសចរជារៀងរាល់ឆ្នាំនេះ វាបង្ហាញពីសក្ដានុពលនៃតំបន់អង្គរ ដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាប្រាសាទបុរាណនៅខេត្តសៀមរាបនេះ។ ដ្បិតមើលឃើញពីភាពវិជ្ជមានច្រើនក្តី ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ នៅតែបារម្ភពីការធ្លាក់ចុះភ្ញៀវ ដោយសារតែកង្វះខាតការអភិវឌ្ឍ។
តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ បានស្រង់សម្តីលោក ថោង ខុន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប មកសរសេរដូច្នេះ៖« កំណើននេះអាចនឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ជាកត្តាទាក់ទាញបន្ថែម ពីព្រោះភ្ញៀវទេសចរមួយចំនួនមិនប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌអង្គរនោះឡើយ ពោលគឺពួកគេប្រាកដជាត្រូវការដើរកម្សាន្តនៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ»។
ដោយយល់ឃើញពីនិន្នាការរបស់ភ្ញៀវទេសចរបែបនេះ ទើបរដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យមន្ត្រីជំនាញអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដោយក្នុងនោះរួមមានឧទ្យានជាតិភ្នំគូលែន (មហិន្ទ្របព៌ត) តំបន់បឹងទន្លេសាប និងតំបន់ជុំវិញអង្គរ។ សម្រាប់លោក ថោង ខុន តំបន់ទាំងនេះ គឺជាទីតាំងដ៏មានសក្ដានុពល សម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
អត្ថបទទាក់ទង រដ្ឋមន្ត្រីទេសចរណ៍៖ បើមិនចង់បំផ្លាញគោលដៅទេសចរណ៍ សូមកុំលក់ទំនិញក្លែងក្លាយ!
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បាននិយាយថា ក្រុមជំនាញការអន្តរក្រសួង បានចុះសិក្សាតំបន់ខាងលើហើយ ដោយពិនិត្យឃើញភាពវិជ្ជមាននៃភ្ញៀវទេសចរ ដែលនិយមចូលចិត្តទៅទស្សនាតំបន់ឧទ្យានជាតិភ្នំគូលែន និងបឹងទន្លេសាប ក្រៅពីតំបន់អង្គរ ។ តាមរយៈការសិក្សានេះ លោក សាមុត ហ៊ានអះអាងថា តំបន់ទាំងនោះពិតជាមានសក្ដានុពលខ្លាំង ទាំងវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយក៏អាចអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង។
ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឲ្យមានសក្ដានុពលថែមទៀតនោះ រដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ សម្រាប់អនុវត្តលើផែនការមេ ដែលមិនត្រឹមតែផ្ដោតលើវិស័យទេសចរណ៍ទេ ពោលគឺគ្រប់វិស័យពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ។
រដ្ឋលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«ការអភិវឌ្ឍឲ្យមានផលិតផលទេសចរណ៍ថ្មីៗយ៉ាងណាខ្លះនោះ គឺត្រូវគិតគូរដល់បញ្ហា «ស្អាត និងបៃតង» ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរហើយ ត្រឡប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា»។
កាលពីឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរប្រមាណ ៥លាននាក់ បានទៅទស្សនាតំបន់សៀមរាប-អង្គរ ដោយក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាន៥០ម៉ឺននាក់ផងដែរ។ ដោយមើលឃើញពីសក្ដានុពលនេះ ទើបរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕
www.thmeythmey.com/?page=detail&id=80475
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

