ជប៉ុន​ប្រកាសអាសន្ន​នៅ​ភាគខាង​ត្បូង ក្រោយ​កម្រិត​ទឹកភ្លៀង​ឡើង​ខ្ពស់​

T
![aa.jpg](https://serey.io/imageupload_data/632e303d769ff1798d94c41fc077e6cef6c7f0dd) ការកើនឡើងកម្ពស់ទឹកភ្លៀងនៅកោះ Kyushu ។ រូបថត AFP ​ដោយ៖ ឈួន ឈី​វ​អ៊ីង​ ​ភ្នាក់ងារ​ឧតុនិយម​របស់​ប្រទេស​ជប៉ុន បានចេញ​សេចក្តីប្រកាស​អាសន្ន​សម្រាប់​ប្រជាជន​រស់នៅ​កោះ​គ្យូស៊ូ (Kyushu) ដែលជា​កោះ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។ កោះ​មួយ​នេះ​ត្រូវបាន​រងគ្រោះ​ដោយ​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ពុធ ទី​២៨ សីហា បង្ក​ឲ្យ​មានការ​បាក់​ដី ទឹកជំនន់ និង​គ្រោះថ្នាក់ធម្មជាតិ​ផ្សេងៗ​ទៀត​។ បើតាម​ទូរទស្សន៍​ជប៉ុន NHK មាន​បុរស​ម្នាក់​ត្រូវបាន​បាត់បង់​ជីវិត​នៅក្នុង​ខេត្ត សា​ហ្កា (Saga) ខណៈ​ឡាន​របស់គាត់​ត្រូវបាន​ហូរ​ទៅតាម​ទឹក ស្របពេល​កន្លែង​ខ្លះ​មាន​កម្រិត​ភ្លៀង​ធ្លាក់ ខ្ពស់ជាង ១០០​មី​លី​ម៉ែត្រ​ក្នុង​ត្រឹម​មួយ​ម៉ោង​។ ប៉ុស្តិ៍​ទូរទស្សន៍​បានបង្ហាញ​រូបភាព​ឡាន​ដែល​ត្រូវបាន​ទឹក​លិច ហើយ​មាន​មនុស្សម្នា​ជាច្រើន​ដើរ​លុយ​ទឹក​ដែល​លិច​ផ្លូវ​ត្រឹម​ជង្គង់ បន្ទាប់ពី​ច្រាំងទន្លេ​ជាច្រើន​ត្រូវបាន​ខូចខាត​ដោយ​ការបាក់​ដី​។​ ​ប្រជាជន​នៃ​ខេត្ត Fukuoka, Nagasaki, និង Saga ប្រហែល ២៤០,០០០​នាក់ នៅ​ភាគ​ខាងជើង​នៃ​កោះ គ្យូស៊ូ ត្រូវបាន​ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ (Kyodo)​។​ ​ភ្នាក់ងារ​ធាតុអាកាស​បាន​និយាយថា ភូមិភាគ​ខាងជើង​នៃ​កោះ គ្យូស៊ូ ធ្លាប់​ជួប​ការរង​គ្រោះ​ដោយ​ទឹកភ្លៀង​មួយដង​ប៉ុណ្ណោះ​។ ភ្នាក់ងារ​បានប្រកាស​អាសន្ន​កម្រិត​ទី​៥ ដែលជា​កម្រិត​ខ្ពស់​មួយ​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​មកហើយ​។​ ​អាជ្ញាធរ​ជប៉ុន បាន​ទទូច​ឲ្យ​ប្រជាជន​គិតគូរ​រឿង​ជម្លៀស​ខ្លួន​ឲ្យ​បាន​ដិតដល់​។ ទឹកជំនន់​រដូវក្ដៅ​ឆ្នាំមុន ដែល​សម្លាប់​មនុស្ស​ច្រើនជាង​២០០​នាក់ ជា​មេរៀន​សម្រាប់​ជប៉ុន ព្រោះ​ប្រជាជន​ខ្លះ​មិនសូវ​យកចិត្ត​ទុកដាក់នឹង​ការប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ឡើយ​៕ https://www.thmeythmey.com/?page=detail&id=82126 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments