ថៃព្រួយបារម្ភពីការប្រកួតប្រជែងទីផ្សារធុរេននៅចិន

ដោយ៖ ងួន សុភាវត្តី
កសិករថៃត្រូវតែព្យាយាមពង្រឹងគុណភាពធុរេនខ្លួនដើម្បីប្រកួតប្រជែងក្នុងទីផ្សារចិន បន្ទាប់ពីខេត្តហៃណាន ប្រទេសចិនទទួលបានជោគជ័យក្នុងការដាំធុរេនដែលខ្លួនបានយកពូជពីម៉ាឡេស៊ី។នេះជាការក្រើនរំលឹករបស់ស្ថាប័នពាណិជ្ជកម្មថៃ។
លោកស្រី Wanlada Rattanapanich ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ(DITP) ប្រចាំនៅណានជីងបាននិយាយថា លោកស្រីបានតាមដានមើលការសាកល្បងដាំធុរេនរបស់ចិនក្នុងរយៈពេលថ្មីនេះដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times។
លោកស្រីបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនឯកជនមួយនៅខេត្តហៃណានបានទិញគ្រាប់ពូជធុរេនSanno ពីប្រទេសម៉ាឡេស៊ី និង ទទួលជោគជ័យក្នុងការដាំធុរេននៅទីក្រុង Sanya ភាគខាងត្បូងនៃខេត្តហៃណាន»។
លោកFeng Xuejie ប្រធានវិទ្យាស្ថានផ្លែឈើត្រូពិចហៃណាន បានលើកឡើងថា ការដាំធុរេននៅចិនគឺ មិនងាយស្រួលទេសំរាប់កសិករចិន ដោយសារដើមធុរេនត្រូវការទីធ្លាធំទូលាយក្នុងការដាំ និងត្រូវចំណាយពេលពី ៤ទៅ៨ឆ្នាំដើម្បីទទួលបានផល។
លោក Xuejie មានប្រសាសន៍ថា៖ «ពួកយើងបានព្យាយាមដាំធុរេននេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែតែងតែទទួលបានផលមិនល្អ ពោលគឺផ្លែតូចនិងសាច់គ្មានរសជាតិ»។ លោកបានបន្ថែមថា ទោះបីជាការសាកល្បងថ្មីៗនេះទទួលបានជោគជ័យក៏ដោយ ក៏វានៅមានឱកាសបរាជ័យវិញដែលបើទីកន្លែងដាំនោះមានអាកាសធាតុប្រែប្រួល មិនដូចពេលយើងដាំនៅក្នុងបន្ទប់ពិសោធន៍។
ស្របពេលជាមួយគ្នានោះដែរ លោកស្រី Wanlada បាននិយាយថា ទោះជាហៃណានមិនទាន់អាចដាំធុរេនបានក្តី តែក្រោមការស្រាវជ្រាវនិងអភិវឌ្ឍន៍បន្ថែមទៀតធុរេនចិនអាចជាដៃគូរប្រកួតប្រជែងរបស់ថៃនៅពេលខាងមុខនេះ។
គួររំលឹកថា បច្ចុប្បន្ននេះ ធុរេនដែលបដាក់លក់នៅចិនមាន ៨០%ជាធុរេនថៃ។ លោកស្រី Wanlada បានបន្ថែមថា ដើម្បីរក្សាទីផ្សារនៅចិនបាន កសិករថៃត្រូវតែបង្កើនគុណភាពធុរេនខ្លួន ជាពិសេសលើទំហំនឹងរសជាតិរបស់ធុរេន៕
https://www.thmeythmey.com/?page=detail&id=82591
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

