សម្តេច ទៀ បាញ់ ជំរុញ​ប្រទេស​អាស៊ាន រួមគ្នា​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​

T
![credit.jpg](https://serey.io/imageupload_data/f2ba541efe875b57dbbce46a70d90b4f80eda094) សម្តេច ទៀ បាញ់ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នៅសៀមរាប នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ (រូបដោយអ៊សា រ៉ហានី) ដោយ: ភួង វ៉ាន់ថា ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានលើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស​បញ្ហា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។ សម្តេច​បាន​ជំរុញ​ដល់​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​លើ​ករណីនេះ​ជាបន្ទាន់​។​ ការលើកឡើង​របស់​ស​ម្តេច ទៀ បាញ់ គឺ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ក្រោម​ប្រធានបទ «​លើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​» ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២៩ ខែសីហា​។ សម្តេច ទៀ បាញ់ បាន​ធ្វើជា​អធិបតី​ជំនួស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេច ថ្លែងថា បញ្ហា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព កំពុង​រីក​រាលដាល​គួរឱ្យ​ព្រួយបារម្ភ​ទាំង​នៅក្នុង​តំបន់ និង ពិភពលោក តាមរយៈ​ការផ្សព្វផ្សាយ​លក់​ឱសថ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​មិនមាន​ការចុះ​បញ្ជិកា​ត្រឹមត្រូវ​។ សម្តេច​បន្តថា ជាពិសេស​យន្តការ​គ្រប់គ្រង​ឱសថ​ក្នុងពេល​ផលិត និង​ចរាចរណ៍​ឱសថ នៅលើ​ទីផ្សារ​មិនទាន់មាន​ប្រសិទ្ធភាព​នោះទេ សើ​ស​ពីនេះ​ការ​ការផ្សព្វផ្សាយ​អំពី​ចំណេះដឹង​លើ​បញ្ហា​ឱសថ​ក្លែងក្លាយ​ដល់​ប្រជាពលរដ្ឋ​ក៏​នៅមានកម្រិត​ផងដែរ​។ ​សម្តេច​រដ្ឋមន្ត្រី បន្ថែមថា ពលរដ្ឋ​នៅលើ​ពិភពលោក​ប្រមាណ​១៥០​លាន​នាក់ បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ជា​រៀងរាល់ឆ្នាំ ដែល​នៅ​ក្នុងនោះ មាន​ប្រជាជន​ប្រមាណ​១០០​លាន​នាក់ ស្ថិតនៅក្រោម​ខ្សែបន្ទាត់​នៃ​ភាពក្រីក្រ​ដោយសារតែ​ចំណាយ​លើ​សេវា​សុខភាព ដែល​បណ្ដាលមកពី បញ្ហា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់ ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក​។ ​សម្តេច មានប្រសាសន៍​ដូច្នេះ​ថា​៖«​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព បាន​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព សុវត្ថិភាព​សង្គម និង ធ្វើឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​»​។ ​សម្តេច​សង្កត់ធ្ងន់ថា ការប្រើប្រាស់​ឱសថ​អន់​គុណភាព​ដើម្បី​ព្យាបាល​ជំងឺ អាចធ្វើឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​អាយុជីវិត និង ធ្វើឱ្យ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន ក៏ដូចជា​ខាតបង់​ថវិការដ្ឋ​ផងដែរ​។​ ​ដោយ​មើលឃើញ​បញ្ហា​ទាំងនេះ សម្តេច​បាន​ជំរុញ​ដល់​ប្រទេស​អាស៊ាន​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរ​វិស័យ ការបន្ត​ពង្រឹង​ក្របខណ្ឌ​ច្បាប់ ការលើកកម្ពស់​សមត្ថ​ភាព​មន្ត្រី​បច្ចេកទេស តាមដាន​ស្រាវជ្រាវ​ជាប់​ជាប្រចាំ និង ការបន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​។ ​សម្តេច មានប្រសាសន៍ថា​៖«​ប្រទេស​អាស៊ាន​ត្រូវ​រួមគ្នា​កាត់បន្ថយ​គម្លាត​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​តាមរយៈ​ការជួយ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ចំណុច​ខ្វះខាត ជួយ​កសាង​សមត្ថភាព​បច្ចេកទេស បច្ចេកវិទ្យា​ទំនើប និង ធនធានមនុស្ស ជាពិសេស​ត្រូវ​បំពាក់បំប៉ន​នូវ​ចំណេះដឹង និង ជំនាញ​បច្ចេកទេស សមស្រប​តាម​និយាម​អន្តរជាតិ និង បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ភាពជឿជាក់​»៕ ​ https://www.thmeythmey.com/?page=detail&id=82182 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments