បរិភោគផ្លែប៉ោមកាត់បន្ថយជំងឺផ្សេងៗ
-កាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង៖ អំណាចផ្នែកអង់ទីអុកស៊ីដង់របស់ផ្លៃប៉ោម អាចចូលរួមចំណែកកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង។ បើតាមការសិក្សាថ្មីចុងក្រោយបង្ហាញថា បរិភោគផ្លែប៉ោម ជាផ្លែឈើស្រស់ អាចកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយសញ្ញារោគស្ទះសរសៃឈាមអាទែរ កូរ៉ូណែ (syndrome coronaire aigu) របស់មនុស្សប្រុសជាពិសេស។ សញ្ញារោគដែលមានជាអាទិ៍ ការចុកទ្រូង ឬការស្លោកសាច់ដុំបេះដូង។ ធាតុដើមធម្មជាតិនៃផ្លៃប៉ោម មានឥទ្ធិពលល្អខ្លាំងណាស់សម្រាប់បញ្ចុះខ្លាញ់ក្នុងឈាម ជាពិសេសខ្លាញ់កូឡេស្តេរ៉ូលអាក្រក់។ ទឹកផ្លែប៉ោមដែលគាបច្របាច់ចេញពីផ្លែស្រស់ៗ និងដែលមានបន្តុំសារធាតុដើមធម្មជាតិខ្លាំង មានឥទ្ធិពលគាប់ប្រសើរខ្លាំងណាស់លើពពួកខ្លាញ់ និងពួកមេរោគបង្កការរាល ការរលាក។

-ជំងឺហឺត ៖ សារធាតុប៉ូលីហ្វេណុល និងហ្លាវ៉ូណូអ៊ីត របស់ផ្លែប៉ោម នឹងទៅបង្កើនសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់របស់សរីរាង្គកាយយើង ដោយទៅបញ្ចុះភាពរាលដាលរលាករបស់អ្នកមានផ្ទុកជំងឺហឺត។ ការសិក្សាមួយដែលធ្វើឡើងលើកុមារអាយុពី៥ ទៅ១០ ចំនួនជាង២៦០០នាក់ បានផ្តល់សេចក្តីសន្និដ្ឋានថា ការបរិភោគទឹកផ្លែប៉ោម ផលិតឡើងដោយកំហាប់ផ្លែប៉ោម (មិនមែនដោយគាបយកទឹកស្រស់១០០%) បានធ្វើឱ្យក្មេងៗទាំងនោះ មិនសូវមានអាការៈដកដង្ហើមចេញចូលឮដូចគេហួច (សំឡេងដង្ហើមដូចគេហួច ជាសញ្ញារោគមួយដែលនាំឱ្យគ្រូពេទ្យអាចកំណត់ស្វែងរកជំងឺហឺត)។

បើស្ត្រីមានគ៌ភពិសារផ្លែប៉ោម ក្នុងពេលពរពោះ ទារកកើតមកនឹងមានគ្រោះកើតជំងឺហឺត តិចជាងកូនអ្នកមិនបរិភោគប៉ោម។

-ជំងឺមហារីក ៖ អាចកាត់បន្ថយជំងឺ មហារីកពោះវៀនទ័ល ជំងឺមហារីកពោះវៀនធំ មហារីកសុដន់ និងសួត។ សារធាតុប៉ូលីហ្វេណុល និងល្បាយផ្សេងទៀតក្នុងផ្លែប៉ោម និងទឹកប៉ោម ទំនងជាមានសមត្ថភាពអង់ទីអុកស៊ីដង់ និងអាចកាត់បន្ថយការរីករាលដាននៃកោសិកាមហារីក។

ក្រហម បែតង ឬលឿង ផ្លែប៉ោមគឺជាចំណីអាហារដែលសម្បូរទៅដោយសារធាតុអង់ទីអ៊ុកស៊ីដង់ និងសរសែ។ សូមទទួលទានផ្លែប៉ោមជាប្រចាំ ដើម្បីជួយទ្រទ្រង់ដល់សុខភាពយើង ។
  

