អង្ករក្លាយជាបាយ! (២)

S

២. គិតត្រូវ

គិតថា រឿងរ៉ាវនេះមិនមែនកើតឡើងចំពោះយើងតែម្នាក់ប៉ុណ្ណោះទេ មនុស្សនៅលើផែនដីទាំងអស់ក៏មានកើតរឿងនេះដែរ។ កុំគិតថា បើសិនជាគេដឹងរឿងនេះ យើងខ្មាស់គេខ្លាំងណាស់ យើងសុខចិត្តស្លាប់វិញល្អជាង។ តែត្រូវគិតថា បើគេដឹងរឿងនេះ គេពិតជាមានចិត្តអាណិត ហើយជួយជាកម្លាំងចិត្តដល់យើងវិញជាមិនខាន។

កុំយកចិត្តទុកដាក់នឹងពាក្យសើចចំអក ពាក្យរិះគន់និន្ទារបស់អ្នកដទៃនោះឡើយ អ្នកទាំងនោះ មិនអាចធ្វើឲ្យយើងអាក្រក់តាមពាក្យគេថានោះទេ។​ ចូរមានចិត្តក្លាហាឡើង រឹងប៉ឹងឡើង កុំចុះចាញ់បញ្ហាដែលកើតមានចំពោះយើងនោះឡើយ មិនយូរទេ បញ្ហានោះនឹងត្រូវរលាយបាត់អស់ ហើយពាក្យនិន្ទាទាំងនោះនឹងក្លាយជាអាសារបង់ដោយឯកឯងមិនខាន។

កុំមានគំនិតចង់សងសឹក ចងគំនុំគុំគួន គិតខ្លីចង់សម្លាប់ខ្លួនព្រោះតែខ្មាស់គេ និងខឹងចិត្តខ្លួនឯងឲ្យសោះ បើគេមិនស្រឡាញ់យើង គេទៅចោលយើង ឲ្យគេទៅចុះ ត្រូវគិតពីខ្លួនយើងឲ្យបានច្រើន ហើយសាងជីវិតថ្មីវីញទើបប្រសើរជាង កុំគេងស្តាយនំផ្អូមឲ្យសោះ ចាក់វាចោលទៅ ទុកវាក៏ទទួលទានមិនកើតដែរ។

៣. ធ្វើការងារត្រូវ

បើនៅរៀន ត្រូវខំរៀនឡើងវិញ បើរកស៊ី ឬធ្វើការ ត្រូវប្រឹងរកស៊ី ឬធ្វើការឡើងវិញ។ ត្រូវយកចិត្ត យកគំនិត យកខួរក្បាលមកសាងអនាគតមួយថ្មីទៀតទើបល្អ។

ចាត់ទុកអតីតកាលជាការយល់សប្តិអាក្រក់ ជាមេរៀនជីវិត ដើម្បីជួយជំរុញយើងឲ្យក្លាយជាមនុស្សឆ្លាត ជាមនុស្សពេញវ័យក្នុងជីវិតដើម្បីជួយដល់អ្នករងគ្រោះក្រោយៗទៀត។ រៀនធ្វើអ្វីៗដែលនាំឲ្យសប្បាយចិត្ត ដើរលេងកំសាន្ត លេងកីឡាជាដើម ដើម្បីបំបាត់ទុក្ខកង្វល់។ កុំទៅកកូរកកាយ រករឿងឈ្លោះប្រកែកឲ្យសោះ វាមិនបានសុខទេ ខ្មោចកប់ក្នុងផ្នូរទៅហើយ កុំគាស់វាមកវិញឲ្យសោះ ព្រោះវាស្អុយណាស់។  

លោកអ្នកបងប្អូន! ខ្ញុំបាទគ្រាន់តែលើកយកគំនិតខ្លះៗមកបង្ហាញជូនលោកអ្នកទុកដូចជាចង្កៀងបំភ្លឺដល់ជើងរបស់លោកអ្នក ដើម្បីកំុឲ្យលោកអ្នកដើរចំពប់ និងចេះប្រុងប្រយ័ត្ន។ 

Comments