ពាក្យ«គូ, គូរ, គូស» មានន័យខុសគ្នាយ៉ាងដូចម្តេច?
តើពាក្យ«គូ, គូរ, គូស» មានន័យខុសគ្នាយ៉ាងដូចម្តេច?
វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងបីនេះគឺ ប្រើក្នុងន័យផ្សេងគ្នាទាំងអស់។
ទី១. ពាក្យ«គូ» ជានាម មានន័យថា ចំនួនពីរផ្ទឹមគ្នា, មួយគូ, ពីរគូ។ ឧទាហរណ៍៖ គូស្រករ គឺប្តីប្រពន្ធដែលមានអាយុស្រករគ្នា។
ទី២. ពាក្យ«គូរ» កិរិយាសព្ទ មានន័យថា ធ្វើឲ្យកើតជាគំនូរតំណាងរូបរាងសរពើ ដោយខ្មៅ, ប៉ាកកា ឬ ជក់។ ឧទាហរណ៍៖ គូររូប, គូរគំនូរ, គូរវាស។ ល៕ មួយវិញទៀត ពាក្យនេះប្រើសម្រាប់និយាយផ្សំជាមួយពាក្យគិត។ ឧទាហរណ៍៖ គិតគូរ, គិតហើយសឹមគូរ។
ទី៣. ពាក្យ«គូស» កិរិយាសព្ទ មានន័យថា ធ្វើឲ្យមានជួរស្នាម, ឲ្យមានជាគំនួស។ ឧទាហរណ៍៖ គូសគំនូសចំណាំ ឬគូសជាសញ្ញាអ្វីមួយ។
ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត

