មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វពាហនៈឱ្យបានច្រើន

S
MC៖ មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វពាហនៈ ឱ្យបានច្រើនតាមកម្មវិធីអាស៉្បាយ សម្រាប់ផ្តត់ផ្គង់ តម្រូវការទីផ្សារក្នុងស្រុក។ . លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នកម្មវិធីអាស៉្បាយ គឺជាការផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅខេត្តមណ្ឌលគិរី ដូចជាបណ្ដុំបន្លែ បណ្ដុំការចិញ្ចឹមសត្វ បណ្ដុំចិញ្ចឹមត្រី និងបណ្ដុំដំណាំផ្សេងទៀត។ លោកប្រធានមន្ទីរបានលើកទឹកចិត្តឱ្យប្រជាកសិករ ព្យាយាមបង្កើនការចិញ្ចឹមសត្វ តាមកម្មវិធីអាស៉្បាយ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ដែលងាយស្រួលទាំងអ្នកផលិត និងអ្នកបញ្ជាទិញ ដោយសារកម្មវិធីនេះចំណាយដើមទុនតិច ហើយចំណេញច្រើន ព្រោះទាក់ទងនឹងការចិញ្ចឹមសត្វនៅក្នុងខេត្ត មិនទាន់មានភាពធំ បែបជាកសិដ្ឋាននៅឡើយទេ គឺនៅជាលក្ខណៈគ្រួសារ។ លោកថា៖ «ជារួមវិស័យការចិញ្ចឹមសត្វនេះនៅក្នុងខេត្តមិនទាន់មានភាពធំបែបលក្ខណៈជាកសិដ្ឋាន ឬក៏អ្វីធំដុំនៅឡើយទេ ភាគច្រើនចិញ្ចឹម ជាបែបលក្ខណៈគ្រួសារនៅឡើយទេ។ ទន្ទឹមនេះយើងក៏ខិតខំពង្រីកផ្សព្វផ្សាយបច្ចេកទេសក្នុងការចិញ្ចឹម បច្ចេកទេសក្នុងការថែទាំ ដល់កសិករ បន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចឱ្យយើងមានការចិញ្ចឹមជាបណ្ដុំសត្វនេះឱ្យបានច្រើន ដើម្បីអាចធានាបានការផ្គត់ផ្គង់នៅក្នុងខេត្តយើង»។ លោកប្រធានមន្ទីរសូមបន្ដអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាកសិករ ចូលរួមបង្កើនការដាំដុះ ការចិញ្ចឹមសត្វផ្សេងៗ តាមកម្មវិធីអាស៉្បាយ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុដែលងាយស្រួលទាំងអ្នកផលិត និងអ្នកបញ្ជាទិញ ដើម្បីជួយរកចំណូលបង្កើនជីវភាពក្នុងគ្រួសារផង៕

Comments