អត្ថន័យនៃពាក្យ «ផ្ការំដួល» ដែលតំណាងឲ្យប្រទេសកម្ពុជា

S
![10565203_1483742238536038_7081306932827282414_n.jpg](https://serey.io/imageupload_data/47527eea4dddca0ed4fb93d7bcf6140f54a55f95) «ផ្ការំដួល» ជាផ្កាតំណាងឲ្យជាតិខ្មែរ។ «ផ្ការំដួល» (Mitrella Mesnyi) គឺជាផ្កាដែលមានពណ៌លឿង ស ក្រហម គឺជាតំណាងឲ្យផ្កាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេស​កម្ពុជា ចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយរីកនៅពេលល្ងាច និងសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកំលាំងខ្យល់បក់។ ផ្ការំដួល មានដើមកម្ពស់ចាប់ពី ៣ ទៅ ១៥ ម. ហើយមានសំបកពណ៌ត្នោតរលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯផ្នែកខាងក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ – មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា ១-២ គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ ផ្ការំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ • សំបកជួយបំបាត់អាការៈក្តៅក្នុងខ្លួន • ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម • កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។ ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេសកម្ពុជាហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះដំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់។ អត្ថបទ៖ ពណ្ណរាយ ប្រភពៈ​ http://www.telldaily.com

Comments