ប្រវត្តិសង្ខេបលោកបណ្ឌិត កេង​ វ៉ាន់សាក់

S
ប្រវត្តិសង្ខេបលោកបណ្ឌិត កេង​ វ៉ាន់សាក់ ![ji-1-1024x573.jpg](https://serey.io/imageupload_data/6005213e101e6552848f9e78498e8191e61ca797) កំណើត៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ និងស្លាប់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត។ លោកបណ្ឌិត កើតនៅស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមា្តយឈ្មោះ ហម អ្នក ជាអ្នកខេត្តពោធិ៍សាត់ ជាប់​សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ។ ![nt.jpg](https://serey.io/imageupload_data/2abb6602998d7bef740c47965a66560ca5024684) ប្រវត្តិនយោបាយ៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានធ្វើសកម្មភាពផ្សេងៗក្នុងឆាកនយោបាយ និងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់​ដល់​ក្រុម​គ្រួសារ​ និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ ៣០ ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។ នៅអាយុ ៣៧ ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកៈមហា​វិទ្យាល័យ​ព្រះសីហនុរាជ។ លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជា គឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី ១​ ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។ ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និងភាពដែលអាចធ្វើទៅបានតាមការគួរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។ ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

Comments