កូនខ្មែរគួរតែដឹង!!! ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)

S
ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ជាស្តេចដែលសាងសង់ប្រាសាទអង្គរវត្តមុនគេបង្អស់ ![Untitled-1-125-678x381.jpg](https://serey.io/imageupload_data/d81ebeb94898d471ed196ca4e9e057fdd327ff79) ព្រះបាទសូយ៌្យវម៌្មទី២ រជ្ជកាល (គ.ស ១១១៣-១១៥០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីសូយ្យ៌វម៌្មទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែង អញស្រីសូរ្យពម៌ទេព)។ បច្ឆាមរណនាម វ្រះបាទបរមវិឝ្ណុលោក។ ព្រះអង្គសោយរាជ្យនៅទីក្រុងយឝោធបុរ និងបានកសាងប្រាសាទអង្គរវត្ត បូជនីយដ្ឋានសាសនាធំបំផុតលើលោកដែលព្រះអង្គសង់ឧទ្ទិសដល់បរមទេវៈវិស្ណុ ប្រាសាទភ្នំព្រះវិហារ និងស្ថាបនាបង្ហើយនូវសំណង់ប្រាសាទភ្នំជីសូយ៌្យ។ ស្ថាបត្យកម្មបូជនីយដ្ឋាន យុទ្ធនាការយោធាជាច្រើន និងការស្ដាររាជការឱ្យខ្លាំងឡើងវិញក្នុងរជ្ជកាលរបស់ទ្រង់បាននាំឱ្យពួកប្រវត្តិវិទូចាត់ទុកសូយ៌្យវម៌្មជាស្ដេចមួយអង្គក្នុងចំណោមស្ដេចដ៏អស្ចារ្យបំផុតនៃចក្រភពនេះ។ វ្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គ​ជាអនុវង្សមួយ​អង្គ​ក្នុង​រាជវង្សមហិធរបុរ។ ព្រះអង្គ​ត្រូវ​ជាព្រះនត្តាបិតុលា​របស់​វ្រះបាទជយវម៌្មទី៦។ បិតា​ព្រះអង្គ​ព្រះនាម​ ក្សត្រេន្ទ្រាទិត្យ ត្រូវ​ជា​ព្រះនត្តារបស់​ព្រះហិរណ្យវម៌្ម និង ​មហេសី​ផ្សេង​មួយ​ទៀត។ មាតា​ព្រះអង្គ​ព្រះនាម​ នរេន្ទ្រលក្ឝ្មី (បុត្រីនៃរាជបុត្រទី៣ នៃហិរណ្យវម៌្ម) ត្រូវជា​នត្តាក្សត្រី​របស់​ព្រះហិរណ្យវម៌្ម និង​ព្រះនាង​ហិរណ្យលក្ឝ្មី និង​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​វ្រះបាទ​ជយវម៌្ម​ទី​៦ វ្រះបាទ​យុវរាជ និង​វ្រះបាទ​ធរណីន្ទ្រវម៌្មទី១។ ដូច្នេះ​អយ្យកោ​ព្រះអង្គ​ខាងបិតា និង​អយ្យកា​ព្រះអង្គ​ខាង​មាតា​សុទ្ធ​សឹងតែ​ជា​កូន​របស់​ព្រះហិរណ្យវម៌្ម​ទាំងអស់។ សូយ៌្យវម៌្មលេចឡើងដោយធំធាត់ក្នុងទឹកដីខេត្ត នៅពេលអំណាចកណ្ដាលកំពុងចុះខ្សោយនៅក្នុងចក្រភពខ្មែរ។ ជាព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ ទ្រង់បានប្រើកលល្បិចដណ្ដើមអំណាច ដោយការប្រយុទ្ធតស៊ូរបស់ទ្រង់ ទ្រង់មានសិទ្ធិស្របច្បាប់ដើម្បីសោយរាជ្យ។ “នៅទីបញ្ចប់នៃការឈ្វេងយល់របស់ទ្រង់” ថ្លែងក្នុងសិលាចារឹកមួយផ្ទាំង “ទ្រង់បានជំរុញចិត្តដោយសារតែមានព្រះកិត្តិនាមនៃព្រះរាជវង្សរបស់ទ្រង់។” ទ្រង់បង្ហាញថាមានទំនាក់ទំនងជាមួយអភិមានិកខាងសត្រូវមកពីខាងខ្សែហឝ៌វម៌្មទី៣ ប្រហែលជាន្ឫបតីន្ទ្រវម៌្មទី២ ដែលមានឥទ្ធិពលនៅខាងត្បូង ក្រោយមកក៏បង្វែរទៅរកវ្រះបាទធរណីន្ទ្រវម៌្មទី១ដែលមានវ័យជរា និងមិនសូវមានឥទ្ធិពល ដែលជាអយ្យការបស់ទ្រង់។ “ដោយបន្សល់ទុកលើសមរភូមិនូវ មហាសាគរនៃកងទ័ពរបស់ទ្រង់ ទ្រង់បានបង្កើតឱ្យមានការប្រយុទ្ធយ៉ាងខ្លាំងក្លា” ថ្លែងក្នុងសិលាចារឹកមួយ។ “លោតឡើងលើក្បាលដំរីនៃរាជសត្រូវ ទ្រង់បានសំលាប់សត្រូវ ដូចជាគ្រុឌនៅជាយភ្នំអាចនឹងសំលាប់នាគរាជមួយក្បាល។” ពួកអ្នកប្រាជ្ញមិនបានយល់ស្របថាតើសំដីទាំងនោះសំដៅលើអភិមានិកភាគខាងត្បូង រឺ វ្រះបាទធរណីន្ទ្រវម៌្មទី១ឡើយ។ សូយ៌្យវម៌្មទី២ ក៏បានបញ្ជូនគណៈប្រតិភូទៅកានរាជវង្សចោឡៈនៃឥណ្ឌាខាងត្បូង និង ថ្វាយថ្មមានតំលៃទៅកាន់ចក្រវរ្តិនចោឡៈ កុលោត្តុង្គចោឡៈទី១ នៅគ.ស ១១១៤។ ក្រោយ​ដែល​វ្រះ​បាទធរណីន្ទ្រវម៌្មទី១ សោយ​ទិវង្គត​ហើយ ប្រទេស​កម្ពុជា​បែក​ជា ២ ដោយ​មាន​ព្រះ​រាជវង្ស ២ អង្គ ឬ ២ ពួកវិវាទ​ដណ្ដើម​រាជ​សម្បត្តិ​គ្នា តែ​មិន​ប្រាកដ​ព្រះ​នាម​ដូចម្ដេច។ គ្រា​នោះ ​ព្រះសូយ៌្យវម៌្មទី២ទ្រង់​នៅ​ក្នុង​បឋមវ័យ (កំលោះ) តែ​ជា​អ្នក​មាន​ព្រះ​ប្រីជា​ឆ្លាត​វាងវៃ ទ្រង់​យល់​ហេតុ​ផល​បាន​វែង​ឆ្ងាយ ទ្រង់​ព្រះ​ចិន្ដា​ថា បើ​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម​កើត​នៅ​ក្នុង​ព្រះ​នគរ​ដូច្នេះ​ទៅ មិន​យូរ​ប៉ុន្មាន​ទេ​មុខ​ជា​នឹង​មាន​ប្រទេស​ដទៃ ដែល​មាន​ឥទ្ធិពល​ដូច​យ៉ាង​ចាម្ប៍​ជាដើម លើក​ទ័ព​មក​សង្គ្រប​វាយ​ផ្ទួន​ទៀត​ជា​មិន​ខាន ដូច​ដែល​ធ្លាប់​ប្រាកដ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មុនៗ នេះ​មក​ហើយ។ សូយ៌្យវម៌្មត្រូវបានអភិសេកនៅឆ្នាំគ.ស ១១១៣។ ឫសីព្រាហ្មណ៍ព្រឹទ្ធិនាម ទិវាករបណ្ឌិតបានរៀបពិធី នេះគឺជាលើកទីបីដែលព្រាហ្មណ៍រូបនេះបានធ្វើរាជាភិសេកដល់ស្ដេច។ សិលាចារឹកជាច្រើនកត់ត្រាថាក្សត្រថ្មីបានរៀនសូត្រក្បួនពិសិដ្ឋជាច្រើន បានប្រារព្ធពិធីបុណ្យបែបសាសនានិងបានព្រះរាជទានដល់ព្រាហ្មណ៍នោះដូចជា គ្រែស្នែង ផ្លិត ម្កុដ អាសនៈមូល និងចិញ្ចៀនកែវកង។ ព្រាហ្មណ៍រូបនេះបានធ្វើដំណើរវែងឆ្ងាយទៅកាន់ប្រាសាទនានាក្នុងចក្រភពនេះ រួមមានកំពូលភ្នំព្រះវិហារ ដែលលោកបានថ្វាយជារូបចំលាក់ព្រះសិវៈរាំធ្វើពីមាស។[៣] រាជាភិសេកផ្លូវការរបស់ព្រះមហាក្សត្របានប្រារព្ធធ្វើឡើងនៅឆ្នាំ គ.ស ១១១៩ ដែលមានទិវាករបណ្ឌិតបានប្រារព្ធពិធីតាមក្បួនម្ដងទៀត។ ប្រភព៖ វីគីភីឌា ![Picture126.jpg](https://serey.io/imageupload_data/dca7cbd04fa3de68cede4b1b8a125b6a24ba756e) ![Picture128.jpg](https://serey.io/imageupload_data/9b17248d78b7d15e0f1720f12a4e46f8b0bc97d5) ![Picture129.jpg](https://serey.io/imageupload_data/af76ec58390eaf45a4efa92b55b6b830f1e750b3) ![Picture130.jpg](https://serey.io/imageupload_data/f1ccf53fd91d00a0e32f680537580dc972a61ed5)

Comments