ផ្លែស្ដ្រប៊ើរីពណ៌សដ៏កម្រ មួយផ្លែតម្លៃដល់ទៅ ១០ ដុល្លារ

S
ក្រុងតូក្យូ: មនុស្ស​ភាគច្រើន​មិនដែលធ្លាប់បាន​ឃើញ និង​ភ្លក្ស​រសជាតិ​ស្ដ្រប៊ើរី​ពណ៌ស​នោះទ្បើយ។ ប្រទេស​នៅ​តំបន់​អាស៊ី​​សម្បូរ​ផ្លែ​ស្ដ្រប៊ើរី​សម្បុរ​សប្លែកៗ​ជាច្រើន ស្ថិត​ក្នុង​ចំណោម White Jewel ឬ​ស្ដ្រប៊ើរី ស៊ីរ៉ូអ៊ិហូសេគិ ស្ថិត​ក្នុង​ប្រភេទ​កម្រ និង​ថ្លៃ​បំផុត។ ផ្លែ​ស្ដ្រប៊ើរី (White Jewels) ត្រូវ​បាន​បង្កាត់​ឡើង​តាំងពី ៤ ឆ្នាំ​មុន ដោយ​លោក យ៉ាស៊ូហ៊ីតុ តេស៊ីម៉ា ហើយ​កសិដ្ឋាន​របស់​លោក​ស្ថិត​នៅ​ក្នុង​ខេត្ដ​សាហ្គា ប្រទេស​ជប៉ុន នៅតែ​ជាកសិដ្ឋាន​តែមួយ​គត់​ក្នុង​លោក​ដែល​ផលិត​ផ្លែ​ឈើ​កម្រ​នេះ។ លោក តេស៊ីម៉ា បាន​អះអាង​ថា លោក​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​បង្កាត់​ពូជ​ស្ដ្រប៊ើរី​ប្លែកៗ​ឆ្លង​ពូជ​ដើម្បី​រំលេច​ឲ្យ​ចេញ​នូវ​ពណ៌​សម្បុរ​គួរ​ទាក់ទាញ។ អាថ៌កំបាំង​មួយ​ក្នុង​ការដាំ​ស្ដ្រប៊ើរី គឺ​កាត់បន្ថយ​ការប៉ះ​ត្រូវ​នឹង​កម្ដៅ​ថ្ងៃ ដែល​បន្ថយ​កម្រិត​ជាតិ​ពណ៌​ធម្មជាតិ​លើ​ផ្លែឈើ និង​បន្លែ។ ប៉ុន្ដែ​ផ្លែ​ស្ដ្រប៊ើរី​របស់​លោក​តែ ១០ ភាគរយ​ដែល​ប្រែជា​ពណ៌ស និង​មានតែ​ពីរ ឬបី​ផ្លែ​ដែល​ចេញ​ពណ៌​សក្បុស​ល្អ​ឥតខ្ចោះ ខណៈ​ផ្លែ​ដទៃ​នៅ​តែមាន​ពណ៌​ក្រហម ឬ​ផ្កាឈូក​ស្លេក។ ស្ដ្រ​ប៊ើរី​ពណ៌ស​ដ៏ស្រស់​ស្អាត ត្រូវបាន​ដាក់​លក់​ក្នុង​តម្លៃ ១០ ដុល្លារ​ក្នុង​មួយ​គ្រាប់ ឬមួយ​កញ្ចប់​តូច ៤០ ដុល្លារ។ លោក​តេស៊ីម៉ា បាន​ប្រាប់ Great Big Storyថា៖ «វា​មាន​រសជាតិ​មុត​បន្ដិច ទោះ​វាគ្មាន​អ្វី​ប្លែក​ក៏ដោយ ក៏វា​ធ្វើឲ្យ​អ្នក​ទទួល​ទាន​មាន​អារម្មណ៍​ប្លែក​តែ​ចុងក្រោយ​អ្នកនឹង​បាន​ដឹង ហើយ​វា​ពិតជា​ឆ្ងាញ់​ណាស់»។ លោក ចន ដោប ជា​ជនបរទេស​រស់នៅ​ប្រទេស​ជប៉ុន​មាន​ឱកាស​បាន​ភ្លក្ស​រសជាតិ​ស្ដ្រប៊ើរី ស ខណៈ​ទស្សនកិច្ច​កសិដ្ឋាន​លោក​តេស៊ីម៉ា​និង​បាន​សរសេរ​ថា៖ «ស្ដ្រប៊ើរី​ស៊ីរ៉ូ​អ៊ិហូសេ​គិមាន​រសជាតិ​ផ្អែម។ សម្បក​របស់​វាទ​ន់។ ខាំ​មួយ​ម៉ាត់​ដំបូង​បែក​ហៀរ​ទឹក​ឈ្ងុយ​ស្រដៀង​នឹង​ផ្លែ​ម្នាស់ តែ​ក៏បាត់​ទៅ​វិញ​នៅ​ប៉ុន្មាន​វិនាទី​ក្រោយ។ វាផ្អែម​មិន​ចាញ់​ស្ករ​គ្រាប់​នោះ​ទេ។ តែមិន​ដល់​ថ្នាក់​ស្អិត​បំពង់ក​ឡើយ។ ខុសពី​ស្ករ​គ្រាប់ ជាតិ​ស្ករ​ធម្មជាតិ​មិន​ស្ថិត​នៅ​ក្នុង​មាត់​ទេ ដោយ​វានឹង​រលាយ​ក្នុង​មាត់​ភ្លាម»។ លោក​ដោប បាន​បន្ថែម​ថា​ផ្លែឈើ​វប្បធម៌​ដ៏កម្រ និង​ថ្លៃ​បំផុត​របស់​ជប៉ុន ដូចជា​ស្ដ្រប៊ើរី​នេះ​ត្រូវបាន​ទិញ​សម្រាប់​ជាជំនូន​កាដូ​ជាជាង​បង្អែម។ យ៉ាងណា ស្ដ្រប៊ើរី ស នេះ​នៅ​ថោក​ជាង​ស្ដ្រ​ប៊ើរី កូកូតា ជា​ពូជ​ស្ដ្រប៊ើរី​យក្ស​ក្រហម​ដ៏កម្រ​ដែល​មាន​ជាតិ​ជូរ និង​ផ្អែម​មុត ១ ផ្លែ​តម្លៃ ២២ ដុល្លារ៕ ![2-18.jpg](https://serey.io/imageupload_data/82390ce0f9e48d18aebf7d23645099cf59c56751) ![Untitled-1-30.jpg](https://serey.io/imageupload_data/40874aaa16649b6b2fdce7e22a3ebd77de7751d7) ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Comments