សម្រាលកូនដោយធម្មតានិងវះកាត់ មានគុណសម្បត្តិនិងវិបត្តិ

ការមានផ្ទៃពោះគឺជាភាពរីករាយដ៏ធំបំផុតសម្រាប់គ្រួសារនីមួយៗ ជាពិសេសករណីកូនដំបូងតែម្តង ដោយសារតែពួកគេនឹងបង្កើតបានជាគ្រួសារដ៏តូចមួយក្នុងសង្គមនឹងគេហើយ។ ប៉ុន្តែក្រោយពីភាពរីករាយនឹងកើតឡើងរយៈពេល ៩ខែ ១០ថ្ងៃរួចមក អ្វីដែលជារឿងខ្វល់ខ្វាយនោះគឺការសម្រាលកូន ព្រោះវាអាចជារឿងពិបាកមួយសម្រាប់ស្ត្រីគ្រប់គ្នា ជាពិសេសពេលកូនដំបូងតែម្តង។
ដូច្នេះតើអ្នកគួរតែជ្រើសរើសសម្រាលកូនតាមធម្មជាតិ ឬដោយវះកាត់? ដើម្បីយល់ដឹងអំពីការសម្រាលកូនទាំងពីរនេះកាន់តែច្បាស់ ចូរតាមដាននូវគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រាលកូនទាំងពីរប្រភេទនេះទាំងអស់គ្នា។
គុណសម្បត្តិនៃការសម្រាលកូនដោយធម្មជាតិ
នេះជាមធ្យោបាយធម្មជាតិមួយដែលស្ត្រីសម្រាលកូន។ រាងកាយស្ត្រីគឺជាសរីរាង្គមួយដែលធម្មជាតិបានតាក់តែងសម្រាប់ការសម្រាលកូនតាមធម្មជាតិបើសិនជាគ្មានការអន្ត្រាគមន៍ពីការងារវេជ្ជសាស្ត្រទេ។ ការសម្រាលកូនអាចាប់ផ្តើមជាមួយនឹងការបើកមាត់ស្បូន ហើយបញ្ចប់វិញនៅពេលកូនសម្រាលចេញមកក្រៅរួច។
ស្ត្រីនឹងមានអារម្មណ៍ថាខ្លួនជោគជ័យ និងរីករាយខ្លាំងក្រោយពីខ្លួនសម្រាលកូនតាមធម្មជាតិរួច។ រឿងនេះនឹងធ្វើឲ្យស្ត្រីមានភាពសកម្មដើម្បីសម្រាលកូន ដោយពួកគេត្រូវខំប្រឹងដើម្បីឲ្យកូនកើតចេញពីក្នុងពោះបាន។
ក្រោយពីសម្រាលកូនតាមធម្មជាតិរួច ក៏មិនត្រូវគេងក្នុងពេទ្យយូរដែរ (២៤ ទៅ៤៨ម៉ោងប៉ុណ្ណោះក្រោយសម្រាលរួច)
កាលណាសម្រាលតាមធម្មជាតិគឺឆាប់ជាសះស្បើយពីរបួស ហើយក៏មិនសូវមានការឈឺចាប់ច្រើនក្រោយសម្រាលរួចដែរ។
ទារកមិនសូវមានបញ្ហាផ្លូវដង្ហើមដែឬដូចជា ពិបាកដកដង្ហើមដោយសារតែទឹកក្នុងសួត។ ជំងឺនេះមិនធ្ងន់ធ្ងរទេ ហើយវានឹងស្រួលបួលវិញក្រោយពីព្យាបាលបាន ២ ទៅ៣ថ្ងៃ។ វាច្រើនតែកើតមានជាញឹកញាប់លើទារកកើតមិនគ្រប់ខែ និងកើតគ្រប់ខែតែតាមរយៈសម្រាលដោយវះកាត់។
ការសម្រាលតាមធម្មជាតិអាចបន្ថយបញ្ហាទារកពិបាកដកដង្ហើមដោយសារតែទឹកក្នុងសួត។ ជាមួយគ្នានេះដែរ ការសម្រាលតាមរបៀបធម្មជាតិនឹងធ្វើឲ្យបញ្ចេញអ័រម៉ូន Epinephrine ដើម្បីរំលាយជាតិទឹកចេញពីក្នុងសួតទៀតផង។
ទារកដែលកើតតាមធម្មជាតិក៏ថយចុះការប្រឈមនឹងជំងឺលើសសម្ពាធឈាមក្នុងសួតជាប់រហូទដែរ (Persistent Pulmonary Hypertension)។
ទារកដែលកើតតាមធម្មជាតិមិនសូវជាកើតជំងឺហឺត អាឡែហ្ស៊ីនឹងអាហារ និងមានបញ្ហាជាមួយនឹងសារធាតុឡាក់តូសនៅថ្ងៃក្រោយ ឬធំឡើងទេ។ នេះដោយសារតែរាងកាយពួកគេបានប៉ះពាល់នឹងបាក់តេរីល្អៗក្នុងផ្លូវសម្រាលតាមធម្មជាតិ។
នៅពេលមានផ្ទៃពោះលើកក្រោយទៀត ការសម្រាលអាចនឹងប្រើពេលលឿនជាង និងខ្លីជាង
ស្ត្រីដែលសម្រាលកូនតាមធម្មជាតិអាចបំបៅដោះកូនបានភ្លាមៗ និងមានប្រសិទ្ធភាពជាងស្ត្រីដែលសម្រាលតាមការវះកាត់។
ក្រោយពីសម្រាលកូនដោយធម្មជាតិរួច វាអាចធ្វើឲ្យស្ត្រីងាយនឹងមានទំនាក់ទំនងជាមួយកូនដោយសារតែអាចប៉ះពាល់គេបានភ្លាមៗតែម្តង។
អ្នកនឹងថយចុះនូវការប្រឈមការធ្លាក់ឈាម មានកំណកឈាម និងខូចខាតដល់សរីរាង្គក្នុងពោះ។
គុណវិបត្តិនៃការសម្រាលកូនដោយធម្មជាតិ
ស្ត្រីអាចនឹងខ្លាចនូវការសម្រាលកូន រហូតដល់មានការថប់អារម្មណ៍ ឬប៉ះទង្គិចផ្លូវចិត្តលើស្ត្រីមួយចំនួនដែរ។
ថ្វីបើការសម្រាលកូនដោយធម្មជាតិភាគច្រើនមិនមានផលវិបាក តែផលវិបាកមិនបាននឹកឃើញជាមុនអាចកើតឡើងក្នុងពេលសម្រាលដែរ ដូចជាធ្លាក់ឈាមក្រោយសម្រាលកូនរួចជាដើម។
អ្នកអាចប្រឈមនឹងការរហែកទ្វារមាសដោយសារសម្រាលតាមធម្មជាតិ ហើយក៏ត្រូវការពេលយូរទើបជាវិញដែរ។
ទារកត្រូវប្រឈមនឹងការកង្វះអុកស៊ីសែនបើសិនជាមានបញ្ហាសុករុំក ឬបញ្ហាផ្សេងៗទៀតក្នុងពេលសម្រាល។
ទារកអាចនឹងមានការប៉ះទង្គិចលើរាងកាយខណៈពេលកំពុងតែប្រឹងសម្រាលដូចជា ជាំស្បែក ហើមស្បែក និងអ្វីដែលកម្រនោះគឺបាក់ឆ្អឹងតែម្តង។ ការប្រឈមនឹងការប៉ះទង្គិចរាងកាយនឹងកើនឡើងនៅពេលឆ្មបប្រើឧបករណ៍ជំនួយដូចជា ការបូមជាដើម។
ការសម្រាលតាមធម្មជាតិអាចនឹងប្រឈមកាន់តែខ្ពស់នឹងការស្រុតស្បូនក្រោយសម្រាលរួច។
អ្វីដែលជាករណីកម្របំផុតនោះគឺថា មានការធ្លាក់ស្បូនទាំងមូលចេញមកខាងក្រៅក្រោយពីសម្រាលរួច ដែលរឿងនេះជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ។ បើសិនជាមិនមានការព្យាបាលទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យធ្លាក់ឈាមធ្ងន់ធ្ងរ រហូតដល់ស្លាប់ផង។
Epidural anesthesia
បើសិនជាអ្នកធ្លាប់រហែកទ្វារមាស អ្នកប្រហែលជាមានការឈឺចាប់ក្រោយពីរួមភេទរួចក្នុងរយៈពេលបីខែដំបូងក្រោយពីសម្រាលកូនរួច។
ពេលខ្លះអ្នកអាចមានរបួសទៅលើឆ្អឹងកញ្ចូញគូថក្នុងពេលសម្រាលដែរ។ ថ្វីបើរឿងនេះមិនសូវកើតជាញឹកញាប់មែន តែអ្នកទំនងជាអាចមានអាការៈជាំស្បែក ថ្លោះឆ្អឹង ឬបាក់ឆ្អឹងកញ្ចូញគូថដែរ។
ស្ត្រីដែលសម្រាលកូនដោយធម្មជាតិមានអត្រានៃការលេចនោមដោយមិនដឹងខ្លួនខ្ពស់ជាងស្ត្រីសម្រាលដោយវះកាត់។
គុណសម្បត្តិនៃការសម្រាលកូនដោយវះកាត់ ដោយមានការគ្រោងទុក្ខជាមុន
ការសម្រាលកូនដោយវះកាត់ដោយមានការគ្រោងទុក្ខជាមុនប្រហែលជាផ្តល់ភាពកាន់តែងាយស្រួលសម្រាប់ស្ត្រី ព្រោះអ្នកអាចកំណត់ថ្ងៃសម្រាលដោយខ្លួនឯងជាមុន ហើយស្ត្រីក៏ប្រហែលជាមិនសូវស្ត្រេសច្រើនអំពីការសម្រាលដែរ។
ស្ត្រីប្រហែលជាមានការគ្រប់គ្រងស្ថានភាពបានល្អជាងដោយសារតែដឹងថា ពេលណាកូនគេនឹងត្រូវសម្រាល ហើយអាចរៀបចំគម្រោងសម្រាប់ឈប់ពីការងារបានទៀតផង។
អ្នកអាចចៀសវាងការសម្រាលកូនចាស់ខែបានជាមួយនឹងការរៀបចំគម្រោងសម្រាលដោយវះកាត់។ ភាគច្រើនការសម្រាលដោយវះកាត់ច្រើនធ្វើនៅចន្លោះសប្តាហ៍ទី ៣៩ ទៅ៤០។
បើយើងប្រៀបធៀបការសម្រាលកូនដោយធម្មជាតិ និងសម្រាលដោយវះកាត់ដោយគ្មានគម្រោងជាមុន ការសម្រាលដោយមានការគ្រោងទុកមានការប្រឈមកាន់តែតិចនឹងការធ្លាក់ឈាមក្រោយសម្រាលរួច។
បើយើងប្រៀបធៀបនឹងការសម្រាលកូនដោយវះកាត់បន្ទាន់ ការសម្រាលកូនដោយមានការគ្រោងទុកជាមុនគឺបន្ថយការប្រឈមនឹងផលវិបាកបានតិចតួចជាង ជាពិសេសការបង្ករោគ ការមានរបួសដោយចៃដន្យទៅលើសរីរាង្គក្នុងពោះ ការរហែកសាច់ឬស្បែកកូន និងបញ្ហាទាក់ទងនឹងថ្នាំសណ្តំ។
បើសិនជាអ្នកមានជំងឺកាមរោក ឬការបង្ករោគ (ជំងឺប៉េស ជំងឺអេដស៍ រលាកថ្លើម) ការប្រឈមនឹងចម្លងទៅកូនតាមរយៈការសម្រាលដោយវះកាត់ក៏ថយចុះខ្លាំងផងដែរ។
ការសម្រាលកូនដោយវះកាត់បន្ថយការប្រឈមនឹងការប៉ះទង្គិចដល់ទារកដូចជា ការហើម ឬជាំស្បែកជាដើម។
អ្នកប្រហែលជាបន្ថយការមានរបួសនៅកម្រាលអាងត្រគាកដែរ។ ស្ត្រីដែលសម្រាលកូនដោយវះកាត់មានការគ្រោងទុកជាមុនមិនសូវមានបញ្ហានោមដោយមិនដឹងខ្លួនឡើងក្រោយពីសម្រាលរួច។
គុណវិបត្តិនៃការសម្រាលកូនដោយវះកាត់ ដោយមានការគ្រោងទុកជាមុន
ការសម្រាលដោយវះកាត់គឺជាការវះកាត់ពោះដ៏ធំមួយ ដែលមានការប្រឈមមុខ និងផលវិបាកច្រើនពីការប្រើថ្នាំស្ពឹក។ ផលរំខាននៃការប្រើថ្នាំស្ពឹកអាចបណ្តាលឲ្យឈឺក្បាល ចង្អោ និងក្អួតជាដើម។ ថ្នាំស្ពឹកក៏អាចប៉ះពាល់ដល់ទារក ដែលធ្វើឲ្យគេមានភាពស្ពឹកស្រពុន ឬមិនមានភាពសកម្មពេលកើត។
ស្ត្រីដែលសម្រាលកូនដោយវះកាត់មានការគ្រោងទុកជាមុនត្រូវការសម្រាលក្នុងពេទ្យយូរជាង និងប្រើពេលជាសះស្បើយយូរជាងស្ត្រីសម្រាលដោយធម្មជាតិ។
ការសម្រាលកូនដោយវះកាត់មានការគ្រោងទុកចាមុនប្រឈមនឹងការដែលត្រូវសម្រាលកូនដោយមិនមានកាលបរិច្ឆេទត្រឹមត្រូវ។
ផលវិបាកនៃការសម្រាលដោយវះកាត់មានដូចជា រហែក ឬដាច់ដោចពោះវៀន ឬប្លោកនោមដោយចៃដន្យ។
អ្នកអាចនឹងបាត់បង់ឈាមកាន់តែច្រើនក្នុងពេលសម្រាលកូនដោយវះកាត់ជាងសម្រាលដោយធម្មជាតិ។ ពីរទៅបីភាគរយនៃស្ត្រីដែលសម្រាលដោយវះកាត់ត្រូវការចាក់បញ្ចូលឈាម។ ក្នុងពេលសម្រាលកូនដោយវះកាត់ម្តងៗ អាចនឹងបាត់បង់ឈាមយ៉ាងហោចណាស់មួយលីត្រដែរ។
ក្រោយពីសម្រាលរួច ពោះវៀនអាចនឹងថយចុះមុខងាររបស់វាបន្តិច។
ទារកដែលកើតដោយការវះកាត់អាចនឹងមានបញ្ហាលើផ្លូវដង្ហើមច្រើនជាពិសេសពិបាកដកដង្ហើមដោយសារតែទឹកនៅក្នុងសួត និងជំងឺ Respiratory Distress Syndrome។
ការស្រាវជ្រាវមួយចំនួនបានបញ្ជាក់ថា ភាពចម្លែកនៃការស្លាប់របស់ទារក (ទារកស្លាប់ក្នុងរយៈពេល ២៨ថ្ងៃដំបូងនៃជីវិត) គឺមានខ្ពស់ចំពោះករណីសម្រាលដោយវះកាត់ជាងទារកដែលសម្រាលដោយធម្មជាតិ។
បើសិនជាអ្នកមានគម្រោងចង់បានកូនច្រើន អ្នកប្រហែលជាត្រូវគិតម្តងទៀតហើយអំពីការសម្រាលដោយវះកាត់។ ក្រោយពីសម្រាលកូនចាប់ពីម្តងឡើងទៅ ការមានផ្ទៃពោះលើកក្រោយអាចប្រឈមខ្ពស់នឹងបញ្ហាសុកមិនធ្លាក់ និងសុកបាំងមាត់ស្បូន។
ការដែលធ្លាប់សម្រាលកូនដោយវះកាត់ពីមុនគឺប្រឈមខ្ពស់នឹងការរហែកស្បូន។
ការបំបៅដោះកូនទំនងជាពិបាកជាងការសម្រាលដោយធម្មជាតិ។ ស្ត្រីនឹងមិនមានផាសុកភាពឡើយក្រោយពីវះកាត់រួច ហើយពួកគេក៏មិនបានប៉ះពាល់នឹងកូនបានភ្លាមៗដែរ។
ជាម្តងម្កាល កូនអាចនឹងរងរបួសដោយសារតែគ្រូពេទ្យប្រើកាំបិតកាត់ក្នុងពេលវះយកចេញ។ ភាគច្រើន រឿងនេះជាករណីតិចតួចបំផុតប៉ុណ្ណោះ។
ទារកដែលសម្រាលដោយវះកាត់ប្រឈមខ្ពស់នឹងការលើសសម្ពាធឈាមនៅសួតជាប់រហូត។
ទារកប្រឈមនឹងពិន្ទុវាយតម្លៃសុខភាពទាបក្រោយពីសម្រាលរួច។
ការសម្រាលកូនដោយវះកាត់មានតម្លៃថ្លៃជាងសម្រាលធម្មជាតិ។
អាចមានជំងឺគាំងបេះដូង
មានកំណកឈាមនៅកន្លែងដែលវះ
មានការបង្ករោគនៅលើស្រទាប់អង់ដូម៉ែត្ររបស់ស្បូនដោយសារពពួកបាក់តេរី
មានកំណកឈាមក្នុងសរសៃឈាមវ៉ែន
អាចធ្លាក់ឈាមខ្លាំងរហូតដល់ត្រូវការកាត់ស្បូនទាំងមូលចោល
របួសបើកមុខ
មានអារម្មណ៍ស្ពឹកៗ ឬឈឺត្រង់កន្លែងវះ
មានការបង្ករោគក្រោយសម្រាលកូនរួច៕


Source Frome: http://reakreay.com

