រឿងពិតដ៏រន្ធត់ទាំង១០របស់របស់អធិរាជស្តេចស្រីដំបូងគេបង្អស់របស់ប្រទេសចិនមើលហើយព្រឺរោម

S
![reakreay.com-rerng-pit-sdach-srey-chin-Untitled-1-696x367.jpg](https://serey.io/imageupload_data/3f1be79325fb6cc86aa3cd04c39c3dadaa20a782) មនុស្សស្រីធ្លាប់ត្រូវបានគេជិះជាន់ និងបំបិទសិទ្ធសេរីអស់រយៈពេលជាយូរមកហើយតាំងពីសម័យបុរាណ។ ទោះជាយ៉ាងនេះក្តី មនុស្សស្រីពូកែៗក៏មានច្រើនណាស់ដែរតាំងពីសម័យមុន រហូតដល់បច្ចុប្បន្ន ថែមទាំងអាចធ្វើជាអ្នកដឹកនាំ រដ្ឋមន្ត្រី និងអាចឡើងធ្វើជាស្តេចផែនដីផងដែរ។ ក្នុងចំណោមអ្នកដឹកនាំទាំងអស់ក្នុងប្រទេស អធិរាជស្តេចស្រីតែមួយគត់ និងដំបូងគេក្នុងប្រទេសចិន គឺជាបុគ្គលដែលគួរឱ្យចាប់អារម្មណ៍មួយរូប រហូតដល់បណ្តាប្រទេសដែលសម្បូរទៅដោយជនជនជាតិចិន បានលើកយកមកផលិតជាខ្សែភាពយន្តខ្នាតធំ និងរឿងភាគក្នុងទូរទស្សន៍ជាដើម នោះគឺ អធិរាជស្តេចស្រី «អ៊ូ ចឺធៀន ឬ អ៊ូម៉ីនាង » ដែលគ្រប់គ្នាដាក់រហ័ស្សនាមថា ជាមនុស្សស្រីស្អាត ឆ្លាត ពូកែ គ្មានមេត្តា និងពិសពុលបំផុតប្រចាំប្រទេសចិន។ ទោះជាយ៉ាងណាក្តី រឿងរ៉ាវជីវិតពិតនាងថ្វីត្បិតតែបានថតឱ្យទស្សនិកជន និងប្រជាជនចិនទស្សនាក៏ពិតមែន តែក៏ត្រូវបានគេកែសាច់រឿងឱ្យនាងមានចំណុច និងលក្ខណៈល្អច្រើន ដោយសារតែវាទាក់ទងនឹងប្រវត្តិសាស្រ្តចិនដែលគេមិនចង់ឱ្យគ្រប់គ្នាដឹង។ ដូច្នេះថ្ងៃនេះ យើងនឹងបើកកកាយពីរឿងពិតទាំង ១០យ៉ាង របស់អធិរាជស្តេចស្រី ដែលបានចារជាប្រវត្តិសាស្រ្ត តែខុសពីសាច់រឿងក្នុងរឿងភាគមួយចំនួនដែលអ្នកនឹកស្មានមិនដល់៖ ១០. ជាមនុស្សជំនិត(លេខា)របស់អធិរាជស្តេច ថៃចុង(Taizon) – ឪពុករបស់ អ៊ូ ចឺធៀន គឺជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាអ្នកចេះដឹងម្នាក់នៅក្នុងសម័យនោះ ដែលជាហេតុបណ្តាលឱ្យគាត់បានបណ្តុះបណ្តាល បង្រៀនអក្សរសាស្រ្ត ព្រមទាំងចំណេះវិជ្ជាជាច្រើនដល់នាង ដែលនៅក្នុងសម័យនោះគ្មានមនុស្សស្រីណាធ្វើបានដូចនាងឡើយ។ – នៅពេលដែលនាងអាយុ១៤ឆ្នាំ ដោយសារតែពេញចិត្តភាពឆ្លាតវៃ និងទេពកោសល្យរបស់ អ៊ូ ចឺធៀន ស្តេច ថៃចុង បានដាក់ងារឱ្យនាងមានឈ្មោះថា អ៊ូ ម៉ីនាង ប្រែថា ស្រស់ស្អាត ឬមានមន្តស្នេហ៍។ – បើទោះបីជានាងបានចូលរាជវាំងធ្វើជាស្នំស្តេចយ៉ាងណាក៏ដោយ ដោយសារតែភាពឆ្លាតវៃ និងចង់ចេះចង់ដឹងរបស់នាង នាងបានប្រឹងប្រែងសិក្សាមុខវិជ្ជាជាច្រើន រហូតដល់ស្តេចពេញចិត្តលើកនាងជាលេខា និងជំនិតរបស់ទ្រង់ទៀតផង។ – ក្រោយពីសិក្សា និងបានរៀនសូត្រតាម ស្តេច ថៃចុងអស់រយៈពេល ១០ឆ្នាំ ពេលដែលនាងបានឡើងគ្រងរាជ្យ នាងបានយករបៀបគ្រប់គ្រងប្រទេសតាមស្តេចថៃចុងទៀតផង។ ជាមនុស្សជំនិត(លេខា)របស់អធិរាជស្តេច ថៃចុង ៩. មានស្នេហានឹងបុត្រាស្តេចថៃចុង ដើម្បីត្រលប់មករាជវាំងវិញ – នៅក្នុងឆ្នាំ ៦៤៩ អធិរាជថៃចុងបានចូលទិង្គត ហើយតាមច្បាប់ព្រះនគរ មិនថាស្នំ អ្នកម្នាង ឬព្រះមហេសីស្តេចទេ ត្រូវតែកោរសក់បួសកាន់ទុក្ខឱ្យអធិរាជអស់មួយជីវិត។ – ដោយសារតែ មិនចង់រស់នៅបួសជាដូនជីអស់មួយជីវិត អ៊ូ ម៉ីនាងបានឆ្លៀតឱកាសលបលួចឱ្យខ្សែភ្នែក និងបញ្ចុះបញ្ចូលស្តេច លីជី(កៅចុង) បុត្រាបង្កើតរបស់ស្តេច ថៃចុង ហើយបានលបលួចស្នេហាគ្នា រហូតដល់ អ៊ូ ម៉ីនាង មានព្រះគភ៌។ – ស្តេចកៅចុង មានបំណងចង់យកនាងមករាជរាំងវិញ និងបានលួងលោមមហេសីរបស់ខ្លួន។ ដោយមហេសី វ៉ាង ជាមនុស្សស្រីស្មោះត្រង់ មានព្រះទ័យមេត្តា និងស្រលាញ់ស្វាមី ទាស់តែទ្រង់មិនអាចមានបុត្របាន ដូច្នេះពេលឮថា ម៉ីនាង មានផ្ទៃពោះ ព្រះមហេសីត្រេកអរណាស់បានជួយបំប៉ន និងថែទាំ អ៊ូ ម៉ីនាង យ៉ាងល្អ ព្រមទាំងឱ្យឈប់កោរសក់ និងទុកសក់ឱ្យវែងសិនទម្រាំដល់ពេលសមល្មមចូលរាជវាំងវិញ រួចទទួលងារជាស្នំឯក (ជំនាន់ទី២ ឪពុកផង កូនផង)។ – បើទោះបីជាមានការជំទាស់ពីបណ្តាមន្ត្រីយ៉ាងណាក៏ដោយក៏ អ៊ូ ម៉ីនាង នៅតែអាចឈានជើងមកកាន់រាជវាំងម្តងទៀត ដោយមានឋានៈខ្ពស់ជាងមុនទៅទៀត។ មានស្នេហានឹងបុត្រាស្តេចថៃចុង ដើម្បីត្រលប់មករាជវាំងវិញ ៨. សម្លាប់កូនស្រីខ្លួនឯងដើម្បីអំណាច – បន្ទាប់ពីផ្តល់កំណើតឱ្យកូនប្រុសទាំង២ គឺ លី ហុង(ឆ្នាំ ៦៥២) និង លី ជៀន (៦៥៣) អ៊ូ ម៉ីនាង បានបង្កើតកូនស្រីម្នាក់ទៀតនៅក្នុងឆ្នាំ ៦៥៤ តែកូនស្រីនោះត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងអង្រឹង។ – អ៊ូ ម៉ីនាង បានចោទប្រកាន់លើព្រះមហេសី និងគ្រួសាររបស់ព្រះមេហេសី វ៉ាង រួមទាំងស្នំឯក ស៊ៀវ ដែលធ្លាប់បានធ្វើបាប អ៊ូ ម៉ីនាង ថាបានរួមគំនិត និងរៀបឧបាយកលសម្លាប់កូនស្រីរបស់នាង។ ទីបំផុត ព្រះមហេសីវ៉ាង និងស្នំឯក ស៊ៀវ ត្រូវបានគេចាប់ដាក់គុក និងទទួលទោសប្រហារជីវិតដ៏សាហាវឃោរឃៅបំផុត ដោយកាត់ដៃកាត់ជើង ហើយយកត្រាំស្រារហូតដល់ស្លាប់។ – បើទោះបីជា ការស្លាប់របស់កូននាង នៅមិនទាន់មានអ្នកណាហ៊ានសន្និដ្ឋានបានច្បាស់ថា ដោយសារតែមូលហេតុអ្វីក៏ដោយ តែមនុស្សជាច្រើនបានដាក់ការសង្ស័យ និងជឿជាក់ថា នេះជាល្បិចកលរបស់ អ៊ូ ម៉ីនាង កម្ចាត់មហេសី និងស្នំឯកដែលទើសមុខចេញដើម្បីដណ្តើមអំណាច។ មិនខុសពីអ្វីដែល អ៊ូ ម៉ីនាងចង់បាន ក្រោយពីមហេសីវ៉ាងស្លាប់ នាងបានឡើងឋានៈជាព្រះមហេសីយ៉ាងពេញសិទ្ធ។ សម្លាប់កូនស្រីខ្លួនឯងដើម្បីអំណាច ៧. សម្លាប់អ្នកដែលប្រឆាំង និងរារាំងផ្លូវនាង – តាំងពីបានឡើងឋានៈជាព្រះមហេសី អ៊ូ ម៉ីនាង លែងជាស្ត្រីទន់ភ្លន់ទៀតហើយ តែនាងបានក្លាយជាមនុស្សស្រីដែលតឹងរ៉ឹង ចិត្តដាច់ និងកាចសាហាវឃោរឃៅ បំផុត សូម្បីតែស្តេច កៅចុង ក៏ខ្លាចញញើតនាងដែរ។ – អ៊ូ ម៉ីនាង បានចាប់ផ្តើមធ្វើការបោសម្អាត និងកម្ចាត់ជន ឬមន្ត្រីណាដែលប្រឆាំង រារាំងផ្លូវរបស់នាង។ ជាពិសេសនាងក៏បានទិញទឹកចិត្ត និងមានអ្នកស៊ើបការណ៍សម្ងាត់ជាច្រើននាក់ផងដែរ ដើម្បីបម្រើការងារ និងអំណាចរបស់នាង។ – នៅក្នុងពេលដែលអំណាចរបស់នាងកាន់តែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ស្តេចកៅចុងបានចាប់ផ្តើមភ័យខ្លួន និងខ្លាចអ៊ូម៉ីនាងដណ្តើមអំណាចទាំងអស់ ក៏បានរិះរកវិធីជាមួយនឹងមន្ត្រីដែលស្មោះត្រង់ពីរូបគឺ Zhongshu Sheng និង Shangguan Yi ដើម្បីជួយទ្រង់ ប៉ុន្តែអ៊ូ ម៉ីនាងដឹងទាន់ ក៏បានសម្លាប់មន្ត្រីទាំងនោះចោលអស់។ សម្លាប់អ្នកដែលប្រឆាំង និងរារាំងផ្លូវនាង ៦. ទម្លាក់បុត្រខ្លួនឯងចេញពីស្តេចផែនដី – ក្រោយពីស្តេចកៅចុងចូលទិវង្គតនៅក្នុងឆ្នាំ ៦៨៣ អ៊ូ ម៉ីនាង បានប្រគល់រាជ្យសម្បត្តិឱ្យបុត្រាច្បងគឺ លីហុង ដែលមាននាមជាអធិរាជ Zhongzong ។ តែអធិរាជរូបនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រពន្ធខ្លួនគឺ មហេសី វ៉ៃ ដែលបានចាប់ផ្តើមប្រើសិទ្ធអំណាច បង្កើតបក្សពួក និងសាច់ញាតិបងប្អូនខ្លួន ។ ព្រោះតែភាពអំនួត និងការចង់ដណ្តើមអំណាចរបស់មហេសីវ៉ៃ អ៊ូ ម៉ីនាងក៏បានទម្លាក់ឋានៈអធិរាជ Zhongzong និងនិរទេសចេញពីរាជវាំង។ – បន្ទាប់មកក៏លើកបុត្រាបន្ទាប់ព្រះនាម Li Dan ហៅអធិរាជ Ruizong ឡើងគ្រងរាជបន្ត តែមិនបានប៉ុន្មាន នាងក៏បានបង្ខំកូនខ្លួនឯងចុះចេញពីរាជសម្បត្តិនៅក្នុងឆ្នាំ ៦៩០។ រួចនាងក៏ឡើងគ្រងរាជ្យដោយខ្លួនឯងតែម្តង ដោយដាក់ឈ្មោះខ្លួនឯងថា សឺធៀន ( Zetian) មានន័យថា ម្ចាស់ច្បាប់នៅក្រោមមេឃ។ ទម្លាក់បុត្រខ្លួនឯងចេញពីស្តេចផែនដី ៥. តាំងខ្លួនជាព្រះ ការធ្វើជាអធិរាជនៃរាជវង្ស ចូវ (Zhou) មិនទាន់ស្កប់ចិត្ត អ៊ូ ម៉ីនាងនោះឡើយ នាងបានដាក់បញ្ជា ឱ្យគេសាងសង់រូបសំណាក់ព្រះពុទ្ធ Maitreya ដែលមានរូបរាង មុខមាត់ដូចជានាង និងតាំងនាមខ្លួនឯងដូចជាព្រះជាម្ចាស់ ដើម្បីឱ្យប្រជារាស្រ្តទូទាំងនគរគោរពនាង ដូចជាព្រះរស់។ តាំងខ្លួនជាព្រះ ៤. មានជំនឿឆ្វេងនិយម – អ៊ូ ម៉ីនាង នៅតែបន្តដាក់ទោស និងចាប់មន្ត្រីជាច្រើនដាក់គុកដោយសារតែនាងខ្លាចមានគេដណ្តើមអំណាចរបស់នាង ជាពិសេសនាងមិនជឿជំនឿដែលដាក់ទោស ឬប្រឆាំងនឹងនាងនោះឡើយ។ – មានមន្ត្រីម្នាក់បាននិយាយប្រាប់នាងថា នាងមិនសាកសមនឹងគ្រប់គ្រងប្រទេសជាតិនោះឡើយ បានជាទេវត្តាដាក់ទោសមានគ្រោះរញ្ជួយដីកើតឡើង តែអ៊ូ ម៉ីនាងមិនស្តាប់នោះទេ នាងគិតថាជាប្រផ្នូលល្អទៅវិញ។ ដោយយល់ថាមន្ត្រីនោះប្រឆាំងនឹងនាង នាងបានដាក់ទោសមន្ត្រីនោះយ៉ាងឃោរឃៅផងដែរ។ មានជំនឿឆ្វេងនិយម ៣. មានស្នំប្រុសៗបម្រើតណ្ហា – បើទោះបីជាមានវ័យចំណាស់យ៉ាងណាក៏ដោយ តែ អ៊ូ ម៉ីនាងជាមនុស្សស្រីដែលមានតណ្ហាក្រាស់ណាស់ រហូតកោះហៅប្រុសៗក្មេងៗមករួមដំណេក ជាពិសេសគឺព្រះសង្ឃក្លែងក្លាយសំណព្វចិត្តម្នាក់ឈ្មោះ Huaiyi ។ – ក្រោយមក នាងក៏មានស្នេហាជាមួយនឹងបណ្តាប្រុសៗជាច្រើនរហូតដល់ខូចឈ្មោះ ធ្លាក់ចុះអំណាច និងបាត់បង់ទំនួលខុសត្រូវក្នុងការគ្រប់គ្រងប្រទេសជាតិ ដោយការសប្បាយភ្លើតភ្លើនភ្លេចខ្លួន។ – ក្រោយពីអំណាចធ្លាក់ចុះ បណ្តាមន្ត្រីរបស់នាងចាប់ផ្តើមទម្លាក់នាងពីរាជសម្បត្តិនៅក្នុងឆ្នាំ ៧០៥ និងបានសម្លាប់បណ្តាស្នំប្រុសៗរបស់នាងចោលអស់។ – បុត្រារបស់នាងគឺស្តេច Zhongzong បានគ្រងរាជសម្បត្តិម្តងទៀត ហើយរាជវង្សចូវរបស់ អ៊ូ ម៉ីនាង ផ្តើមត្រឹមនាង ហើយបញ្ចប់ក៏ត្រឹមនាងតែម្នាក់ប៉ុណ្ណោះ។ អ៊ូ ម៉ីនាង បានចូលនិវត្តន៍ និងប្រើជីវិតរស់នៅធម្មតា រហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ ៨០ ឬ ៨១ឆ្នាំ។ មានស្នំប្រុសៗបម្រើតណ្ហា ២. ទទួលបានការគោរពស្រលាញ់ពីស្ត្រី និងមនុស្សទូទៅ – ក្រោមការគ្រប់គ្រងរបស់អ៊ូ ម៉ីនាង ប្រជារាស្រ្តរស់នៅបានយ៉ាងសុខសាន្តណាស់ ដោយ អ៊ូ ម៉ីនាងបានកសាងកន្លែងសំខាន់ៗដូចជាប្រព័ន្ធធារាស្រ្ត ជួយប្រជាជនគ្មានទីពឹង បន្ថយពន្ធដល់កសិករ និងជនក្រីក្រផងដែរ។ – អ្វីដែលសំខាន់នៅក្នុងរាជកាលរបស់អ៊ូ ម៉ីនាង ស្ត្រីទទួលបានការសិក្សា និងអប់រំ ថែមទាំងអាចមានសិទ្ធស្មើបុរស អាចធ្វើការងាររាជការ ធ្វើនយោបាយ ជាអ្នកដឹកនាំ អ្នកនិពន្ធ និងតំណែងសំខាន់ៗបានទៀតផង។ – ការគ្រប់គ្រងរបស់នាងធ្វើឱ្យប្រជារាស្រ្តរស់នៅសម្បូរសប្បាយ ដែលជាហេតុធ្វើឱ្យនាងជាអធិរាជស្រីដែលមានរាស្រ្តសាមញ្ញគោរពស្រលាញ់ជាងអធិរាជណាៗទាំងអស់។ ទទួលបានការគោរពស្រលាញ់ពីស្ត្រី និងមនុស្សទូទៅ ១. ផ្ទាំងថ្មរូបសំណាក់នាងទទេស្អាត – ទោះជា អ៊ូ ម៉ីនាង គឺជាអធិរាជស្រីដែលធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយ និងរីកចម្រើនយ៉ាងណាក៏ដោយ តែពួកមន្ត្រី និងមនុស្សមួយចំនួនមិនដែលចាត់ទុកនាងជាអធិរាជឡើយ គឺត្រឹមតែជាស្រីស្នំរបស់អធិរាជ ប៉ុណ្ណោះ (Dowager empress) ។ – ហើយបន្ទាប់ពីនាងបានស្លាប់ ចេតិយរបស់នាង ត្រូវបានគេទុកទទេរស្អាតដោយមិនមានចារជាអក្សរអ្វីឡើយ ដោយគេយល់ថានាងមានកេរ្តិ៍ឈ្មោះមិនស្អាតស្អំនៅពេលដែលនៅរស់៕ ![00cf2d4b33c365fd245b0a6c7aa02bc8593f5ead.jpg](https://serey.io/imageupload_data/00cf2d4b33c365fd245b0a6c7aa02bc8593f5ead) ![4a8f384a3645af195e9a129b99d00d801e803984.jpg](https://serey.io/imageupload_data/0e32ff9134ff4982c55732fdda533e7137fbfbc3) ![8daf07706724aeae8da1fa170e75e3538cda400f.jpg](https://serey.io/imageupload_data/ab74ea351847d847fade693cc2e8e9613195fa4c) ![77b20e42e215bbfc39093501c696c7ce5035ceb9.jpg](https://serey.io/imageupload_data/23af9524fd2485c9f300adb3eda50d428deaa2c3) ![7775b7cc947629352b56148668244201ede87e89.jpg](https://serey.io/imageupload_data/d6bf6a225fbca02bb3b1d1a907881be8d0b12584) ![163118aac3b1a2dfb13a28653bae1be17d53e2f6.jpg](https://serey.io/imageupload_data/6ebfb89e67e1788fb0a2c4c33b97a2edc934b759) ![e402538ffb2e9c92cc993749efa92b0db363fef7.jpg](https://serey.io/imageupload_data/212d7e32ef2c0d40f0e91bf08c92a850844158e4) ![f8aac1f8276d14f5717569a2f7b6e92d8a0fe03e.jpg](https://serey.io/imageupload_data/f8aac1f8276d14f5717569a2f7b6e92d8a0fe03e) Source Frome: http://reakreay.com

Comments