80លានដុល្លា បាត់ទៅណា?
រឿងខ្លី
ថ្ងៃមួយ ចោរបានចូលប្លន់ធនាគារមួយ នៅឯក្រុងក្វាងចូវ ប្រទេសចិន។ ក្នុងអំឡុងពេលចុះប្រតិបត្តិការណ៍ ចោរក៏បានស្រែកសំឡុតទៅអ្នករាល់គ្នាក្នុងធនាគារ៖
«កុំកម្រើក! បើស្រលាញ់ជីវិតត្រូវតែស្តាប់តាមខ្ញុំ។ លុយជារបស់រដ្ឋ។ ឯជីវិតជារបស់អ្នក។»
អ្នករាល់គ្នាក៏ស្តាប់តាម ដោយមិនហ៊ានកម្រើកងាកឆ្វេងងាកស្តាំទៅណា។ នេះគេហៅថា «ចូលស្ទឹងឲ្យតាមបត់ ចូលស្រុកឲ្យតាមប្រទេស»។
«នែ៎! នាងម្នាក់នោះ! សូមធ្វើខ្លួនឲ្យត្រឹមត្រូវតិចមើល៍! ពួកខ្ញុំចូលមកប្លន់ មិនមែនមករំលោភនាងទេ!» មេចោរស្រែក ពេលដែលឃើញស្រ្តីម្នាក់ធ្វើខ្លួនផ្តេកផ្តួលទៅលើតុ ទាំងកាយវិការអាស។ ត្រង់នេះគេហៅថា «ធ្វើឬកឲ្យតាមជំនាញ»។
បន្ទាប់ពីចប់ប្រតិបត្តិការណ៍ ពួកចោរក៏ត្រឡប់ទៅសេតវិមានរបស់ខ្លួន។ កូនចៅដែលកម្រិតវប្បធម៌ដល់ទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បានបបួលមេរបស់ខ្លួនដែលរៀនបានថ្នាក់ទី៦ថា៖
«តោះលោកបង យើងរាប់លុយ! ខ្ញុំចង់ដឹងណាស់ ថាលើកនេះយើងបានប៉ុន្មាន?»
«យីអាភ្លើ! លុយច្រើនដល់ម្លឹង ហ្អែងចង់ឲ្យអញរាប់ដល់កាល? តែតិចទៀត ទូរទស្សន៍ គេនឹងហ្នឹងចាក់ផ្សាយហើយ ថាយើងប្លន់ពីធនាគារប៉ុន្មាន។ កុំល្ងើពេក!»
នេះគេហៅថា «បទពិសោធន៍»។ សព្វថ្ងៃនេះ បទពិសោធន៍ វាសំខាន់ជាងទៅនឹងសញ្ញាឃើញទៅទៀត។
បកមកធនាគារវិញម្តង។ បន្ទាប់ពីចោរបានចេញផុតទៅ នាយកគ្រប់គ្រងធនាគារក៏បានបញ្ជាឲ្យកូនចៅតេទៅប្តឹងប៉ូលីស។ ប៉ុន្តែកូនចៅក៏បានផ្តល់គំនិតថា៖ «កុំទាន់លោក! មុននឹងរាយការណ៍ យើងគួរតែដកទុក១០លានដុល្លាចេញថែមទៀតសិន ដោយបូកបន្ថែមនឹង៧០លានដុល្លាដែលយើងកិបកេងពីមុន»។
នេះគេហៅថា «ត្រីងៀតឆ្លៀតពង»។ សូម្បីតែជួបបញ្ហាដ៏សែនលំបាកយ៉ាងណា ក៏នៅតែអាចរកភាពចំណេញដល់ខ្លួនបាន។
«នេះប្រសិនបើជាមានចោរចូលមកប្លន់រាល់ខែ មិនដឹងជាល្អប៉ុណ្ណា» កូនចៅក៏បានបន្ត។
ត្រង់នេះគេហៅថា «វិធីរំដោះទុក្ខ»។ គ្មានសេចក្តីសុខណា ស្មើនឹងសេចក្តីសុខផ្ទាល់ខ្លួនឡើយ។ បានដោះទុក្ខហើយ បើមិនសប្បាយចិត្តទើបចំឡែក។
នៅថ្ងៃបន្ទាប់ ទូរទស្សន៍ក៏បានចាក់ផ្សាយ៖ លុយ១០០លានដុល្លា ត្រូវបានប្លន់ចេញពីធនាគារ។ ចោរក៏រាប់លុយ។ រាប់ហើយរាប់ទៀត ទោះរាប់យ៉ាងណាក៏មិនឃើញ១០០លាន។
«យ៉ាហ៊ី! អញប្លន់ចង់ងាប់ចង់រស់ បានតែ២០លាន។ តែពួកអាធនាគារអស់នោះ អត់ធ្វើស្អីផង វាបាន៨០លានយ៉ាងស្រួល។ នេះបានចំគេថា អ្នករៀនសូត្រជ្រៅជ្រះ ធ្វើស្អីក៏ប្រសប់»។
នេះបានចំ «ចំណេះជាទ្រព្យ» ទោះជាធ្វើស្អី ក៏ប្រសប់។
នាយកគ្រប់គ្រងធនាគារ មុខញញឹមញញែម។ តែប៉ុណ្ណេះ លុយដែលគាត់ចាញ់ផ្សារភាគហ៊ុននោះ ត្រូវបានបង្វិលបានហើយ ដោយសារតែចោរចូលប្លន់លើកនេះ។
ញញឹមខ្ចប់ម៉ង់! នេះបានគេហៅថា «ត្រូវចេះក្តោបក្តាប់ឱកាស ទើបគេហៅថាអ្នកឆ្លាត»។
និយាយចឹង តើនរណាជាចោរ? នរណាជាអ្នកត្រឹមត្រូវទៅនៀក? ហាហាហា 😂
ប្រភពមិនច្បាស់លាស់ពី fb

