រឿងរ៉ាវស្នេហា!

១- បញ្ហាជាមួយក្មេងប្រុស ៖ គេព្យាយាមធ្វើឲ្យក្មេងស្រី ជឿថាគេស្រឡាញ់ខ្លួន ទាំងក្នុងចិត្តគេមិនបានស្រឡាញ់ពិតទាល់តែសោះ ! ។
២- បញ្ហាជាមួយក្មេងស្រី ៖ គេព្យាយាមធ្វើដូចជាមិនស្រឡាញ់ទាល់តែសោះ ទាំងក្នុងចិត្តស្រឡាញ់គេសឹងលេបគ្នាបាត់ទៅហើយ ។ នេះជាលក្ខណះធម្មជាតិ តើអ្នកជឿទេ ? (សត្វឈ្មោល តែងស្វែងរកការបង្កាត់ពួជ សត្វញីត្រូវមានលក្ខណៈការពារខ្លួន ព្រោះមានសេចក្តីសុខទាំងអស់គ្នា លំបាកតែម្នាក់ឯង ) ទស្សនះស្នេហាគឺជារឿងតូចតាច តែសាងនូវភាពខុសគ្នាធំធេងក្រៃលែង ! ។ ក្រោយពីស្រឡាញ់ស្ទើរលេបក៏ប្រែជានឿយណាយជិនឆ្អន់មិនចង់ឃើញមុខ ។
អន្ទាក់ជីវិត ! បើសម្ព័ន្ធភាពទៅមុខមិនរួចទេ ថយក្រោយក៏បានដែរ
រស់នៅម្នាក់ឯងប្រសើរជាងរស់នៅជាមួយមនុស្សដែលតែងតែយល់ថា អ្នកជាមនុស្សមានកំហុសជានិច្ច ។ ចូរដើរទៅមុខចុះ ! ហើយកុំបែរក្រោយឲ្យសោះ ! ព្រោះទីបំផុត មនុស្សនោះនៅតែវិនិច្ឆ័យអ្នកគ្រប់ពេលវេលា តាំងពីថ្ងៃបានជួបគ្នាទៅទល់ថ្ងៃស្លាប់ជាមិនខាន ! ។ កុំធ្វើជីវិតឲ្យមានសំពាធព្រោះតែអ្នកដទៃ រស់នៅជាមួយជីវិតខ្លួនឯងវិញល្អជាង ! ។ ចាំណា ! បើនរណាម្នាក់ធ្វើឲ្យអ្នកយំរហូតដល់ទឹកភ្នែកក្លាយជាស្ទឹង ចូរធ្វើស្ពានឆ្លងវាទៅ ! ។ ឋិតត្រង់ចំណុចណាមួយនៃឧបសគ្គ ព្រះមិនបានបោះគ្រាប់ឡុកឡាក់លេងសើចជាមួយយើងទេ ! កុំចេះតែបន្ទោសព្រហ្មលិខិត ត្រូវមើលកិលេសខ្លួនឯងឲ្យបានច្បាស់ ហើយផ្លាស់ប្តូរអ្វីដែលមិនល្អចេញដើម្បីតំរឹមស្តង់ដាររៀងខ្លួនឲ្យសុីគ្នា ផ្នែកដែលលើសកាត់ចេញ ផ្នែកដែលខ្វះអភិវឌ្ឍវាឡើង អ្វីដែលសំខាន់គឺមិនត្រូវបញ្ឈប់សំណួរចំពោះខ្លួនឯងទេ ដើម្បីស្វែងរកហេតុផលផ្ទាល់ខ្លួនចំពោះបញ្ហាដែលមានស្រាប់ ! ការធ្លាក់ក្នុងអន្លង់ស្នេហ៍ គឺមិនមែនធ្លាក់ទៅទាំងអស់នោះទេ ភាគច្រើនវាជារឿងឆ្កួតៗមួយ ដែលមនុស្សនាំគ្នាធ្វើដោយគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះ ! ។ បើស្អប់វាហើយ ចូរព្រលែងវាចោលចុះ កុំចងវាទុកធ្វើអី បើយើងមិនពេញចិត្តនឹងវាទៅហើយនោះ តែចូរថែទាំបបោសអង្អែលវាឲ្យបានល្អបើសិនជាយើងស្រឡាញ់ពេញចិត្តវា កុំចាំដល់ពេលវាចាកចេញទៅ ទើបធ្វើមកស្រណោះស្រណោកបោកខ្លួនស្តាយក្រោយឲ្យសោះ ! ហួសពេលអស់ហើយ ។ សត្វចាបដែលកំពុងតែនឿយណាយនឹងទ្រុងផង ពេលបានបើកចំហរមាត់ទ្រុង នឹងបោះពួយគ្មានបែរមើលក្រោយបន្តិចឡើយ ! ។
តែបើអ្វីៗក៏ប្រែប្រួលទប់មិនបាន ស្អប់ក្តី ស្រឡាញ់ក្តី វាគ្មានន័យអ្វីឲ្យជាងការថែទាំចិត្តខ្លួនឯងទេ ហេតុនេះមិនត្រូវខ្វល់ ជាប់ប្រកាន់ពីអ្វីដែលនៅជុំវិញខ្លួនសោះឡើយ ! ។ យើងទាំងអស់គ្នាសុទ្ធតែឋិតនៅក្រោមការគ្រប់គ្រងនៃពេលវេលា ឥឡូវនេះគឺយើងកំពុងតែឆ្លងកាត់ហើយតើ ! បំណងរបស់យើងគ្មានអ្វីក្រៅពីការសិក្សា សង្កេតពិនិត្យ ដើម្បីអភិវឌ្ឍបញ្ញានិងសេចក្តីអាណិតស្រឡាញ់តែប៉ុណ្ណោះ ។យើងគ្មានពេលមកឈឺចាប់ជាមួយនឹងរឿងអ្វីទេ លោកនេះមិនមែនជារបស់យើងឡើយ ។បេសកកម្មត្រូវបានបញ្ចប់ យើងនឹងវិលត្រឡប់ទៅផ្ទះយើងវិញហើយ ៕

