ដំណើរជីវិតដែលរស់នៅស្រុកគេ
សួស្តីបងប្អូន សេរី ។ ខ្ញុំបាទឈ្មោះ សុជាតិ មកពីគ្រួសារកសិករ ខេត្តតាកែវ។ កាលពីកំឡុងឆ្នាំ២០១០-២០១១ ខ្ញុំបានមកបន្តសិក្សានៅទីក្រុងភ្នំពេញ (IFL) ក្នុងនាមជាសិស្សជាប់អាហាររូបករណ៍។ប៉ុន្តែ ភាពជានិស្សិតរបស់ខ្ញុំមិនបានបញ្ចប់ឆ្នាំត្រឹមត្រូវទេ ដោយសារតែការជាប់ឈ្មោះ ទៅធ្វើការនៅប្រទេសកូរ៉េ បានខលហៅទៅ ហ្វឹកហ្វឺន មុនពេលចេញទៅធ្វើការ។ ថ្វីត្បិតតែការសម្រេចចិត្តនេះ ធ្វើអោយខ្ញុំសោកស្តាយយ៉ាងណា ប៉ុន្តែដើម្បីគ្រួសារ ខ្ញុំដាច់ខាតត្រូវទៅចេញទៅប្រទេសគេក្នុងនាមជាពលករ។
ទៅដល់ទឹកដីកូរ៉េថ្ងៃដំបូង គឺជាពេលមួយដែលបានធ្វើអោយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវទិដ្ឋិភាព ប្រជាជនគេ ទឹកដី សេដ្ឋកិច្ច និងវប្បធម៌នៃជនជាតិមួយនេះ គឺមានការប្លែកពីអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់មកពីមុន។ ក្នុងថ្ងៃមកដល់នោះដែរ ខាងក្រសួងបណ្តុះបណ្តាលការងារកូរ៉េ ទទួលបន្ទុកផ្នែកពលករបរទេស ក៏បានមកទទួលពួកយើង យលទៅមជ្ឈមណ្ឌលហ្វឹកហាត់នោះ ដើម្បីធ្វើតេស្តសុខភាព និងបង្ហាត់បង្រៀនខ្លីៗនូវអ្វីដែលទាក់ទងនឹងការងារ អោយដឹងជាមុន អស់រយៈពេល២យប់ បីថ្ងៃ។ បន្ទាប់មកទើបថៅកែ មកយកពួកយើងនៅទីនោះ ។យើងមិនបានដឹងជាមុនទេ ថាការងារយើងបានទៅចំកន្លែងដែលធ្វើងាយស្រួលធូរស្រាល ឬធ្ងន់លំបាកទេ គ្រាន់តែក្នុងចិត្តខ្ញុំបានគិតរួចហើយថា បំណាច់នឹងមកដល់ទីនេះទៅហើយ ទោះជាគេអោយធ្វើអ្វីក៏ធ្វើដែរ យ៉ាងហោចណាស់បើធ្ងន់លំបាក ក៏មិនលើសពីការលីសែងស៉ីម៉ងទម្លាក់ពីកុងទីន័រ ដែលខ្ញុំធ្លាប់បានធ្វើដែរ។
ថ្ងៃដែលបានទៅដល់រោងចក្រដំបូង ខាងថៅកែនិងមេការគ្រប់គ្រងនៅទីនោះ បានបង្ហាញ ណែនាំការងារដល់ខ្ញុំ បន្ទាប់ពីបង្ហាញរួចរាល់ ទើបអោយខ្ញុំទៅសម្រាក។ ថ្ងៃស្អែកបន្ទាប់ទើបគេអោយធ្វើការ។ កន្លែងដែលខ្ញុំស្នាក់នៅ គឺនៅក្នុងរោងចក្រ ចំពោះការហូបចុក ក៏ខាងរោងចក្រជាអ្នកចំណាយផងដែរ។ អូភ្លេចប្រាប់បងប្អូន ទាយទៅមើលថាខ្ញុំបានទៅធ្វើការនៅកន្លែងអ្វី? ហេហេ ប្រាប់ទៅចុះ ខ្ញុំគែធ្វើការខាងម៉ាស៉ីនត្រជាក់។
ការងារនៅទីនោះ គឺទាមទារអោយយើងមានទំនួលខុសត្រូវខ្ពស់ បើយើងធ្វើដោយស្មានៗ មិនច្បាស់លាស់ ពិតជាមានបញ្ហាជាក់ជាមិនខាន ពេលម៉ាស៉ីនចូលដល់បន្ទប់ធ្វើតេស្ត បើវាមានកន្លែងណាមិនប្រក្រតី វានឹងឡូតសញ្ញាប្រាប់យើង ហើយបន្ទាប់ពីនោះ យើងត្រូវខាតម៉ោង ខាតពេលជួសជុលវាម្តងទៀត ។ នេះហើយជាអ្វីដែលយើងធ្វើ ត្រូវមានទំនួលខុសត្រូវខ្ពស់។ តើបងប្អូនចង់ដឹងពីរបៀបធ្វើម៉ាស៉ីនត្រជាក់នៅកន្លែងខ្ញុំធ្វើនេះឬទេ? ខ្ញុំនឹងសរសេរប្រាប់ពីរបៀបតំឡើងរៀបចំធ្វើវា នៅអត្ថបទក្រោយ សូមទោសពេលនេះ ព្រោះរវល់ចេញទៅផ្សារសិន ហិហិហិ។
សូមសំណាងល្អ មិត្តសេរី! រីករាយថ្ងៃចុងសប្តាហ៍។
ចង់ផូសរូបភាពអមជាមួយដែរ ប៉ុន្តែ វាអត់ចេញអោយសោះ។ សូមទោសផង


