មនុស្សស្រី មានអាវុធដ៏អស្ចារ្យជាច្រើនដូចជា សម្រស់ ចរិតលក្ខណៈ ពាក្យសម្តី និងចំណេះដឹងជាដើម។ ប្រសិនបើបុរសណាម្នាក់អាចស្វែងរកដៃគូជីវិតដែលមានអាវុធពិសេសទាំងនេះបាន បុរសនោះនឹងក្លាយជាមនុស្សដែលសំណាងបំផុត មិនមែនជាបុរសដែលកម្សត់បំផុតនោះទេ។
ក្នុងចំណែកនៃភាពជោគជ័យរបស់បុរស គឺពិតជាមានវត្តមាននារីដ៏ពូកែមួយរូប ដូចសុភាសិតខ្មែរពោលថា "សំណាបយោងដី ស្រីយោងប្រុស"។ ដើម្បីក្លាយជាដៃគូមិនអាចខ្វះបានរបស់បុរស នារីគ្រប់រូបត្រូវតែរៀបចំខ្លួននិងកសាងខ្លួនឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហើយមិនអាចពឹងតែលើចំណុចណាមួយនោះទេ ប៉ុន្តែត្រូវមានភាពរឹងមាំស្ទើរគ្រប់ចំណុច។
#សម្រស់ គឺជាលម្អមិនអាចខ្វះបានរបស់ស្រ្តី។ ទស្សនៈមួយបាននិយាយថា "គ្មាននារីណាម្នាក់មានសម្រស់អាក្រក់នោះទេ គឺមានតែនារីដែលមិនចេះតែងខ្លួនប៉ុណ្ណោះ"។ ដូចនេះ នារីគួរតែចេះសម្អិតសម្អាងខ្លួនបន្តិច បន្ថែមពីលើធម្មជាតិរបស់ខ្លួន គឺរឹតតែស្រស់ស្អាតជាមិនខាន។
#អត្តចរិត គឺជាចំណុចសំខាន់មួយមិនអាចខ្វះបានរបស់មនុស្សគ្រប់រូប។ បន្ថែមពីសម្រស់ខាងក្រៅ អត្តចរិតគឺជាចំណុចស្នូលរបស់នារី។ សម្រស់គ្រាន់តែអាចជួយបង្កើនអារម្មណ៍និងភាពទាក់ទាញ ប៉ុន្តែចរិតលក្ខណៈរបស់នារីទេតើ ទើបជាកត្តាបង្កើនក្តីស្រឡាញ់និងរក្សាចំណងស្នេហាបានជារៀងរហូតបាន។ ត្រូវសម្អិតសម្អាងអត្តចរិតខាងក្នុងរបស់ខ្លួនឱ្យបានស្អាតល្អ ទើបជានារីម្នាក់ប្រកបដោយគុណតម្លៃពិតប្រាកដ។ ភាពស្មោះត្រង់ ទន់ភ្លន់ ការអត់ធ្មត់ ដឹងខុសដឹងត្រូវ បានក្លាយជាចរិតលក្ខណៈដ៏មានតម្លៃរបស់មនុស្សស្រី។ សុភាសិតបារាំងនិយាយថា "សម្រស់ដែលគ្មានគុណធម៌ ដូចជាបុប្ផាគ្មានក្លិន"។
#សម្តី គឺជាលម្អដែលមិនអាចខ្វះបានរបស់ស្រ្តីនិងមនុស្សគ្រប់រូប។ ស្រ្តីដែលមានសម្តីទន់ភ្លន់ ពីរោះនិងផ្អែមល្ហែម គឺជាគ្រឿងផ្សំឈ្ងុយឆ្ងាញ់សម្រាប់ត្រចៀកនិងដួងចិត្តមនុស្សផងទាំងពួង។ ពាក្យសម្តីរបស់នារី ជាអាវុធដែលអាចជ្រៀតចូលទៅក្នុងត្រចៀកបុរស ហើយរត់ទៅចាក់ទម្លុះចូលដល់បេះដូងបាន។ សម្តីល្អនឹងបង្កើតអារម្មណ៍ល្អនិងជាគ្រឿងលើកទឹកចិត្តដែលមិនអាចខ្វះបាន។
#ចំណេះដឹង ក៏ជាផ្នែកមិនអាចខ្វះបានរបស់នារី។ ពាក្យមួយឃ្លានិយាយថា "កុំធ្វើជាស្រ្តីដែលត្រូវការបុរស ប៉ុន្តែត្រូវធ្វើជាស្រ្តីដែលបុរសមិនអាចខ្វះបាន"។ តើអ្វីដែលធ្វើឱ្យនារីមានភាពរឹងមាំនិងឯករាជ្យបាន? ក្នុងនោះគឺមានវត្តមាននៃចំណេះដឹង។ ស្រ្តីដែលមានចំណេះដឹង មិនត្រឹមតែអាចជួយជ្រោមជ្រែងមនុស្សផងគ្នាបានទេ ប៉ុន្តែនាងថែមទាំងជានារីដែលមានភាពឯករាជ្យនិងអាចជាទីពឹងរបស់ខ្លួនឯង គ្រួសារ និងចូលរួមចំណែកក្នុងសង្គមជាតិផង។ សុភាសិតបរទេសមួយនិយាយថា "លុយរបស់មនុស្សប្រុស មិនអាចធ្វើឱ្យនារីឯករាជ្យម្នាក់រំជួលចិត្តឡើយ"។
------
Comments
Plagarized post.