ទេទឹកពុះ មានទីតាំងនៅពីមុខភ្នំទេ ក្នុងភូមិទេ ឃុំសង្កែសាប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានទឹកហូរចេញពីក្នុងដីខួបប្រាំង ខួបវស្សា ហើយទឹកនេះ មានសីតុណ្ហភាព៧០អង្សាសេ។ តើតេទឹកពុះ មានប្រវត្តិដោយរបៀបណា?
ទាក់ទងនឹងប្រវត្តិនៃតេទឹកពុះ មានរឿងនិទានពីព្រេងនាយដំណាលថា កាលពីយូរលង់ណាស់មកហើយ តំបន់តេទឹកពុះ គឺជា ចក្កវាឡមួយ ដែលគ្រប់គ្រងដោយស្ដេចត្រាញ់ម្នាក់ ឈ្មោះ ស្នាក់។ ស្នាក់ គឺជាអ្នកមានស្តុកស្ដម្ភណាស់ ក្នុងសម័យកាលនោះ។ ស្ដេចចក្កវាឡ សួយអង្គនោះមានភរិយាបីនាក់ គឺទី១-វង្សភ័ក្ត្រ វតី ប្រែថា ស្រីមាន មុខស្អាត, ទី២-សុដន់ វតី ប្រែថា ស្រីមានដោះស្អាត និងទី៣-យោនី វតី ប្រែថា ស្រីមានត្រគាកស្អាត។ ក្រោមអំណាចរឹងមាំរបស់ស្ដេចត្រាញ់ ស្នាក់នោះ ចក្កវាឡ សួយ មានសេចក្ដីសុខក្សេមក្សាន្តពន់ពេកណាស់។
លុះមកដល់សម័យថ្ងៃមួយ ស្នាក់មានបំណងរៀបការជាមួយកូនស្រីបង្កើតរបស់ខ្លួន ដើម្បីបន្តការពារអំណាច និងមិនចង់ឲ្យបែកទ្រព្យសម្បត្តិ។ មិនយូរប៉ុន្មាន រឿងនេះក៏បានក្លាយទៅជាការបើកអង្គជំនុំមួយដ៏ធំដើម្បីសម្រេច ប៉ុន្តែបញ្ហានោះមិនត្រូវបានឯកភាពពីអ្នកមុខអ្នកការ រួមទាំងកូនប្រុសស្រីបង្កើតទាំងពីរផងដែរ ទោះបីជាមានការកោះប្រជុំមួយលើក ជាពីរលើក យ៉ាងណាក៏ដោយ។ មិនយូរប៉ុន្មានរឿងនោះ ធ្វើឲ្យកក្រើកអស់ចក្កវាឡសួយទាំងមូលរហូតដល់មានការតស៊ូប្រឆាំងទៀតផង។ តែទោះជាយ៉ាងណាក៏ដោយក៏ស្ដេចសួយនៅតែជម្នះសម្រេចបំណងលុះត្រាតែបាន។
ពិធីមង្គលការដោយបង្ខំនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី ១៥ រោច ខែពិសាខ។ ដំណើរការពិធីពុំបានចប់ចុងចប់ដើមទេ ព្រោះមានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងគួរឲ្យតក់ស្លុតក្រៃលែង ដោយដីកន្លែងប្រារព្ធពិធីនោះ ស្រុតចុះទៅក្រោមតែម្ដង បានធ្វើឲ្យស្ដេចស្នាក់ រួមទាំងមនុស្សដែលជាដៃជើងផងដែរនោះ ត្រូវព្រះធរណី ស្រូបលិចទៅក្នុងដីអស់ទៅ។
...
រមណីយដ្ឋាន«ទេទឹកពុះ» ក៏ស្ថិតនៅក្នុងកញ្ចប់«ដំណើរកម្សាន្តផ្សងព្រេង និងបោះតង់ខេត្តកំពង់ស្ពឺ»នៅថ្ងៃទី២៦-២៧ ខែសីហា ខាងមុខនេះដែរ.អត្ថបទ សិត ប៊ុនថេង។

