ឱសថបំប៉នផ្លូវភេទមួយក្រសួងសុខាភិបាលបញ្ជាឲ្យឈប់នាំចូលព្ព្រោះប៉ះពាល់ដល់ជីវិត

ដោយ: អ៊ូ សុខមាន
ភ្នំពេញ៖ ឱសថបំប៉នផ្លូវភេទបុរស MADURA BOX/10Capsules និង Coffee MADURA BOX/4 Sachets ដែលនាំចូលមកពីប្រទេសថៃ មានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Sildenafil អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត (ស្លាប់ដោយសារគាំងបេះដូង)។ នេះបើតាមចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ឱសថបំប៉នសុខភាព MADURA BOX/10Capsules និងCoffee MADURA BOX/4 Sachets ចាត់ទុកជាឱសថក្លែងក្លាយ ដែលបាននាំចូលកម្ពុជាគ្មានប្រភពច្បាស់លាស់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២១ខែមិថុនា បានបញ្ជាក់ដូច្នេះថា«ឱសថក្លែងក្លាយគ្រប់ប្រភេទ គ្រប់ពណ៌ គ្រប់ឡូត៍ ពីបណ្តាឱសថស្ថាន-រង និងអាគារលក់ឱសថបុរាណ នឹងត្រូវប្រមូលកំទេចចោលជាបន្ទាន់»។
បន្ថែមពីនេះ ក្រសួងសុខាភិបាល បញ្ជាឲ្យអ្នកដែលនាំចូល និងចែកចាយ ឱសថខាងលើនេះ បញ្ឈប់សកម្មភាពលក់ និងផ្សព្វផ្សាយ ហើយប្រមូលយកផលិតផលទាំងនោះ ពីទីផ្សារវិញជាបន្ទាន់ មុននឹងអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់៕
ប្រភព៖ thmeythmey.com
Comments