ព្រោះតែអំនួត ធ្វើឲ្យក្រុមហ៊ុនផលិតទូរស័ព្ទនាំមុខគេលើលោក Nokia ដួលដោយមិនបាច់ច្រាន

S
senghuy
http://i68.tinypic.com/314e0l0.jpg Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បី ពេញនិយម និងនាំមុខគេនៅលើពិភពលោក បានត្រូវដួលរលំដោយសារតែប្រធានក្រុមហ៊ុនខ្សោយមិនមានចក្ខុវិស័យវែងឆ្ងាយ និងមិនព្រមផ្លាស់ប្តូរខ្លួនឲ្យទាន់សម័យកាល។​ នៅខែកញ្ញា ឆ្នាំ២០១៣ ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ពិភពលោក Nokia បានប្រកាសលក់ក្រុមហ៊ុនទាំងមូលទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក្នុងតម្លៃ ៧.១៧ពាន់លានដុល្លារអាមេរិក ដោយសារតែមិនអាចប្រកួតប្រជែងនៅលើទីផ្សារបានតទៅទៀត ខណៈតម្លៃកាលពីមិនទាន់មានវត្តមានទូរស័ព្ទចុចលើអេក្រង់ ក្រុមហ៊ុននេះមានតម្លៃដល់ទៅជាង ៥០ពាន់លានដុល្លារអាមេរិកឯណោះ។ លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានប្រសាសន៍នៅថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ក្រុមហ៊ុនទាំងទឹកមុខក្រៀមក្រំ លាយឡំដោយទឹកភ្នែកថា៖ “យើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែយើងបរាជ័យ។” ក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ បានក្លាយជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ខណៈពេលដែលមិនទាន់មានវត្តមានទូរស័ព្ទ iPhone កាលពីឆ្នាំ ២០០៧។ ប៉ុន្តែក្រោយពេលដែលមានវត្តមានទូរស័ព្ទស្មានហ្វូននេះភ្លាម បានធ្វើឱ្យមនុស្សម្នាងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ស្របពេលជាមួយគ្នានេះ បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗទៀត បានព្យាយាមអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ដែលមានតែ Nokia ប៉ុណ្ណោះដែលនៅតែយល់ថា ខ្លួននៅតែល្អដាច់គេ និងនៅតែជឿជាក់ថា មនុស្សនឹងនៅតែប្រើប៊ូតុងចុច។ ដោយមានអំនួតលើផលិតផលរបស់ខ្លួន ហើយដោយសារតែមិនបានសម្លឹងមើលឱ្យបានវែងឆ្ងាយ ធ្វើឱ្យកាលលក់នៅលើទីផ្សាររបស់ Nokia កាន់តែធ្លាក់ចុះបន្តិចម្តងៗប្រមាណ៦០ភាគរយជាប់ៗគ្នារយៈពេល២ឆ្នាំ រហូតទម្រាំតែភ្ញាក់ខ្លួនអភិវឌ្ឍនបច្ចេកវិទ្យារបស់ខ្លួន វាស្ទើរតែហួសពេលទៅហើយ។ ក្រោយពីព្យាយាមអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនបរាជ័យជាច្រើនលើក ធ្វើឱ្យក្រុមហ៊ុននេះអស់ជំនឿថានឹងអាចប្រកួតប្រជែងលើទីផ្សារបានតទៅទៀត ដោយសារតែការអភិវឌ្ឍន៍ទៅលើរូបរាង ទៅផ្ទៃផ្នែកខាងក្នុងនៃទូរស័ព្ទ ទៅលើ Software និងHardware ពុំសូវទទួលបានការចាប់អារម្មណ៍ ទើបក្រុមហ៊ុននេះសម្រេចលក់ទៅឱ្យក្រុមហ៊ុន Microsoft តែម្តង និងបានបញ្ឈប់បុគ្គលិករបស់ខ្លួននៅក្នុងឆ្នាំ ២០១៣នោះ ប្រមាណជិត៣ម៉ឺននាក់។ បច្ចុប្បន្ន អ្នកដែលធ្លាប់ប្រើប្រាស់ទូរស័ព្ទ Nokia និងជាអតិថិជនពិតរបស់ Nokia នៅតែមានជំនឿថា អតីតក្រុមហ៊ុនយក្សមួយនេះ នឹងអាចត្រលប់មកវិញ ដោយផ្តល់ទំនុកចិត្តថ្មីដល់អ្នកប្រើប្រាស់ ហើយកាលពេលថ្មីៗនេះ វត្តមានសាជាថ្មីរបស់ទូរស័ព្ទដៃ Nokia ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត បានកំពុងទាក់ចិត្តអ្នកដែលធ្លាប់ប្រើប្រាស់ផលិតផល Nokia ទ្រាំចាំទិញស្ទើរតែមិនបាន៕

Comments