Franchises
http://i63.tinypic.com/2n6sqkl.jpg
ម៉ាកយីហោ Franchise ទាំង១០ដែលមានតម្លៃលក់សិទ្ធបន្តថ្លៃជាងគេបំផុត
ជារឿយៗ មានសហគ្រិននិងអ្នកមានធនធានមួយចំនួនតែងសម្រេចចិត្តធ្វើការវិនិយោគទៅលើការទិញសិទ្ធិអាជីវកម្មបន្តដែលហៅថា Franchise ជាជាងការបង្កើតអាជីវកម្មថ្មីមួយដោយខ្លួនឯង។ ពួកគាត់យល់ឃើញថាការវិនិយោគលើអាជីវកម្មលក់សិទ្ធិបន្ត Franchise គឺមានហានិភ័យទាបជាងការបង្កើតអាជីវកម្មថ្មីស្រឡាងមួយ ព្រោះគាត់គ្រាន់តែចំណាយលើការទិញសិទ្ធិដំបូងក្នុងចំនួនទឹកប្រាក់ណាមួយ និងការចំណាយលើភាគរយនៃប្រាក់ចំណេញប្រចាំខែបន្តិចបន្តួចទៅម្ចាស់សិទ្ធិប៉ុណ្ណោះ។ ពេលនោះ គាត់នឹងត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ម៉ាកយីហោក្រុមហ៊ុនល្បីនោះ រួមទាំងការជួយរៀបចំប្រព័ន្ធនៃការលក់ ការបណ្តុះបណ្តាល ការជួយផ្សព្វផ្សាយ ជាពិសេសទៅទៀតនោះគឺអាជីវកម្មបើកភ្លាមមានអតិថិជនស្រាប់ ដោយសារម៉ាកយីហោនោះជាម៉ាកល្បីស្រាប់។ ជាទូទៅ នៅក្នុងវិស័យនៃការលក់សិទ្ធិបន្ត Franchise នៅលើពិភពលោក អាជីវកម្មដែលគេសង្កតឃើញមានច្រើននិងងាយស្រួលលក់បំផុតនោះគឺ អាជីវកម្មបែបអាហារ Fast Food មានដូចជា ប៊ឺហ្គឺរ មាន់បំពងនិងភីហ្សាជាដើម។
ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជានឹងលើកយកនូវ អាជីវកម្មលក្ខណៈ Franchise ទាំង១០ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៖
១. HARDEE’S
Hardee’s គឺជាហាងអាហារដែលបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ហើយបច្ចុប្បន្នហាងអាហារប្រភេទនេះមានបើកបម្រើជូនប្រមាណ ១,៩០០ ទីតាំងនៅជុំវិញពិភពលោក។ ចំណែកតម្លៃនៃការលក់សិទ្ធអាជីវកម្មដំបូងវិញដែលគេហៅថា Initial Fee គឺមានតម្លៃរហូតដល់ ១.៦លានដុល្លារអាមេរិក និងកាតព្វកិច្ចបង់ទៅម្ចាស់សិទ្ធិដើម ៤ភាគរយនៃប្រាក់ចំណេញជារៀងរាល់ខែ។
http://i68.tinypic.com/24y20qw.jpg
២. CARL’S JR
Carl’s Jr. បានកំពុងបើកប្រតិបត្តិការរួចហើយនៅក្នុងប្រទេសកម្ពុជា។ ហាង Fast Food មួយនេះត្រូវបានបង្កើតឡើងដំបូងដោយលោក Carl Archer នៅឆ្នាំ១៩៤១។ ចំពោះតម្លៃនៃការទិញសិទ្ធិដំបូងគឺប្រមាណ ១.៨លានដុល្លារអាមេរិក ជាមួយនឹងការកាត់ចំណែក ៤ភាគរយសម្រាប់ប្រាក់ចំណេញប្រចាំខែ។
http://i68.tinypic.com/2hi9zqt.jpg
៣. DENNY’S INC.
ហាងមួយប្រភេទនេះជាហាងបែបបម្រើអាហារទាំងពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចនិងយប់ គឺមានន័យថាបើកប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោងតែម្តង និងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ។ Denny’s បានបោះលក់សិទ្ធិហ្រ្វេនឆាយរបស់ខ្លួនដំបូងនៅឆ្នាំ១៩៦៣ ហើយបច្ចុប្បន្នមានហាងបើកប្រតិបត្តិការជាង ១,៦០០ទីតាំងនៅជុំវិញពិភពលោក។ រីឯតម្លៃនៃការទិញសិទ្ធិដំបូងគឺ ២.៤លានដុល្លារអាមេរិក ជាមួយការកាត់ប្រាក់ចំណេញប្រចាំខែ ៤ភាគរយ។
http://i67.tinypic.com/2629set.jpg
៤. KFC
លោកអ្នកប្រហែលជាស្គាល់ហើយហាងមាន់បំពង KFC ព្រោះយីហោមួយនេះបានហក់ចូលទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ។ តាមទិន្នន័យតម្លៃនៃការទិញសិទ្ធិ Franchise របស់ KFC មានតម្លៃ ២.៥លានដុល្លារអាមេរិក បូកនឹងការចំណាយប្រចាំខែ ៥ភាគរយពីប្រាក់ចំណេញដុល។
http://i67.tinypic.com/vzbgxk.jpg
៥. CULVER’S
ហាងប៊ឺហ្គឺបូករួមជាមួយការ៉េមនេះ មានតម្លៃនៃការទិញសិទ្ធិដំបូងរហូតដល់ ២.៨លានដុល្លារឯណោះ បូករួមទាំងការកាត់ចំណែកប្រាក់ចំណេញ៤ភាគរយជាប្រចាំខែ។
http://i66.tinypic.com/16a3yqf.jpg
៦. BUFFALO WILD WINGS GRILL & BAR
យីហោមួយប្រភេទនេះជាហាងបម្រើជូនស្លាបមាន់បំពង ជាពិសេសសម្រាប់អាហារពេលល្ងាច។ BUFFALO WILD WINGS GRILL & BAR បើកដំណើរការដំបូងនៅឆ្នាំ១៩៨២ ដែលបច្ចុប្បន្នមានបើកដំណើរចំនួន ៨៣២ហាងនៅទូទាំងសហរដ្ឋអាមេរិក។ ចំពោះតម្លៃនៃការទិញសិទ្ធិដំបូងគឺមានតម្លៃ ៣.២លានដុល្លារអាមេរិក ជាមួយនឹងការកាត់ចំណែក ៤ភាគរយ។
http://i68.tinypic.com/14bnok2.jpg
៧. GOLDEN CORRAL
ភោជនីយដ្ឋានដែលបើកបម្រើជូនសម្រាប់អាហារថ្ងៃត្រង់ដល់ពេលល្ងាច ទាំងអាហារបែបកម៉្មង់និងអាហារលក្ខណៈប៊ូហ្វេ។ ចំពោះតម្លៃនៃការទិញសិទ្ធដំបូងគឺមិនធម្មតារហូតដល់ ៦.៧៦លានដុល្លារអាមេរិក ហើយនឹងកាត់ប្រាក់ចំណេញ៤ភាគរយបន្ថែមទៀត។ លើសពីនេះទៅទៀតអ្នកដែលចង់ទិញសិទ្ធិយីហោមួយនេះត្រូវមានទុនបម្រុងយ៉ាងតិច កន្លះលានដុល្លារ និងទ្រព្យនៅជាប់ខ្លួន២.៥លានដុល្លារ។
http://i67.tinypic.com/32zosy9.jpg
៨. AMPM
AMPM ជាហាងលក្ខណៈជាម៉ាតលក់ទំនិញគ្រប់ប្រភេទបូករាប់ជាមួយអាហារ Fast Food ផងដែរ។ បើអ្នកចង់បើកម៉ាតយីហោប្រភេទ Franchise មួយនេះ អ្នកត្រូវមានទុនយ៉ាងតិច ៧.៦លានដុល្លារ បូករួមនឹងកាត់ប្រាក់ចំណេញ ៥ភាគរយប្រចាំខែថែមទៀត។
http://i64.tinypic.com/2dglu6r.jpg
៩. AMAZING SPACES
វាមិនមែនជា Franchise លក្ខណៈម្ហូបអាហារឬភេសជ្ជៈនោះទេ ប៉ុន្តែជាការលក់សិទ្ធិបែបបម្រើសេវាកម្មជាកន្លែងស្តុកអីវ៉ាន់ និងជួយរក្សាសុវត្ថិភាពទំនិញ។ តម្លៃនៃការទិញសិទ្ធិដំបូង ៨.២៥លានដុល្លារ។
http://i66.tinypic.com/2zsxjjq.jpg
១០. CHOICE HOTELS INTERNATIONAL
ចុងក្រោយជា Franchise លក្ខណៈជាបណ្តុំនៃម៉ាកយីហោចំនួន១១ម៉ាកយីហោដែលជាទូទៅគឺផ្នែកសេវាកម្ម មានដូចជា សណ្ឋាគារជាដើម។ ចំពោះតម្លៃម៉ាកយីហោគឺថ្លៃកប់រហូតដល់ ១៤.៦លានដុល្លារអាមេរិក។
http://i67.tinypic.com/2a9cn78.jpg

