ប្រវត្តិបុរសទៅដណ្តឹងស្រីៗយកមកធ្វើជាប្រពន្ធ

S
senghuy
http://i66.tinypic.com/2z4jsbl.jpg កាល​ពី​ព្រេងនាយ មាន​ស្ដេច​ស្រី​មួយ​ព្រះអង្គ​ព្រះនាម " ស្រី​អយុធ្យា " សោយរាជ្យ​នៅ​នគរ​ខ្មែរ ។ ដោយ​ព្រះ​នាង​ជា​ស្ដេច​សោយរាជ្យ គ្មាន​បុរស​ណា​មួយ​ហ៊ាន​ដណ្ដឹង​យក​ភរិយា​ឡើយ ម្ល៉ោះហើយ ព្រះ​នាង​រក​ដណ្ដឹង​បុរស​ដ៏​មាន​រូប​ជា​ទី​គាប់​ព្រះទ័យ​មក​ធ្វើ​ជា​ព្រះ​ស្វាមី​វិញ ហើយ​ដោយ​ហេតុ​ព្រះ​រាជិនី ស្រី​អយុធ្យា ដណ្ដឹង​ប្រុស​ជា​ព្រះ​ស្វាមី​ដូច្នោះ ស្រីៗ ដែល​នៅក្រោម​ព្រះ​រាជោវាទ​ព្រះ​នាង ក៏​ដណ្ដឹង​ប្រុសៗ ធ្វើ​ជា​ស្វាមី​តាម​ដែរ ។​ ​ ​ ​ ​ក្នុង​រជ្ជកាល​នោះ មុខ​គួរ​ឲ្យ​វេទនា​នឹង​ស្រី​ខ្លះ ដែល​មាន​រូប​អន់ៗ ទៅរក​ដណ្ដឹង​ប្រុសៗ គេ​នាំគ្នា​ប្រកែក​មិន​យក គេ​រើស​តែ​ស្រីៗ​មាន​រូបល្អៗ ទើប​យក​ធ្វើជា​ភរិយា ។ ធ្វើ​ដូច្នេះ អស់​មួយ​រាជ្យ​ស្ដេច​ស្រី​នេះ ។ លុះ​មកដល់​រាជ្យ​ស្ដេច​ក្រោយៗ ទៀត ពួក​ស្រីៗ ជំនុំ​គ្នា​ថា " ឥឡូវនេះ ដូចជា​មិន​សមសោះ ខ្លួន​យើង​ជា​ស្រី ហើយ​ដើរ​ដណ្ដឹង​ប្រុសៗ ធ្វើ​ជា​ប្ដី បើ​ដូច្នេះ យើង​នឹង​នាំគ្នា​លើកដី​ចាក់​ពូន​ជា​ភ្នំ​ភ្នាល់​គ្នា​ជាមួយនឹង​ពួក​ប្រុសៗ គឺ​ប្រុស​លើកដី​ធ្វើជា​ភ្នំ​មួយ យើង​ស្រី​ធ្វើ​ជា​ភ្នំ​មួយ ភ្នាល់​គ្នា ។ បើ​ប្រុសៗ ចាញ់​យើង ត្រូវ​ឲ្យ​ប្រុសៗ​ដណ្ដឹង​យើង​ជា​ស្រី​វិញ " ។ លុះ​គិត​ដូច្នេះហើយ ក៏​នាំគ្នា​ទៅ​បបួល​ពួក​ប្រុសៗ ធ្វើ​ភ្នំ ចុះ​ខសន្យា​ភ្នាល់​គ្នា ដូច​ពោល​មកហើយ គេ​ក៏​បាន​ចាត់​មេ​កំណែន កេណ្ឌ​មនុស្ស​ស្រី​ឲ្យបាន​ច្រើន​, ខាង​ប្រុស មាន​មេ​កំណែន​ខាង​ប្រុស​ដើរ​កេណ្ឌ ខាង​ស្រី​មាន​មេ​កំណែន​ខាង​ស្រី​ដើរ​កេណ្ឌ លុះ​កេណ្ឌ​បាន​គ្នាច្រើន គ្រប់​ចំនួន​ខាង​ប្រុស - ស្រី រួចហើយ ក៏​និយាយ​នឹង​គ្នា​ថា " យើងទាំងអស់គ្នា ត្រូវ​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយព្រឹក​រះ ទើប​ឈប់​ទាំងអស់គ្នា​, បើ​ផ្កាយព្រឹក​មិនទាន់​រះ មិន​ត្រូវ​ឈប់​ទេ " ។ គិត​ព្រម​គ្នា​ដូច្នេះហើយ ក៏​នាំគ្នា​ជញ្ជូន​ដី រែក​ទូល​តាម​ថាមភាព​រៀងខ្លួន​ទៅ ។​ ​ ​ ​ពេល​នោះ​ជា​ពេល​រាត្រី ពួក​ស្រីៗ មាន​ប្រាជ្ញា​ជញ្ជូន​ដី​អស់​វេលា ៣–៤ ម៉ោង ក៏​នាំគ្នា​បង្ហូតគោម​មួយ​តូច​យ៉ាងខ្ពស់ នៅ​ជ្រុង​ឦសាន​ភ្នំ ពួក​ប្រុសៗ​ក្រឡេក​មើល​ទៅ​ឃើញ​គោ​ម ដែល​ស្រី​បង្ហូត​នឹង​ឫស្សី​មួយ​ដើម​នោះ ស្មានថា​ផ្កាយព្រឹក​រះ ក៏​បបួលគ្នា​ឈប់​ធ្វើការ នាំគ្នា​និទ្រា​លក់​អស់​ទៅ គ្មាន​សល់​ម្នាក់ ពួក​ស្រីៗ​ក៏​នាំគ្នា​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយព្រឹក​រះ​មែនទែន ទើប​ឈប់ ។​ ​ ​ ​ ​ដល់​មាន់រងាវ​កឺ​តៗ ប្រុសៗ​ភ្ញាក់ឡើង ឃើញ​ផ្កាយព្រឹក​រះ​ក៏​លាន់មាត់​ថា " យើង​ទាំងអស់​គ្នា​ខុស​ហើយ ផ្កាយព្រឹក​មែនទែន​ទើបតែនឹង​រះ​សោះ ", ហើយ​នាំគ្នា​ក្រឡេក​មើល​ទៅ​ភ្នំ​ស្រី​មាន​ទំហំ​ធំ​ខ្ពស់​ជាង​របស់ខ្លួន ក៏​មាន​សេចក្ដី​អៀនអន់​ក្នុង​ចិត្ត ដោយ​ចាញ់កល​ស្រី ។​ ​ ​ ​ ​តាំងពី​នោះ​មក ប្រុសៗ ក៏​ដណ្ដឹង​ស្រីៗ ធ្វើជា​ភរិយា​ដរាប​ដល់​សព្វថ្ងៃ​នេះ ។​ ​ http://i66.tinypic.com/10ri8np.jpg