សត្វប្រឡាំងកាស
អំពីសត្វប្រឡាំងកាស ៖
ប្រឡាំងកាសជាសត្វសមុទ្រ វាមានស្នូកស្តើងគ្របពីលើដូចផ្តិល តែស្នូកស្ដើងស្រួយ មានពងដូចក្ដាម តែធំៗជាងពងក្ដាម,បើយើងចាប់វាផ្ងាពោះ យើងឃើញជើងវាដូចជើងបង្កង។ សត្វញីមានមាឌធំជាងសត្វឈ្មោល ជាធម្មជាតិរបស់វាកាលណាសត្វឈ្មោលឡើងទៅបង្កាត់ពូជជាមួយសត្វញី ប្រឡាំងកាសញីក៏បញ្ចេញសាធាតុគីមីម្យ៉ាងធ្វើឲ្យប្រឡាំងកាសឈ្មោលខ្វាក់ភ្នែក ដែលជាហេតុធ្វើឲ្យវាមិនអាចរកស៊ីដោយខ្លួនឯងកើត ហើយត្រូវតោងលើខ្នងប្រឡាំងកាសញីដើម្បីរស់អស់មួយជីវិត ។ ដោយហេតុនេះហើយបានជាចាស់ៗលោកតែងប្រដូចមនុស្សប្រុសណា ដែលមិនចេះធ្វើអ្វីរស់ពឹងតែលើកម្លាំងមនុស្សស្រីចិញ្ចឹម លោកតែងហៅមនុស្សប្រុសរបៀបនេះថា អាប្រឡាំងកាស ។ ហេតុនេះប្រុសៗកុំធ្វើខ្លួនជាសត្វប្រឡាំងកាសឲ្យសោះ ។
សម្រាប់ឈាមរបស់វាវិញមានពណ៍ខៀវ ដែលមានក្រុមហ៊ុនធំៗ៤ឬ៥កំពុងរកស៊ីបឺតឈាមសត្វប្រឡាំងកាសដើម្បីយកទៅផលិតក្នុងវិស័យឱសថ។ ហើយឈាមរបស់សត្វនេះមានតំលៃថ្លៃណាស់ ដោយក្នុង១លីតស្មើនឹង១៥.០០០ដុល្លាឯណោះ ព្រោះឈាមរបស់វាអាចបញ្ឈប់ការរីករាលដាល នៃបាក់តេរី ដោយការធ្វើឲ្យកកពេលដែល ឈាមជួបជាមួយនឹងបាក់តេរី ដោយមិនបានសម្លាប់ជីវិតវាឡើយ។ ពួកគេបានប្រើប្រាស់នូវ ឧបករណ៍ម្យ៉ាងសំរាប់បូមឈាម ចេញពីវា នូវបរិមាណដែលចង់បាន ហើយប្រលែងពួកវា ទៅក្នុងសមុទ្រវិញ។


