ចាញ់ជាព្រះ ​ឈ្នះជាមា!! ឃ្លានិយាយពីមាត់មួយកទៅមាត់មួយ, តើត្រឹមត្រូវនឹងប្រើទេ?

S
sathya
បរិបថសង្គមតែងប្រែប្រួលពីរបបមួយទៅរបបមួយ មិនថាប្រទេសណានោះទេ ។ បរិបថដែលល្អគឺ សង្គមដែលមិនមានការរើសអើង ឋានៈ តួនាទី ព័ណសម្បុរ ជំនឿ និងការដឹកនាំដែលហ៊ានទទួលការវិភាគដើម្បីកែលម្អ។ យ៉ាងណាមិញ, ពីដើមឡើយដោយសង្គមខ្មែរទទួលរងនូវការឈ្លានពាន ឈ្នានិះ គាបសង្កត់ពីរាល់គ្រប់និន្នាការ ដែលធ្វើឲ្យប្រជាជនមានការបាក់ស្បាត រហូតដល់ណែនាំឲ្យកូនចៅ ត្រូវចេះធ្វើអ្វីឲ្យមើលកាលៈទេសៈ ទើបពួកគាត់ចេះតែប្រកាន់ខ្ជាប់នូវពាក្យថា " ចាញ់ជាព្រះ ឈ្នះជាមា " ។ ចំពោះខ្ញុំយល់ថាពាក្យកាបឃ្លោងខាងលើ មិនសាកសម នឹងប្រើចំពោះសង្គមមួយដែលមានការជិះជាន់ កេងប្រវ័ញ្ច អំនួតអួតអាងឡើយ ។ ពាក្យខាងលើនេះនឹងឲ្យក្រុមមនុស្សដែលយល់ដូច្នោះ មិនមានគំនិតងើបឡើងចេញពីនឹមអាណានិគមមួយនេះជាដាច់ខាត។ ហេតុអីខ្ញុំហ៊ាននិយាយដូច្នេះ? ជាឧទាហរណ៍ដ៏ល្អមួយ បើអ្នកស្វែងយល់អំពី ប្រវត្តិព្រះសាម្មាសម្ពុទ្ធនៃយើង ទ្រង់មិនដែលចាញ់មា​ សូម្បីតែម្ដង គឺមានតែពាក្យថាផ្ចាញ់មារ តែប៉ណ្ណោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់មិនដែលមានព្រះអង្គដីការ យ៉ាងនេះទេ ។ តើព្រះអង្គផ្ចាញ់មារ ដោយវិធីសាស្ដ្របែបណាខ្លះ ? ឈ្នះមារាធិរាជ ដោយទានបារមី ឈ្នះអាឡាប្បកៈយក្ស ដោយខន្ដី ឈ្នះណាណាគីរី ដោយមេត្តា ឈ្នះនាងចិញ្ចា ដោយសច្ចៈ ឈ្នះសច្ចកៈនិគ្រុទ ដោយបញ្ញា ឈ្នះនន្ទោបៈនន្ទនាគរាជ ដោយឲ្យឧបទេឫទ្ធិដល់ព្រះមោគ្គលាន ឈ្នះពៈកាព្រហ្ម ដោយឱសថ គឺព្រះធម្មសំដែងពន្យល់ ប៉ុន្តែការឈ្នះ ទ្រង់បង្រៀនឲ្យមានវិធីឈ្នះ “ ឈ្នះបុគ្គលក្រោឌដោយការមិនក្រោឌ “ “ ឈ្នះបុគ្គលអាក្រក់ដោយធ្វើសេចក្តីល្អ “ “ ឈ្នះបុគ្គលកំណាញ ដោយសន្ដានចិត្ត ទឹកចិត្ត “ “ ឈ្នះបុគ្គល និយាយ ឡេះឡោះ ដោយថ្លែងសម្ដីសច្ចៈ មើងម៉ាត់ “ ។ល។ ![1as.jpg](https://serey.io/imageupload_data/d04a605a4a14d8e71f5ccc900020ec175c9564a3) តើពាក្យ “ ចាញ់ជាព្រះ ឈ្នះជាមារ “ មានប្រភពចេញពីណាឲ្យពិតប្រាកដ? តាមទស្សនៈ របស់ខ្ញុំ តាមរយៈការសិក្សាស្រាវជ្រាវ យល់ឃើញថា៖ ឃ្លាមួយប្រយោគនេះ គឺកើតចេញ របបដឹកនាំផ្ដាច់ការមួយណែនាំឲ្យប្រើប្រាស់ តាមរយៈវិស្ស័យអប់រំ, តាមរយៈការនិយាយពីមាត់មួយទៅមាត់មួយ ដើម្បីឲ្យពួកគេងាយស្រួលគ្រប់គ្រងដោយមិនឲ្យមានការរើបម្រាស់ ។ រីឯអ្នកដែលជ្រួតជ្រាបឃ្លានេះពេញខ្លួនរមែង តែងតែគេចវេសពីការពិត និងងាករេរកប្រកបការណ៍ដើម្បីតែខ្លួន និងគ្រួសារ ដោយមិនខ្វល់ពីសង្គមដ៏ធំមួយ ដែលក្រុមគ្រួសារខ្លួនទាំងមូលកំពុងទទួលរងឥទ្ធិពល ។ អ្វីដែលខ្ញុំយល់ឃើញ មិនប្រាកដថា អ្នកនឹងយល់ដូចខ្ញុំនោះទេ ។ មានតែសង្គមដែលអ្នកកំពុងរស់នៅ ទើបអាចឲ្យអ្នកយល់ឃើញបែបណានោះ ។ សង្ឃឹមថា ការស្រាវជ្រាវរបស់ខ្ញុំ អាចជាចំណែកចែករំលែកដល់អ្នកមួយផ្នែក ។

Comments