ទំនិញ តាមមាត់

S
sathya
![khk.jpg](https://serey.io/imageupload_data/a336403887c1095ba5aee5bb5d9b426f6027df8c) សង្គមខ្មែរមួយរយៈតាមការប្រមើមើល គឺមានសេដ្ឋកិច្ចមិនឋិតថេរសោះឡើយ មានទាំងទំនិញប្រកួតប្រជែងតម្លៃ ពិសេសទំនិញផលិតផលនាំចូល ពីចិន វៀតណាម តែគុណភាពវិញស្ទើរសូន្យ ថោកមែនតែឆាប់ខូច ខ្ជះខ្ជាយថវិកាដោយមិនដឹងខ្លួន។ ឯទំនិញខ្លះទៀតថ្លៃកប់ពពក ឬទំនិញថ្លៃតាមមាត់ ដោយមិនប្រមាណថាមានទំនិញគេដទៃល្អដូចខ្លួន ឬជាងខ្លួន ហើយតម្លៃសមរម្យ ។ នេះក៏ដោយសារកត្តាមួយចំនួន ដែលថ្នាក់ដឹកនាំ មើលមិនឃើញ ឬធ្វើមិនឃើញ ។ ខ្ញុំនិយាយនេះក្នុងនាមជាកូនខ្មែរម្នាក់ដែលរស់នៅក្នុងសង្គមមួយនេះ ហើយកំពុងធ្វើដំណើរឆ្លងកាត់ ភាពអវិជ្ជមាន យ៉ាងច្របូកច្របល់មួយនេះផងដែរ​ ។ កត្តាដែលគួរឲ្យកត់សំគាល់់មាន៖ ពន្ធៈ ប្រទេសណាក៏ត្រូវការកំណត់ពន្ធរាល់មុខទំនិញ ទាំងក្នុង និង ក្រៅស្រុក ដើម្បីជាចំណូលសម្រាប់រដ្ឋាភិបាលយកមកស្ដារប្រទេសរាងៗខ្លួន ។ បើប្រទេសអ្នកកំពុងអន់ថយខ្លាំង តើអ្នកគួរយកពន្ធក្នុងតម្លៃថ្លៃ រហូតមិនគិតសមតុល្យចំណូលប្រជាពលរដ្ឋម្នាក់ៗឬ? គេចពន្ធៈ កើតទៅរួចដោយសារ ៩៩,៩៩% ដោយសារមន្ត្រីគយ កាំកុងត្រូល ពូលិសសេដ្ឋកិច្ច ជារួមអាជ្ញាធរតាមច្រកព្រំដែន ច្រករបៀននានា​ គឺសុទ្ធតែរកលុយបំពេញចិត្តមេ (ថ្នាក់លើ) និងសល់ប៉ុន្មានចែកគ្នា ដោយមិនគិតពីចំណូលប្រទេសជាតិជាធំឡើយ ដូចពាក្យដែលប្រជាជនចេះដឹងមួយចំនួនថា ពុករលួយជាប្រព័ន្ធ មិនខុសទេ។ ការគេចពន្ធនេះដែរ ដែលជាហានិភ័យខ្ពស់ខ្លាំងណាស់ដល់អ្នកប្រើប្រាស់ ព្រោះជាទំនិញគ្មានការត្រួតពិនិត្យត្រឹមត្រូវ អាចជាទំនិញហួសកាលកំណត់ ទំនិញក្លែងក្លាយផលិតផលមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដទៃ ទំនិញចម្លងម៉ូដ (ផ្ដាច់មុខ) ។ល។ បើមានបញ្ហាប៉ះពាល់សុខភាព គឺក្រុមលក់ផលិតផលទាំងនោះមិនដែលទទួលខុសត្រូវ ព្រមទាំងបិទសាប៊ូគូទទៀត ។ ![jkljl.jpg](https://serey.io/imageupload_data/0ecc24f9b6d0e6514ce3a216f57be8902e3fbf6b) ការគេចពន្ធនេះ នឹងក្លាយជាទំនិញលក់ដាច់ខុសពីធម្មតា ក៏ព្រោះតម្លៃទាបជាងទីផ្សារប្រកួតប្រជែង ។ និយាយពីផលិតផលកសិកម្មវិញ កម្ពុជាកំពុងរត់ចូល ហានិភ័យខ្ពស់ផងដែរ ដោយសារតែគ្មាន ការជ្រុមជ្រែងខ្លាំងពីប្រមុខដឹកនាំ ហេតុអ្វីខ្ញុំហ៊ានសន្និដ្ឋានដូច្នេះ? ឧទាហរណ៍ ស្រូវខ្មែរ ។ មុនពេលដាំដុះក្រុមឈ្មួញជើងសារ តែងអួតថាពូជនេះ មានទិន្នផលខ្ពស់លក់បានថ្លៃ តែត្រូវប្រើប្រាស់វិធីសាស្ត្រតាមដែលគេចង់ឲ្យធ្វើ ។ ប្រជាកសិករនឹងត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានដូចអ្វីដែលឈ្មួញប្រាប់ ដូចជា ការទិញពូជ ទិញជី (ថ្លៃជីកើនថ្លៃជាលំដាប់រហូតបានផល) ។ កសិករយើងជាទូទៅធ្វើរាប់ហិចតា ដូច្នេះនឹងចំណាយប្រាក់ច្រើនមិនខាន មានតែដើរខ្ចីបុល ឬខ្ចីធនាគារចងការប្រាក់ ដើម្បីដំណើរការស្រូវរហូតទទួលបានទិន្នផល ។ អ្វីដែលនឹកស្មានមិនដល់នោះគឺ ៖ ទំលាក់ថ្លៃស្រូវកសិករ ដោយយោងថាគ្មានតម្រូវការនាំចេញ (ចំនុចទាល់ច្រកនេះ ប្រជាកសិករភាគច្រើនលក់លៃឡុង ក្នុងតម្លៃទាប ដើម្បីសងបំណុលតាមដែលអាចទៅរួច) ស្រូវត្រូវបានរងនូវការលួចប្រើប្រាស់ស្លាកយ៉េហោពីប្រទេសខិលខូចមួយចំនួន មិនដឹងថានេះ ដោយចេតនា ឬអចេតនានោះទេ ព្រោះមិនដែលបានឃើញថ្នាក់ដឹកនាំ លាតត្រដាងឲ្យបានទូលំទូលាយ ឲ្យប្រជាពលរដ្ឋទាំងនគរបានជ្រាបឡើយ ។ យ៉ាងណាក៏ គេចមិនផុតពីការចែករំលែកតៗគ្នាតាមរយៈបណ្ដាញសង្គមនានា ដោយមិនអាចប្រកែកបាន ។ ![jkhkjhk.jpg](https://serey.io/imageupload_data/949f7dd079b59d183e97f9ffa29162115d14f904) នេះហើយជាទំនិញតាមមាត់នោះ ហានិភ័យណាស់ដល់អ្នកមិនគិតបានជ្រៅជ្រះ អាចត្រូវបានរឹបអូសទ្រព្យពីម្ចាស់បំណុល ក្លាយខ្លួនឈឺ សុំទាន ប្រើបា្រស់ថ្នាំ សម្លាប់ខ្លួន លួច ឆក់ ប្លន់ ។ នេះហើយដែលនាំឲ្យប្រទេសមួយនេះមិនអាចងើបមុខរួចជានិរន្ដ ។ សង្គមច្របូកច្របល់ ចូលគុកមុខដដែលៗ អ្នកតូចចាញ់ក្ដី ។ល។ តើអ្នកមើលឃើញហើយ ធ្វើមិនឃើញដើម្បីអ្វី ? អ្នកជាស្តេចនៃអាណាចក្រមួយរូបគ្រប់គ្រងអំណាចលើទឹកដីផ្ទាល់មួយដែរតើ, ហេតុអ្វីត្រូវរងការចង្អុលបញ្ជាពីជនដទៃ ដែលមានអំណាចមិនបានសសៃសក់របស់អ្នកក្នុងអាណាចក្រមួយនេះ? សូមឆ្លើយផង បើអ្នកបានឃើញ និងដឹងរាល់កង្វល់របស់កវីម្នាក់នេះ ។ ![;ljkjkhghk.jpg](https://serey.io/imageupload_data/1f16e3723303102bebed0e07132051ea9c75a7fa)

Comments

sarith71
បញ្ហាធំបំផុតគឺ អំពេីពុករលួយនឹងតែម្ដង។ បេីខ្មែរយេីងអាចបំបាត់អំពេីពុករលួយបាន នោះខ្មែរយេីងនឹងអាចរីកចំរេីនបានលឿនបំផុត។
abiyamuda
Very good Bean !
យើងទាំងអស់គ្នាសង្ឃឹមថាប្រជាជននឹងទទួលបានប្រាក់ចំណូលល្អនិងសមរម្យដើម្បីជីវិតរបស់ពួកគេនឹងប្រសើរឡើងដែលជាផលិតផលដាំដុះដែលអាចធ្វើទៅបានក្នុងការអភិវឌ្ឍទូទាំងពិភពលោក។ ណែនាំខ្ញុំ @helmibireuen ពីប្រទេសឥណ្ឌូនេស៊ីដែលល្អនឹងជួបអ្នក
sathya
សូមអរគុណចំពោះការ vote ផ្ដល់ការគាំទ្រ និងសូមឆ្លើយតបដ៏ខ្លីថា កូនខ្មែរមានខួរក្បាលល្អណាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសខ្លួន តែមានការទំលាក់សំដីពីមេដឹកនាំមួយរូបថា កូនខ្មែរខ្វះការយល់ដឹង ឬកង្វះសមត្ថភាពលើបច្ចេកទេស ទើបនាំជនបរទេសដ៏ច្រើនលើសលុកមក បំពេញការងារលើទឹកដីដ៏កំសត់មួយនេះ​ ក្នុងតម្លៃខ្លួនខ្ពស់ មិនតិចជាងពលករខ្មែរយើងដែលបំពេញការងារក្រៅប្រទេសនោះឡើយ ។ បានន័យថា​យ៉ាងម៉េច បងៗ ប្អូនគួតែយល់ហើយមែនទេ ។ នេះហើយកូនខ្មែរដែលត្រូវហ្វូងមនុស្សមួយក្ដាប់តូចមើលងាយទូទាំងនគរ៕