អ៊ីរ៉ង់ រុស្សី នឹងខ្ទេច បើនៅតែជួយ ស៊ីរី
ស៊ីរីៈ ការប្រឈមមុខដាក់គ្នា នៅក្នុងប្រទេសស៊ីរី កាន់តែតានតឹង ហើយទឹកដីស៊ីរី កំពុងក្លាយទៅជាសង្វៀនប្រយុទ្ធយ៉ាងសហាវ រវាងក្រុមពីរ ដែលម្ខាងដឹកនាំដោយអាមេរិក និងម្ខាងទៀត ដឹកនាំដោយរុស្ស៊ី។

ពេលនេះ ខាងអាមេរិក ដែលមាន អង់គ្លេស បារាំង និងអាល្លឺម៉ង បានឡើងគម្រោងវាយប្រហារជាទ្រង់ទ្រាយធំទៅលើប្រទេសស៊ីរី ប្រសិនបើរកឃើញថា មានការប្រើប្រាស់អាវុធគីមីវាយប្រហារនៅខេត្ត Idlib ជាទីតាំងចុងក្រោយ របស់ក្រុមប្រឆាំងគាំទ្រដោយលោកខាងលិច។ លើសពីនេះទៅទៀត អាមេរិក បានព្រមានវាយប្រហារទាំងទីតាំងរុស្ស៊ី នៅលើទឹកដីស៊ីរី ទៀតផង។

ភ្លើងសង្គ្រាមនៅស៊ីរី កាន់តែឆេះខ្លាំងឡើងៗជាងពេលណាទាំងអស់ ពេលលោកខាងលិច បានត្រៀមវាយប្រហារជាទ្រង់ទ្រាយធំទៅលើស៊ីរី ក្នុងពេលដែលរដ្ឋាភិបាលស៊ីរី ក្រោមការជួយពីរុស្ស៊ី តួកគី អ៊ីរ៉ង់ បានត្រៀមវាយប្រហារជាទ្រង់ទ្រាយធំ ដណ្តើមទីតាំងចុងក្រោយពីក្រុមប្រឆាំងនៅខេត្ត Idlib មកវិញ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល អូសបន្លាយរយៈពេលជាង៧ឆ្នាំមកនេះ។
សង្គ្រាមវាយប្រហារនៅក្នុងប្រទេសស៊ីរី ជាលើកចុងក្រោយនេះ អាចនិយាយបានថា មិនមែនជាការវាយប្រហាររវាងទាហានរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងស៊ីរីនោះឡើយ គឺជាការវាយប្រហាររវាងប្រទេសមហាអំណាចយោធាទាំងពីរ អាមេរិក រុស្ស៊ី។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើ សារព័ត៌មាន Wall Street Journal បានដកស្រងសម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton កាលពីថ្ងៃទី១០ ខែកញ្ញា បានបញ្ជាក់ថា «អាមេរិក កំពុងតែពិភាក្សាជាមួយ បារាំង អង់គ្លេស ជាដៃគូ ដែលបានបាញ់មីស៊ីលជាង១០០ដើម ចូលក្នុងទឹកដីស៊ីរី កាលពីខែមេសា ឆ្នាំ២០១៨ បានបន្តឡើងគម្រោងសហការវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើប្រទេសស៊ីរី។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចេញបញ្ជាឲ្យបើកការវាយប្រហារជាទ្រង់ទ្រាយធំ ប្រសិនបើរកឃើញថា រដ្ឋាភិបាលរបស់លោក អាលអាសាដ ប្រើប្រាស់អាវុធគីមី នៅខេត្ត Idlib៕
ប្រភព : https://campost.news/read_news/29399

