គ្រប់គ្រងអាជីវកម្មគ្រួសារ ឲ្យបានលទ្ធផលល្អ អនុវត្តបែបណា?

S
sathya
សុំចែករំលែក អាជីកម្មខ្នាតតូចដែលគ្រួសារខ្ញុំ កាន់កាប់ នឹងទទួលជោគជ័យ ដូចបំណង ។ ហាងលក់របៀបអាហារដ្ឋានក្នុងទីធ្លាសាលា ដែលមានកុងត្រា ។ ខ្ញុំមិនដែលមានចំណាប់អារម្មណ៍ខាងជំនាញនេះពីមុនមកទេ ។ សកលវិទ្យាល័យមួយ ( សុំមិនបញ្ចេញឈ្មោះ) មានកុងទីនឬ អាហារដ្ឋានប្រភេទផ្ដាច់មុខ ចំនួន ៦ហាង ។ មានហាងការ៉េម, ហាងស៊ុប/បាយ/បបរ , ហាងកាហ្វេ, បណ្ណាល័យ, ហាងកូពី ។​ ហាងទិ ៦ គឺហាងខ្ញុំ ដែលពួកខ្ញុំស្ទើរកនឹកមិនឃើញ គឺអាហារកេរ្ដិ៍ពីដូនតាយើងនេះឯង ( នំបញ្ចុក) ។ ![hfgd.jpg](https://serey.io/imageupload_data/169c05ac329393cdd4f967a1832e40bbc65570c8) ហាងតូចមួយនេះ ឥឡូវចាប់រីកមាឌហើយ ដោយសារមានការគាំទ្រពីរអតិថិជនគោលដៅ របស់ខ្ញុំ :-) ពេលរដ្ឋបាលសាលាអនុញ្ញាតហើយ ដោយប្រពន្ធខ្ញុំមានដុងខាងធ្វើអាហារគ្រួសារ ក៏ចាប់ផ្ដើមធ្វើសំឡ ដោយមានការណែនាំពីចាស់ទុំផងនោះ, ការងារអាជីកម្មនេះចាប់ផ្ដើមសាងសង់គ្រឹះនៅសកលវិទ្យាល័យមួយនេះ ។ ចំណង់អតិថិជនជាដំបូងស្ទើតែគ្មានសូម្បីម្នាក់ ។ ពាក្យសំដីនេងណង ជាមួយភ្ញៀវ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមពីលោកគ្រូម្នាក់រហូតមានសិស្សចូលជាបន្ដបន្ទាប់ ។ ខ្ញុំតែងតែនិយាយនិទានលេង ជាមួយភ្ញៀវរបស់ខ្ញុំ អំពីប្រវត្តិនំបញ្ចុក ។ ខ្ញុំក៏ខិតខំស្រាវជ្រាវ និងសួរនាំចាស់ៗជំនាន់មុនផងដែរ តែមិនមានអ្នកដឹងច្បាស់ថា នំបញ្ចុកកើតពីពេលណាមកទេ ។ គ្រាន់តែថាមានអ្នកប្រាជ្ញាខ្មែរយើងម្នាក់ឈ្មោះធនជ័យ ដែលបាននិរទេសទៅនៅចិនមួយរយៈ តែដោយសារជំនាញធ្វើនំបញ្ចុកនេះហើយទើបសន្សំបានប្រាក់មកស្រុកខ្មែរវិញ ។ ព្រមទាំងរបៀបធ្វើសសៃនំបញ្ចុកទាំងប្រាំពីរដំណាក់កាល ក៏មិនលាក់លៀមភ្ញៀវដែរ ឲ្យតែភ្ញៀវចង់ដឹង។ ទាំងនេះកាន់តែធ្វើឲ្យខ្ញុំមានការកើនឡើងជាលំដាប់ តែមិនទាន់គ្រប់គ្រាន់ទេ ព្រោះអាហារប្រភេទនេះភាគច្រើនគេមិនសូវញាំពេលព្រឹកទេ។ ដែលធ្វើឲ្យខ្ញុំរិះរកវិធី លក់អ្វីបន្ថែមលើម៉ោងទំនេរ ហើយមិនប៉ះពាល់ដល់អាហារដ្ឋានដទៃ ។ សិស្សសាលាពួកគាត់ជាអតិថិជនទើបពេញវ័យ អញ្ចឹងតើអ្វីជាការទាក់ទាញដល់ពួកគាត់ឲ្យចូលអាហារដ្ឋានខ្ញុំ? តាមរូបមន្ដអាជីវកម្មមួយ ត្រូវសាងសង់ សំណង់ល្អ ទាំងលើផលិតផល និងសេវាកម្ម ។ យល់បែបនេះ ក៏មានសិក្សាជាមួយគ្រួសារ, រួចរាល់ពួកខ្ញុំចាប់ផ្ដើម ដេគ័រហាង តាមលក្ខណៈធម្មជាតិ៖ បិទរូបធម្មជាតិ, ចម្លាក់ខ្មែរបុរាណ, តាំងសៀវភៅប្រវត្តិសាស្ត្រ, តាំងថូរុក្ខជាតិប្លែកៗ (ត្រូវដឹងពីអត្ថប្រយោជន៍ ទុកជាចម្លើយ) តុបតែងតុទទួលអាហារ បង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទទួលយកផលិតផល និងសេវាកម្ម បុគ្គលិក មានភាពរស់រាយរាក់ទាក់ បុគ្គលិកយល់ច្បាស់ល្អ អំពីរាល់តំលៃមុខទំនិញ និងចេះដោះស្រាយបញ្ហាជូនអតិថិជន ទាន់ការណ៍ ព្យាយាមពង្រីក ឬដាក់បញ្ចូលផលិតផលថ្មីៗ ដែលហាងដទៃគ្មាន (ត្រង់នេះហើយដែលហាងខ្ញុំមានភ្ញៀវច្រើនយ៉ាងឆាប់រហ័ស)។ អាជីវកម្មស្ថិតក្នុងការប្រកួតប្រជែង ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ហាងដទៃ, អ្វីជាដំណោះស្រាយ? ចំនុចនេះមិត្តៗជួយខ្ញុំផង ។ ខ្ញុំក៏ទាល់គំនិតនេះដែរ តែអ្វីដែលខ្ញុំកំពុងធ្វើសព្វថ្ងៃគឺ ការញញឹមរាក់ទាក់ និយាយលេងដោយទឹកមុខស្រស់ស្រាយ មិនថាហាងមួយដែលនៅទល់មុខហាងខ្ញុំនោះ គេនិយាយទាំងសោះកក្រោះមកកាន់ខ្ញុំ និងបុគ្គលិកខ្ញុំយ៉ាងណាក៏ដោយ ។ យ៉ាងណាក៏ដោយសព្វថ្ងៃនេះ តាំងពីចាប់ផ្ដើមដោយខាតប្រាក់ រហូតទទួលបានចំណូលប្រាក់លានរៀលក្នុងមួយខែ គឹចាត់ថាអាជីវកម្មមួយនេះ ពួកខ្ញុំទទួលជោគជ័យយ៉ាងត្រចះត្រចង់ នឹងនៅតែធ្វើជាបន្ដទៀត ។ មហិច្ឆតាមនុស្សមិនអស់ឡើយ បើមាននរណាម្នាក់ជាទំនុកចិត្តសម្រាប់ខ្ញុំ ខ្ញុំនឹងផ្ទេរការគ្រប់គ្រងហាងមួយនេះ ហើយខ្ញុំនឹងមានឱកាសស្វែងរករបរដទៃទៀត ។ គេថាមនុស្សមានគំនិតមិនចេះស្លាប់ទេ។ យល់មិនយល់ត្រង់ណា មិត្តៗ អាច comment មកខ្ញុំផ្ទាល់ដើម្បីទទួលយក បទពិសោធន៍ពិតដែលខ្ញុំបាន និងកំពុងតែឆ្លងកាត់, សូមអរគុណ ៕

Comments

wondercury
អរគុណណាស់ដែលចែករំលែកបទពិសោធន៍ក្នុងមុខរបររបស់បង ខ្ញុំពេញចិត្តក្រេបជញ្ជក់យកវាទុកជាមេរៀនបន្ត ។ មិនថាជួបរឿងអ្វីទាំងបងទាំងខ្ញុំត្រូវចងចាំថាធ្វើខ្លួនជាទឹកគ្រប់ស្ថានការណ៍ ហើយអោនដាក់គ្រាប់ជានិច្ច។