ត្រឡប់មកមើលប្រវត្តិសាស្រ្តខ្លះៗ ដែលខ្មែរបានបាត់បង់ទឹកដីដ៏ធំ ហើយចូរកុំកំដរដំណើរច្រំដែល

ក្នុងអំឡុងចុងសតវត្សទី ១៣ ឬប្រហែលទស្សវត្សន៍ឆ្នាំ១២៨០s នៃគ្រឹស្ថសករាជ ដោយសារមានការចុះទន់ខ្សោយនៃការគ្រប់គ្រងរដ្ឋ ព្រមទាំងគ្រោះធម្មជាតិជាញឹកញាប់ផង ដោយសារវិបត្តិផ្ទៃក្នុងផង ដោយសារការថយចុះជំនឿលើថ្នាក់ដឹកនាំផងនោះ ពេលនោះបានបង្កើតអំបូរពូជតៃ ឬសៀម ។ ឯទីក្រុងសុខោទ័យរបស់ខ្មែរ បានក្លាយជារដ្ឋស៊ុឃោថៃដែលគ្រប់គ្រងដោយជនជាតិតៃ, នៅឆ្នាំ១២៨០ ស៊ុឃោថៃបានកើតឡើង អាណាចក្រខ្មែរបានបាត់បង់មួយកំណាត់នេះគឺត្រូវបានបាត់បង់ដោយសារមានអ្នកដឹកនាំមកពីយូណាន, អញ្ចឹងបន្ទាប់ពីស៊ុឃោថៃបានរីកចម្រើនខ្លាំងទៅ ហើយមានលំហូរចូលលោកខាងលិច ទាំងសាសនា ទាំងពាណិជ្ជកម្ម បានធ្វើឲ្យស៊ុឃោថៃរីកមុខមាត់រហូតដណ្តើមយកក្រុងអាយុធ្យាខ្មែរបានថែមទៀត ដោយសារខ្មែរបង្កើតជម្លោះផ្ទៃក្នុងដ៏រាំរ៉ៃក្នុងសត្សវត្សទី ១៣នេះ ។

ចូលដល់ពាក់កណ្ដាលសត្សវត្សទី១៤ ( ១៣៥០ ឆ្នាំនៃគ.ស) អាយុធ្យាក្លាយជាខ្លាសេដ្ឋកិច្ចដ៏ធំរបស់អំបូរតៃ។ បន្ទាប់មកក៏មានការតាំងទ័ព និងវាយយកទឹកដីអង្គរដើម្បីពង្រីកទឹកដីថែមទៀត។ អំបូរតៃត្រូវបានទទួលស្គាល់ជាប្រទេសមួយក្នុងពិភពលោកចាប់ពី ពាក់កណ្ដាលសត្សវត្សទី១៤ នេះមក ។ មូលហេតុនៃការបាត់បង់ទឹកដី ដោយសារថ្នាក់ដឹកនាំខ្មែរ លែងមានការទុកចិត្តគ្នា ប្រជាជនបានជម្លាសខ្លួនចាកចេញពីតំបន់ដែលមានសង្គ្រាមយាយីមកតាំងលំនៅភាគកណ្ដាល ដោយសារគ្រោះធម្មជាតិនានា ទឹកដីអង្គរចាប់ផ្ដើមរួញ ដោយសារកម្លាំងឈ្លានពានដ៏មហិមាពីអាយុធ្យាដែលបានកាន់កាប់បានដល់ទឹកដីអង្គរផងនោះ។នេះជាលើកទីពីរហើយដែលទឹកដីអង្គរខ្មែរត្រូវគេដណ្ដើមបាន ដែលលើកទីមួយគឺជនជាតិចាមវាយយកកាន់កាប់ ១១៧៧ និងដណ្ដើមបានមកវិញឆ្នាំ ១១៨១ ដោយព្រះបាទជ័យវរ្ម័នទី៧ ។
ចុះទឹកដីព្រៃនគរវិញ រងនូវការឈ្លានពានចាប់ពីពេលណាមក?

តាមប្រវត្តិសាស្ត្រ និងការស្រាវជ្រាវសៀវភៅប្រវត្តិសាស្រ្តគឺ ក្នុងសម័យឧដ្ដុង្គ នាសត្សវត្សទី ១៥ (ឆ្នាំ១៤៣១) ដែលព្រះបាទពញាយ៉ាត ប្ដូរពីរាជធានីអង្គរ មកកាន់ទួលបសាន ទឺកដីខេត្តកំពង់ចាម រហូតមក រួចហើយបានប្ដូរពីទួលបសានមកកាន់ចតុមុខ ដែលយើងបានដឹងថាជារាជធានីភ្នំពេញមកទល់សព្វថ្ងៃ ។ នៅពេលនោះឯងកំលាំងដ៏ខ្លាំងមួយរបស់ជនជាតិដាយវៀត (ជនជាតិភាគតិចរបស់ចិន) ដែលយើងអោយឈ្មោះថាអណាម នៅតំបន់តុងគឹងបានរីករាលដាលកាន់តែខ្លាំងទៅៗ ( សូមបញ្ជាក់ថាអំបូរនេះកើតឡើងនៅភាគឦសាន្ដនៃអាណាចក្រខ្មែរតាំងពី សត្សវត្សទី១០ នៃគ្រឺស្ថសករាជ (ប្រហែលឆ្នាំ៩៣០) ។ ភាពខ្លាំងនៃដាយវៀតដែលរស់នៅតាមដងទន្លេលឿងនេះបានធ្វើឲ្យមានការគំរាមកំហែងដល់ប្រទេសចម្ប៉ា ដែលនៅភាគខាងកើតប្រទេសកម្ពុជា។ ដោយយកឯករាជ្យបានពីចិន អណាមបានបន្ដមកកាន់កាប់ប្រទេសចម្ប៉ានាសត្សវត្សទី១៥-១៦ដោយជោគជ័យតាមរយៈមនោគមវិជ្ជា (ការញោះញង់ផ្ទៃក្នុង, ការយកស្រីជាអន្ទាក់, ការបង្ហូរជាតិសាសន៍, ការលើកបន្ដុបមនុស្សល្ងង់(ជាតិសាសន៍ចាម) មកធ្វើរនុគក្នុងដើម្បីរាយការណ៍ដល់ខ្លួន....។ល។) ដោយសារមនោគមទាំងអស់នេះ ទឹកដីចាមបានបាត់បន្ដិចម្ដងៗរហូតបាត់ឈ្មោះចេញពីផែនទីពិភពលោក ហើយជាតិសាសន៍នេះក្លាយជាជនជាតិភាគតិចរស់លើទឹកដីកំណើតខ្លួន ។
រូបមន្ដនេះបានសាយភាយបន្ដមកដល់ទឹកដីខ្មែរ ។ អណាមបានប្រើរូបមន្ដនេះដដែលមកលើស្ដេចខ្មែរដែលកំពុងគ្រងរាជ រវាងស្ដេចជ័យជេដ្ឋាទី២ និងការលើកកូនស្រីឲ្យរបស់ស្ដេចអណាមត្រកូល ( ង្វៀន) ។ ពេលនោះខ្មែរបានបង្កើតកិច្ចព្រមព្រៀងមេត្រីមាន នៃសិទ្ធសុំជ្រកកោនរបស់ជនជាតិអណាម តាមដងទន្លេ និងផ្លូវទឹកនានា នៃទីក្រុងកំពង់ក្របី ឬក្រុងព្រៃនគរ ។ ទឹកដីខ្មែរក្រោមក៏បានទទួលសិទ្ធិគ្រប់គ្រងពេញលេញ ក្រោយប្រកាសឯករាជ្យចេញពីបារាំងដែលបារាំងលើកទឹកដីនេះឲ្យប្រទេសដាយវៀតជាអ្នកគ្រប់គ្រងបន្ដដោយសារមានជនជាតិដាយវៀតរស់នៅច្រើននៅតំបន់នោះ និងដោយសារតែយកស្រីជាធ្នាក់ផ្លូវចិត្តបារាំងសេសអស់ទាំងនោះផងដែរ ។
តើធ្វើយ៉ាងណាឲ្យកូនខ្មែរចងចាំ និងចិញ្ចឹមចិត្តថាជាទឹកដីខ្លួន នាពេលខាងមុខ ?
តាមពិតទៅឥឡូវនេះ ជាសត្សវត្សទី២១ ហើយ ជាសម័យបច្ចេកវិទ្យា គ្មាននរណានិយាយកាឡៃបានទៀតឡើយ ។ ការពិតឆ្លុះបញ្ចាំងជានិច្ចតាមរយៈក្រុមអ្នកស្រាវជ្រាវ ពិសេសផ្នែកប្រវត្តិសាស្រ្ត ដែលកំពុងផ្សព្វផ្សាយតាមរយៈបណ្ណាល័យ បណ្ដាញសង្គមនានា ។ ហើយអ្វីដែលកូនខ្មែរត្រូវធ្វើបន្ដគឺគ្រាន់តែតាំងចិត្ត ចេះតតាំង ចេះវែកញែក ចេះលាតត្រដាងការពិត នូវរាល់ទង្វើប្រាសចាកនានា ដែលថ្នាក់ដឹកនាំកំពូលនៃអាណាចក្រមួយនេះ ដើរខុសផ្លូវ ដោយការចាញ់កល្ប ឬដោយភាពល្ងង់ ឬអាត្មានិយម រស់ដើម្បីយោងតែគ្រួសារខ្លួន និងក្រុមមនុស្សដែលរណបខ្លួន ដោយមិនគិតប្រទេសជាតិជាធំ ៕

ប្រវត្តិសាស្រ្តគួរឲ្យជឿជាក់ និងបានស្រាវជ្រាវឡើងវិញដោយ សាស្រ្តចារ្យ សំបូរ មាណ្ណារ៉ា


