ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង បឋមអក្ខន្តិសូត្រ ទី ៥ [១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។

