ការចុះបញ្ជីយានយន្ត និងការប្រឡងយកបណ្ណបើកបរ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប

S
ការចុះបញ្ជីយានយន្ត និងការប្រឡងយកបណ្ណបើកបរ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺ ជាប្រធានបទដែលបានចែករំលែកទៅកាន់សិស្សានុសិស្សនៅស្រុកកោះធំ ដឹកនាំដោយលោកជំទាវ កុយ សុដានី --- ថ្ងៃព្រហស្បតិ៍ ០១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី២៨ ខែ មិថុនា ឆ្នាំ២០១៨ លោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្ត ធុនស្រាល បានអញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិកសមាជិកាគណកម្មកាអន្តរក្រសួង និងមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធ ក្នុងគោលបំណងចង់ឱ្យ សិស្សានុសិស្សមានចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមាន ការរីកចម្រើនជាលំដាប់រហូតឈានដល់ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថ យន្តគ្រួសារ និងរថយន្តធុនស្រាល ដែលក្នុងនោះរួមមាន៖ ការធ្វើបទបង្ហាញដោយមន្ត្រីជំនាញនៃ នាយកដ្ឋានពាក់ព័ន្ធអំពីបញ្ហាជុំវិញការដាក់ដំណើរការប្រព័ន្ធសេវាចុះបញ្ជីយានយន្ត សេវាបណ្ណ បើកបរ ការត្រួតពិនិត្យលក្ខណបច្ចេកទេសយានជំនិះ និងមណ្ឌលប្រឹក្សាយោបល់ ដល់សិស្សានុ សិស្សថ្នាក់ទី១២សរុបប្រមាណ៥៩៥នាក់មកពីវិទ្យាល័យ ហ៊ុន សែន កំពង់កុង វិទ្យាល័យកោះធំ និង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនព្រែកតាដួង ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ថ្លែងទៅកាន់សិស្សានុសិស្សនាឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យ ប្អូនៗទាំងអស់តាមដានព័ត៌មានបច្ចុប្បន្នភាពនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងឱ្យបានច្រើន ដើម្បី អាចផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក និងដឹងពីសកម្មភាពការងាររបស់ក្រសួង ជាពិសេសអាចឱ្យប្អូន បង្កើតគំនិតថ្មីៗបន្ថែមរបស់ខ្លួន។ លើសពីនេះទៅទៀត លោកជំទាវអនុរដ្ឋលេខាធិការ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំយកចិត្តរៀនសូត្រឱ្យបានខ្លាំងជាងមុន ស្តាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូដើម្បីអាចប្រឡង ជាប់ថ្នាក់ទី១២ និងមានឱកាសជ្រើសរើសទិសដៅនៃជីវិតសម្រាប់ខ្លួន និងគ្រួសារ ក៏ដូចជាចូលរួម ចំណែកដល់ការអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យមានការរីកចម្រើនបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះផងដែរ លោកជំទាវអនុរដ្ឋលេខាធិការ កុយ សុដានី ក៏បាននាំយកសម្ភារៈបរិក្ខារមួយ ចំនួនចែកជូនសាលាវិទ្យាល័យទាំងបីផងដែរ ដែលក្នុងនោះសាលាវិទ្យាល័យនីមួយៗ ទទួលបានកំព្យូទ័រមួយគ្រឿង ម៉ាស៊ីនព្រីនទ័រមួយគ្រឿង និងថវិកាមួយចំនួន។

Comments