មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានប្រព័ន្ធភាពស៊ាំ ដែលអាចប្រឆាំងនឹងជំងឺបាននោះទេ។ អ្នកខ្លះមានប្រព័ន្ធភាពស៊ាំខ្សោយ ដែលធ្វើឲ្យមេរោគងាយនឹងចូលក្នុងរាងកាយ ហើយក៏មានអ្នកខ្លះមានប្រព័ន្ធភាពស៊ាំខ្លាំង ដែលអាចធ្វើឲ្យគេមិនងាយឈឺឡើយ។ ជាទូទៅ មនុស្ស ដែលមានប្រព័ន្ធការពារ ឬប្រព័ន្ធភាពស៊ាំខ្សោយ តែងប្រាថ្នា និងច្រណែនអ្នកដែលមានភាពស៊ាំខ្លាំង ដោយសារតែគេងាយនឹងឆ្លងមេរោគជាងអ្នកដទៃ ដូចជាផ្តាសាយជាដើម។
ប៉ុន្តែ អ្នកជំនាញបានផ្តល់យោបល់ឲ្យអនុវត្តវិធីសាស្រ្តខាងក្រោមនេះ ដើម្បីជម្រុញប្រព័ន្ធភាពស៊ាំខ្លួនឲ្យខ្លាំង និងមិនងាយឆ្លងមេរោគផ្សេងៗបាន៖
១. សម្រាកឲ្យបានគ្រប់គ្រាន់
នៅពេលដែលអ្នកមិនទទួលបានដំណេកបានគ្រប់គ្រាន់ វានឹងធ្វើឲ្យប្រព័ន្ធការពារនៅក្នុងខ្លួនរបស់យើង ធ្លាក់ចុះខ្សោយ។ ដូច្នេះ អ្នក ដែលមានប្រព័ន្ធស៊ាំខ្សោយ គួរគេងឲ្យបានពីចន្លោះ៧ ទៅ៩ម៉ោង។ ការណ៍ដែលមានកង្វះនៃការទទួលទានដំណេក អាចនាំឲ្យមានការរលាក និងការវិវត្តនៃមេរោគ។
២. បញ្ជៀសការញ៉ាំអាហារកែច្នៃ
បច្ចុប្បន្ន អាហារកែច្នៃ មានច្រើន ដែលមានឥទ្ធិពលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សធ្លាក់ចុះ បើទោះបីជាអាហារទាំងនោះ អាចផ្តល់ថាមពលច្រើនដល់រាងកាយរបស់មនុស្សក៏ដោយ។ ដូច្នេះ អ្នកគួរជៀសវាងការបន្ថែម ជាតិស្ករ ប្រភេទអាហារវេចខ្ចប់ និងអាហារកែច្នៃផ្សេងៗជាច្រើន។
៣. តែបៃតងជំនួយ
មនុស្សមួយចំនួនមិនដឹងពីអត្ថប្រយោជន៍នៃការទទួលទានតែបៃតងទេ ប៉ុន្តែការពិតតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅតែខ្លាំង។
៤. ការរក្សាផ្ទៃស្អាត
ជារៀងរាល់ថ្ងៃ យើងតែងប៉ះពាល់ទៅលើវត្ថុជាច្រើន ដែលមិនស្អាត ដូចជាដៃចង្កូត បង្កាន់ដៃជណ្តើរ ទូរស័ព្ទ និងរបស់ផ្សេងៗ ដែលអាចមានបាក់តេរីជាដើម។ យើងក៏អាចយកដៃរបស់យើងប៉ះពាល់លើមុខ មាត់ ដែលអាចនាំវីរុស និងបាក់តេរីចូលក្នុងខ្លួនយើងបានយ៉ាងងាយផងដែរ។ ដូច្នេះ អ្នកគួរលុបលាងមុខ និងដៃឲ្យបានស្អាតជារឿយៗ។
៥. គ្រប់គ្រងសេចក្តីតានតឹង
មនុស្សជាច្រើនតែងមានភាពតានតឹងនៅក្នុងចិត្ត ដែលជាកត្តាម្យ៉ាងដែលអាចធ្វើឲ្យងាយនឹងឈឺផងដែរ ដោយសារតែភាពតានតឹងនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយយ៉ាងខ្លាំង។ ដូច្នេះ អ្នកត្រូវគ្រប់គ្រងភាពតានតឹងរបស់អ្នក តាមរយៈការធ្វើលំហាត់ប្រាណ ការហាត់យូហ្គា ការដើរលំហែ និងការធ្វើសមាធិជាដើម។
៦. ជៀសវាងការផឹកគ្រឿងស្រវឹង និងការជក់បារី
នៅក្នុងប្រទេស ដែលមានការប្រកាន់យកព្រះពុទ្ធសាសនា គេតែងព្យាយាមរំលឹកប្រជាពលរដ្ឋរបស់គេ ឲ្យត្រងត្រាប់តាមសីលប្រាំ ដែលមួយក្នុងចំណោមនោះ គឺការមិនទទួលទានគ្រឿងស្រវឹង ដោយសារតែវានាំឲ្យមនុស្សបាត់បង់វិចារណាញ្ញាណ និងការត្រិះរិះពិចារណាជាដើម។ អ្នកវិទ្យាសាស្រ្តក៏បានរកឃើញដែរថា ការទទួលទានគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះអន់ថយ និងងាយធ្វើឲ្យងាយឆ្លងមេរោងថ្លើម។ មិនតែប៉ុណ្ណោះ គេក៏គួរតែជៀសវាងពីបារីផងដែរ ដោយសារតែវាបង្កឲ្យមានហានិភ័យច្រើននៃជំងឺរលាកទងសួត និងជំងឺរលាកសួត។
៧. ធ្វើលំហាត់ប្រាណ
យើងសុទ្ធតែបានដឹងហើយថា ការធ្វើលំហាត់ប្រាណល្អចំពោះសុខភាព។ ដូចគ្នានេះដែរ ការធ្វើលំហាត់ប្រាណអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងៗ ដែលអាចជួយបញ្ជៀសយើងឲ្យផុតពីការឆ្លងជំងឺផ្សេងៗ បើទោះបីជាយើងធ្វើលំហាត់ប្រាណត្រឹមតែ៣០នាទីក្នុងមួយថ្ងៃក៏ដោយ។
៨. ប្រើប្រាស់ខ្ទឹមស
មនុស្សជាច្រើន មិនសូវចូលចិត្តញ៉ាំខ្ទឹមសនោះទេ ដោយសារតែខ្លិនមិនល្អ។ ប៉ុន្តែការញ៉ាំខ្ទឹមឆៅ មានផលប្រយោជន៍ច្រើនចំពោះសុខភាព ដោយសារតែជីវជាតិនៅពេញលេញ។ មានការសិក្សាមួយបានឲ្យដឹងថា ខ្ទឹមសជួយប្រយុទ្ធប្រឆាំងជំងឺផ្តាសាយក្នុងខ្លួន និងជួយជំនួយប្រព័ន្ធភាពស៊ាំរបស់មនុស្ស។
៩. ស្រូបខ្យល់បរិសុទ្ធ និងពន្លឺព្រះអាទិត្យ
មនុស្សជាច្រើន មិនសូវចូលចិត្តញ៉ាំខ្ទឹមសនោះទេ ដោយសារតែខ្លិនមិនល្អ។ ប៉ុន្តែការញ៉ាំខ្ទឹមឆៅ មានផលប្រយោជន៍ច្រើនចំពោះសុខភាព ដោយសារតែជីវជាតិនៅពេញលេញ។ មានការសិក្សាមួយបានឲ្យដឹងថា ខ្ទឹមសជួយប្រយុទ្ធប្រឆាំងជំងឺផ្តាសាយក្នុងខ្លួន និងជួយជំនួយប្រព័ន្ធភាពស៊ាំរបស់មនុស្ស។
១០. ញ៉ាំផ្លែឈើ និងបន្លែ
វីតាមីនស៊ី មានផលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ វីតាមីនស៊ី មាននៅក្នុងផ្លែឈើ និងបន្លែបៃតង ឬស្លឹកបៃតង ដូចជាខាត់ណា ឬស្វាយចន្ទីជាដើម។ ដូច្នេះ អ្នកត្រូវឧស្សាហ៍ញ៉ាំផ្លែឈើ និងបន្លែ ដើម្បីជំនួយដល់ប្រព័ន្ធភាពស៊ាំ៕

