ធ្លាប់វង្វេងខ្លួនឯងឬអត់?

R
roththa09
ធ្លាប់វង្វេងខ្លួនឯងឬអត់?✨❤️
វាជារឿងរ៉ាវដែលខ្ញុំជួបផ្ទាល់កំឡុងពេលខ្ញុំបាត់បង់ការសិក្សា២ឆ្នាំកន្លះ។ ខ្ញុំតែងតែគិតពីលទ្ធផលដែលខ្ញុំធ្លាប់បានសាងពីមុនដូចជាតែងតែជាសិស្សឆ្នើមជាប់លេខ ១ លេខ២ ចូលតារាងកិត្តិយសរាល់ខែបែបនេះឯង។កាលនោះឆ្ងល់ថាហេតុអ្វីបានជាមិនរៀនពូកែដូចមុន តើខួរក្បាលដែលរៀនចូល ពីមុនបាត់ទៅណា? តើការខិតខំពីមុនបាត់ទៅណា? ខំមកយូរហើយ ធ្វើលំហាត់យូរហើយ ឬក៏លំហាត់ធ្លាប់ធ្វើចេញធ្លាប់ចេះបែរជាលែងចេះ ហេតុអ្វីបានជាខ្ញុំខ្សោយយ៉ាងនេះ?
ខ្ញុំអន់ណាស់មែនទេ?!!

ពាក្យទាំងអស់នេះ ប្រយោគទាំងអស់នេះចាក់ក្នុងខួរក្បាលខ្ញុំឡើង២ឆ្នាំកន្លះ កំឡុងពេលពីរឆ្នាំនោះខ្ញុំបានព្យាយាមណាស់ ពេលខ្លះទៅរៀនទៀត តែបន្ទាប់ពីមកពីរៀនវិញថ្ងៃណាក៏ខ្ញុំយំដែរ ព្រោះសមត្ថភាពខ្សោយជាងមុនឆ្ងាយ បន្ទាប់មកខ្ញុំក៏កាន់តែខ្សោយទៅៗ រហូតជិះកង់ទៅរៀនលែងកើត ហើយតែងតែប្រើប្រាស់ថ្នាំពេទ្យជាញឹកញាប់រាល់ថ្ងៃ ខានពុំបានឡើយ។ ក្រោយមកខ្ញុំក៏វក់ជាមួយការលេងទូរស័ព្ទ ពុំបានទៅរៀនទេ ព្រោះហេតុថាជិះកង់មិនកើត ផ្លូវឆ្ងាយទៀត ខ្ទង់៧គីឡូ ហើយផ្លូវកាលនោះមិនមែនបេតុងទេ គឺផ្លូវលំ។ ដូច្នេះហើយវាជាការលំបាកមួយសម្រាប់ខ្ញុំ។ ទោះបីជាមានបញ្ហាអ្វីក៏ដោយ ខ្ញុំក៏ឆាតសុំមេរៀនពីមិត្តភក្តិ មិត្តខ្លះក៏ផ្ញើឲ្យ មិត្តខ្លះក៏អត់។កាលនោះមានអារម្មណ៍ថាអន់ចិត្ត តែក្រោយមកក៏គិតថាប្រហែលជាពួកគេបារម្ភពីសុខភាពខ្ញុំ ដូច្នេះហើយទើបខ្ញុំ សម្រេចចិត្តដាក់ចុះ ហើយចំណាយពេល២ឆ្នាំជាងនោះ ចែករំលែកមេរៀន លេងសើចលើបណ្តាញសង្គម ចំណាយពេលវេលាឲ្យបានល្អបំផុត។ 
បន្ទាប់បានស្វែងយល់ពីរឿងជាច្រើន ទីបំផុតខ្ញុំក៏រកឃើញខ្លួនឯងថា តាមពិតខ្ញុំមិនពូកែទេ មានមនុស្សជាច្រើនដែលពូកែជាងខ្ញុំ ខ្ញុំជាកង្កែបនៅក្នុងអណ្តូងប៉ុណ្ណោះ។ ដឹងថាហេតុអ្វីឬអត់? ព្រោះមនុស្សជុំវិញខ្ញុំពូកែ ដល់មើលមកខ្លួនឯងមានអារម្មណ៍ថារស់នៅតែជាមួយនឹងមេរៀនដែលសាលាកំណត់ពេកភ្លេចបើកភ្នែកមើលពិភពលោកខាងក្រៅ។ ខ្ញុំកាន់តែស្វែងយល់ កាន់តែយល់ថា ខ្ញុំនៅមានរឿងជាច្រើនទៀត ដែលត្រូវតែធ្វើ ហើយក៏មិនបាច់បង្ខំពេកដែរ បានប៉ុណ្ណាយកប៉ុណ្ណឹងទៅ ធ្វើបានខ្លះ វាក៏គ្រាន់បើជាងអត់។ រឿងខ្លះមិនបាច់ទាល់តែល្អឥតខ្ចោះទេ ទោះគ្រាន់បើជាងមុនក៏ប្រសើរដែរ។ បើធ្វើមិនកើតផង ចាំបាច់បង្ខំខ្លួនឯងធ្វើអី រស់នៅជាមួយខ្លួនឯងពិតប្រាកដទៅ។ ចាប់តាំងពីពេលនោះមកអារម្មណ៍ក៏ប្រសើរជាងមុន។
#កុំអាលអស់សង្ឃឹមបើនៅមានជីវិត!

Comments