ប្រហុកស្វាយខ្ចី

R
rin11

ផ្លេកផ្លក់ៗៗ បានម្ជូរញ៉ាំលេងៗម៉ាមុខដែលខ្ញុំល្ងាចនេះ។ ២~៣ថ្ងៃនិងមេឃភ្លៀងចេញទៅណាក៏មិនកើត ល្ងាចនិងក៏ភ្លៀង ពោះឃ្លានតិចៗផងក៏ចូលទៅមើលនៅចង្ក្រានបាយ។ ងាកឆ្វេងឃើញស្វាយខ្ចី ក្រលេកស្តាំចំក្រឡរប្រហុកសាច់ ងើយឡើងលើចំចេកខ្ចី គិតចុះគិតឡើងលូកបារប្រហុកម៉ាដៃ ទាញជ្រុញមកអង្គុយចិញ្ច្រាំប្រហុកម្នាក់ឯង។ បានមួយសន្ទុះដូចខ្វះអីម៉ាមុខ ក៏ងើបដើរទៅបេះម្ទេសបាន២~៣គ្រាប់មកចិញ្រ្ចាំជាមួយប្រហុកមើលតែល្មមហើយក៏ចាក់ស្កពាង (ស្ករត្នោត ) កូរអោយចូលសាច់ជាមួយប្រហុកហើយក៏ដួសដាក់ចាន។

រួចហើយក៏យកស្វាយនិងចេកខ្ចីមកលាងទឹកអោយស្អាត ក៏ហួសទៅបើកទូរទឹកកកមានការ៉ុតត្រសក់និងជីរណាមកថែម រួចក៏ចិតរៀបដាក់ចានយកមកអង្គុយញ៉ាំបណ្តើរមើលទឹកភ្លៀងកំពុងធ្លាក់តាមមាត់បង្អួចផ្ទះយ៉ាងជក់មាត់ជីបៗ។

Comments