ជីវប្រវត្តិរបស់ខ្ញុំ@reacheany.art

R
ចាប់តាំងពីដើមខែឧសភាមកម្លេះដែលនាងខ្ញុំបានចូលជាសមាជិកនៃសហគមសេរី ប៉ុន្តែមិនទាន់បានបង្ហាញពីជីវប្រវត្តិនូវឡើយ។ តើនាងខ្ញុំជាអ្នកណាដែរ? ឈ្មោះដើមនាងខ្ញុំគឺ អ៊ូសំអាត( Ou Samath)សព្វថ្ងៃនេះប្តូរមកជា ឆាយសំអាត( Chhay Samath) ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីមានឈ្មោះថា ឆាយយុន( Chhay Yon ) មកដល់ពេលនេះគឺជិត ១៧ឆ្នាំមកហើយ។ បច្ចុប្បន្ននេះមានអាយុ៣៧ឆ្នាំព្រមទាំងមានបុត្រប្រុសស្រី៣អ្នកជាចំណងអាពាហ៌ពិពាហ៌ទៀតផង។ ហើយកូនទាំង៣របស់នាងខ្ញុំគឺពួកគេកើតនៅប្រទេសហូឡង់ទាំងអស់ កូនប្រុសបងឈ្មោះ បូរាវុឌ្ឍិ៍ កូនទី២ភេទស្រីឈ្មោះ រាជិនី និង កូន ប្រុស ពៅឈ្មោះ វិសិដ្ឋ។ នាងខ្ញុំគឺជាកូនខ្មែរមួយរូបដែលមានដើមកំណើតកើតនៅក្នុងជំរំថៃហៅថា ជំរំ Kamput refugee camp ហើយក៏មករស់នៅបន្តនោជំរំ Khao i dang refugee camp ។ លោកប៉ានិងអ្នកម្តាយរបស់នាងខ្ញុំគាត់បានភៀសខ្លួនចាកចេញពីស្រុកកំណើតក្នុងសម័យសឹកសង្គ្រាមប្រល័យពូជសាសន៍ក្រោមរបបពល់ពត តាំងតែពីពួកគាត់នៅលីវមកម្លេះ ហើយក៏បានមកជួបគ្នា កសាងជីវិតគ្រួសារនៅក្នុងជំរំថៃ។ អ្នកម្តាយកាលនោះជាក្រមុំមកពីខេត្តកំពង់ចាមរីឯលោកប៉ាវិញនោះជាកំលោះមកពីខេត្តកណ្តាល។ ក្នុងបន្ទុកគ្រួសារនាងខ្ញុំគឺជាកូនច្បងហើយមានបងប្អូនទាំងអស់៥អ្នក ប្រុស២ស្រី៣។ នៅក្នុងអំឡុងឆ្នាំ១៩៩១គ្រួសាររបស់នាងខ្ញុំក៏បានទទួលសិទ្ធិជ្រកកោនសម្រាប់ជនភៀសខ្លួនពីសំណាក់រដ្ឋាភិបាលនៃប្រទេសហូឡង់។ ពេលនោះនាងខ្ញុំទើបតែមានអាយុ១០ឆ្នាំប៉ុណ្ណោះ គឺក្នុងវ័យកុមារភាព ហើយនាងខ្ញុំក៏នៅចាំបានច្បាស់ថា គ្រានោះនាងខ្ញុំនឹកស្រណោះជំរំ khao i dang ខ្លាំងណាស់ ពីព្រោះបានសាងអនុស្សាវរីយ៍ជាច្រើនមានទាំងសប្បាយផងកំសត់ផង។ ក្នុងចំណោមគ្រួសារជនភៀសខ្លួនដែលត្រូវអង្គការសហប្រជាជាតិទទូលមកជ្រកកោនក្នុងប្រទេសហូឡង់នេះ មុននឹងថៃត្រូវបិទជំរំ គឺមានខ្មែរជាង១០គ្រួសារដែលមានសំណាង ហើយក្នុងនោះគឺមានគ្រួសារនាងខ្ញុំដែលបានទទូលនូវលាភសំណាងនេះ។ ចាកចេញពីជំរំ Khao i dangទៅសំណាក់នៅខេត្ត Chonburi ១ សប្តាហ៍ដើម្បីពិនិត្យសុខភាព។ ធ្វើដំណើរតាមជើងយន្តហោះមានឃើញតែមនុស្សស្បែក ស សក់ ព័ណ៌លឿងទង់ដែងនិយាយភាសាស្តាប់គ្នាក៏មិនយល់ ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវបានបំពាក់ផ្លាកជានិមិត្តសញ្ញាសម្គាល់ថាជាជនភៀសខ្លួន។ ចូលមកដល់ទឹកដីអឺរ៉ុបដំបូងគ្រប់យ៉ាងគឺផ្លែកខ្លាំងណាស់ ជាពិសេសឃើញឡានច្រើនដូចស្រមោចអញ្ជឹង។ ពេលកំពុងជិះឡានពីព្រលានយន្តហោះAmsterdam ឆ្ពោះទៅទីក្រុង Apeldoorn ដែលជាទីកន្លែងរស់នៅបណ្តោះអាសន្ន គឺអ្វីដែលនៅដក់ជាប់ក្នុងចិត្តនាងខ្ញុំរហូតមកនោះ គឺសម្តីមួយម៉ាត់របស់លោកប៉ារបស់ខ្ញុំលាន់ឮថា " កូនអើយកូនពេលនេះយើងមកដល់ឋានសួគ៌ហើយ! " ពេលនោះនាងខ្ញុំកំពង់តែឋិតនៅក្នុងសភាពពុលឡានផង ឮដូច្នោះធ្វើឱ្យនាងខ្ញុំក្ដុកក្ដួលយ៉ាងខ្លាំងនឹកស្រណោះដល់គាត់ មិនដឹងថាគាត់ធ្លាប់ឆ្លងកាត់សឹកសង្គ្រាមវេទនាអត់ឃ្លានយ៉ាងណានោះទេ ជីវិតនៅជំរំគាត់លំបាកណាស់ទៅហើយ នាងខ្ញុំនៅតែចងចាំសំដីមួយឈ្លានេះជានិច្ច។ ពួកយើងស្នាក់នៅ Apeldoorn ចាប់តាំងពីថ្ងៃទី១៧សីហារហូតដល់ខែវិច្ឆិកាទើបគ្រួសារទាំងអស់បានទទួលគេហដ្ឋានសម្រាប់រស់នៅជាអចិន្ត្រៃយ៍ព្រមទាំងមានការជួយឧបត្ថមពីមជ្ឈដ្ឋានផ្សេងៗផងដែរ ។ បន្ទាប់ពីពួកយើងបានចាកចេញពីទីក្រុង Apeldoorn មករស់នៅទីក្រុង Breda បន្ត រហូតដល់បច្ចុប្បន្នគឺ ជិត២៧ ឆ្នាំមកហើយ។ នឹកឃើញកាលនោះនៅក្នុងវ័យសិក្សាមានការពិបាកខ្លាំងពីព្រោះទើបមកនៅស្រុកគេហើយភាសាក៏នៅស្ទើរ។ ដំបូងនាងខ្ញុំបានចូលរៀនថ្នាក់ទី៧និងទី៨នៃបឋមសិក្សាបន្ទាប់មកក៏គេបញ្ជូនទៅសិក្សានៅ មធ្យមសិក្សាអន្តរៈជាតិបាន១ឆ្នាំដើម្បីជំនួយភាសាហើយក្រោយពីនឹងមកក៏គេឱ្យចូលទៅរៀនឯសាលាមធ្យមសិក្សាធម្មតាវិញ។ រៀនទីនោះបាន៣ឆ្នាំនាងខ្ញុំក៏ប្រឡងចេញ រួចទៅរៀនមុខវិជ្ជាបន្ត។ មកទល់សព្វថ្ងៃនេះនាងខ្ញុំមានវិជ្ជាជីវៈជា optcian ( ពិនិត្យភ្នែកនិងកាត់កញ្ចក់វែនតាដើម្បីកែតម្រូវបញ្ហានៃការមើលមិនច្បាស់) ១៧ ឆ្នាំ ហើយប្រកបកិច្ចការងារ១២ឆ្នាំដំបូងនៅតាមសាខា optics រីឯ៥ចុងក្រោយនៅឯមន្ទីរពេត្យភ្នែក។ ទោះបីជានាងខ្ញុំមករស់នៅស្រុកគេតាំងពីក្មេងវ័យក៏ដោយ ប៉ុន្តែនៅតែស្រឡាញ់និងរក្សាវប្បធម៌អរិយធម៌ខ្មែរជានិច្ច៕ don’t forget who you are!!! ![34510308_1703698986387341_5810169974924247040_n.jpg](https://serey.io/imageupload_data/12bc75ed559ad4082a8f01b2094fd15c5a31977d)![34480483_1703698969720676_2096881129297543168_n.jpg](https://serey.io/imageupload_data/ccb524648bb6745d4d493d2bd45813d2ab787394)![34532903_1703700799720493_961878077925752832_n.jpg](https://serey.io/imageupload_data/8af99c4b9a9b36979392da0dd085661707b8132b) my new generation

Comments

អ្នកស្នេហាជាតិ មិនដែលចោលអត្តសញ្ញាណ។ ព្រះពុទ្ធត្រាស់សំដែងថា កុំជាប់ជំពាក់នឹងអត្តសញ្ញាណអី បើមិនដូច្នេះទេ គឺនឹងស្រឡាញ់វប្បធម៌មួយនេះដកចិត្តមិនរួច។
Sweet family you got Samath
kimchuob
សំណាងដែលបានទៅរស់នៅទឹកដីមានសិទ្ធពេញលេញ​ បងស្រី