Share

R
#ហេតុអ្វីក៏ឈឺចាប់? បើស្រលាញ់នរណាម្នាក់យើងក៏នៅតែអាចស្រលាញ់ មិនថាគេបានស្រលាញ់យើងវិញឬក៏អត់។ បើវាជាការស្រលាញ់ដោយស្មោះស ហេតុអ្វីក៏យើងត្រូវស្អប់គេ ដោយគ្រាន់តែគេមិនស្រលាញ់តបយើងវិញ? បើចង់អត់ទោសឲ្យនរណាម្នាក់យើងក៏អាចអត់ទោសឱ្យបាន មិនថាគេបានសុំការអភ័យទោសពីយើងឬក៏អត់។ ព្រោះថាបើយើងពិតជាមានទឹកចិត្តចង់អត់ទោសដោយពិតប្រាកដមែន ហេតុអ្វីក៏ទាមទារការសុំអភ័យទោសជាមុន ទើបអត់ឱនឱ្យបាន? យើងអាចផ្ដល់ឱ្យគេបានច្រើនជាងនេះទៀត ដូចជាក្ដីសុខ ភាពកក់ក្ដៅ ស្នាមញញឹម និងការលើកទឹកចិត្តជាដើម។ ប៉ុន្តែត្រូវចាំថាបើទោះបីជាគ្មានគេក៏ដោយ ក៏យើងនៅតែត្រូវបន្ដដំណើរទៅមុខជាមួយខ្លួនឯងជានិច្ច។ យើងអាចឈប់ទីនេះដើម្បីនរណាម្នាក់ ប៉ុន្តែយើងមិនអាចឈរនៅទីនេះរហូតដោយមិនព្រមបន្តដំណើរដោយសារតែគ្មានវត្តមានរបស់គេទៅជាមួយយើងនោះទេ។ ពេលវេលាមិនអនុញ្ញាតឲ្យយើងត្រឡប់ថយក្រោយហើយធ្វើការសាកល្បងម្ដងទៀតនៅលើអ្វីដែលយើងបានធ្វើខុសរួចទៅហើយនោះទេ ប៉ុន្តែដរាបណាយើងនៅតែមានពេល យើងនឹងនៅតែមានឱកាសដែលអាចធ្វើរឿងល្អប្រសើរជាងមុនបាន។ បទពិសោធន៍ឈឺចាប់មិនមែនជារឿងខ្ជះខ្ជាយពេលវេលាទេ​ ប៉ុន្តែការនៅតែបន្តឈឺចាប់ដោយសារតែអ្វីដែលវាបានកើតឡើងរួចទៅហើយ នោះវាជាការខាតបង់ពេលវេលាច្រើនបំផុត៕ អត្ថបទ៖ #សៀវភៅជីវិត

Comments