ជំនឿផ្សេងៗរបស់ខ្មែរ ទាក់ទងនិងបុណ្យភ្ជំបិណ្ឌ

ប្រវត្តិ និងជំនឿផ្សេងៗនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខ្មែរយើងតាំងពីដើមរៀងមកដែលគួយល់ដឹង.
បុណ្យភ្ជុំបិណ្ឌមានប្រភពមកពីណា គេត្រូវធ្វើដើម្បីអ្វី ហើយនៅក្នុងរយៈពេលនៃការរៀបចំពិធីនេះ តើប្រជាពលរដ្ឋខ្មែរគួរធ្វើអ្វីខ្លះ?
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាប្រពៃណីដែលធំជាងគេមួយរបស់ប្រជាជនខ្មែរយើង។ បុណ្យនេះ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដាន ដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយ។ ពិសេសនោះគឺជាបុណ្យនៃការចែករំលែកជួយដល់ព្រះសង្ឃដែលគង់ចាំវស្សា ដែលព្រះសង្ឃត្រូវការទាំងចង្ហាន់ និងបច្ច័យផងនោះ។
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យដ៏សំខាន់មួយដែលប្រារឰធ្វើពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹងខែកញ្ញា ឬតុលា។ រីឯថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះ ចាស់ៗបានលះបង់ផ្ទះសម្បែង កូនចៅ ទៅនៅវត្ដ សមាទានសីល៥ ចាំសីល៨ បម្រើព្រះសង្ឃសម្អាតទីអារាម។ ចំណែកឯប្រជាពលរដ្ឋវិញ បានចែកវេនគ្នា ជាវេនចំនួន១៥ថ្ងៃ ឬបិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ គេតែងធ្វើដូចជា ពេលយប់ជួបជុំពុទ្ធបរិស័ទ ប្រគេន ភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការ គោរពព្រះរតនត្រ័យ និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ពេលព្រឹកប្រគេនអាហារ ចំពោះព្រះសង្ឃឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ បុព្វការីជន ដែលធ្វើមរណកាលទៅហើយនោះ។
ទាក់ទិនទៅនឹងប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរ បើតាម គម្ពីរលោកុត្តរសូត្រ បានបរិយាយថា ព្រះបាទពិម្ពិសារមានញាតិមួយក្រុម បានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក ពេលលាចាកខាងមុខ ក៏កើតជា«ប្រេត» ។ លុះដល់ព្រះសម្ពុទ្ធ ព្រះនាមកុក្ក បានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះថា ចុះយើងខ្ញុំកាលណាបានអាហារបរិភោគ?ព្រះពុទ្ធត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគត អ្នកទាំងឡាយនឹងបានអាហារបរិភោគ។ លុះដល់ព្រះពុទ្ធនាម នាគមនោ ក៏បានត្រាស់ដូចព្រះពុទ្ធមុនទៀត ដល់ពុទ្ធកាលព្រះកស្សបោ ក៏ត្រាស់ប្រាប់ដូចនេះទៀត ទើបតែដល់ព្រះសមណគោតមត្រាស់ដឹង ទ្រង់បានត្រាស់ថា ចាំមើលព្រះបាទពិម្ពិសារ ជាញាតិរបស់អ្នកទាំងឡាយហើយ។លុះពិម្ពិសារបានថ្វាយទាន ជាដំបូងហើយ មិនផ្សាយទៅឲ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតទាំងឡាយ ដែលជាញាតិនោះស្រែកយំទ្រហឹង ក្នុងពេលរាត្រី។
ព្រះបាទពិម្ពិសារ ស្ដេចយាងទៅកាន់វត្ដវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះពុទ្ធត្រាស់ថា ពួកប្រេត ជាញាតិរបស់ព្រះអង្គ នាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនាតថាគត ប៉ុន្ដែព្រះអង្គធ្វើបុណ្យហើយ មិនបានផ្សាយទៅឲ្យ។ពេល ព្រះបាទពិម្ពិសារទ្រង់ជ្រាបហើយ ក៏បានធ្វើបុណ្យចាត់ចែងបញ្ជូនទៅឲ្យពួកប្រេតទាំងនោះ ក៏បានកើតនៅក្នុងទិព្វវិមាន ដោយសុខរៀងដរាប តទៅ។ ចាប់តាំងពីពេលនោះមក ពិធីកាន់បិណ្ឌ ក៏ចាប់ផ្ដើមមានកំណើតឡើងរហូតមកទល់ពេលនេះ។
បើតាមគម្ពីរព្រះពុទ្ធសាសនា បានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗលុះស្លាប់ទៅ តែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឲ្យ។ គេតែងនិយមជ្រើសរើសចំថ្ងៃរនោច ខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះឲ្យមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផល ដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឲ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដ ពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យ បញ្ជូនកុសលទៅឲ្យទេ ពួកគេនឹងអត់បាយ អត់ទឹក ស្រេកឃ្លាន រងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចដាក់បណ្ដាសាដល់បងប្អូនញាតកាទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាសឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងតែមានជំនឿទៅលើបុណ្យភ្ជុំបិណ្ឌ នេះជានិច្ច ទោះបីមានក្ដី ក្រក្ដី ទោះយ៉ាងណា ត្រូវធ្វើបុណ្យនេះ ដោយខានមិនបានមួយឆ្នាំម្ដងៗ គឺត្រូវយកនំចំណី ទៀន ធូប រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ក្នុងខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌនេះ កាលដើមឡើយ គឺធ្វើឡើងរយៈពេល៣ខែ គឺ៩០ថ្ងៃ ដោយគិតតាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ន បុណ្យភ្ជុំបិណ្ឌ ត្រូវកាត់បន្ថយនៅសល់តែ១៥ថ្ងៃប៉ុណ្ណោះ ព្រោះដោយសារពេលវេលាមិនអំណោយផល បងប្អូនយើងមានភាពមមាញឹកខ្លាំង ក្នុងមុខរបរទទួលទាន ដូច្នេះ ត្រូវកាត់បន្ថយឲ្យខ្លីទៅវិញ។
បុណ្យភ្ជុំបិណ្ឌនេះ មានអត្ថន័យធំធេងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរយើង ព្រោះបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ វិញ្ញាណក្ខន្ធ បុព្វបុរស ញាតកា ទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកើតជាប្រេត នរក ឬក៏សភាវៈផ្សេង។ មួយវិញ���ទៀតនោះ បុណ្យភ្ជុំបិណ្ឌជាបុណ្យជួបជុំបងប្អូនញាតិផៅគ្រប់ទិសទី សម្ដែងនូវសេចក្ដីសាទររីករាយ គ្រប់ៗគ្នា និងអ្វីដែលសំខាន់នោះ កាលណាមនុស្សយើងមានសទ្ធាជ្រះថ្លា ក្នុងព្រះធម៌ ក្នុងការធ្វើបុណ្យធ្វើទាននោះ វាជាបច្ច័យមួយ ជួយធ្វើឲ្យមនុស្សយើងមានចិត្ដស្ងប់ រំលស់នូវភាពសៅហ្មងគ្រប់ៗគ្នា។ ពិធីសំខាន់ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ មានដូចជា ពិធីសូត្រមន្ដបង្សុកូល បោះបាយបិណ្ឌជាដើម។
-ជំនឿលើពិធីពូនភ្នំខ្សាច់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទាក់ទិនទៅនឹងជំនឿ ដែលពុទ្ធបរិស័ទ លើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅ យល់ឃើញថា វាល្អហើយមានប្រយោជន៍ ទើបពួកគាត់ធ្វើហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មារលានូវរាល់កំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសលផលបុណ្យមួយ ជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាកលោកផងដែរ។

-ជំនឿរបស់ពលរដ្ឋលើការបោះបាយបិណ្ឌ
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នា ដើរទៅវត្ដអារាមនានា នៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ គេហៅថា «បោះបាយបិណ្ឌ»។

ការបោះបាយបិណ្ឌ ជាជំនឿអរូបីមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើង និយមធ្វើជារៀងរាល់ព្រឹកព្រហាម ដើម្បីបញ្ជូន ឬឧទ្ទិសកុសលឲ្យទៅញាតិសន្ដានសាច់សាលោហិត ដែលបានចែកឋានទៅបរលោក។ ប៉ុន្តែនាពេលបច្ចុប្បន្ន ការបោះបាយបិណ្ឌនៅតាមបណ្តាវត្តខ្លះគេធ្វើតាំងពីល្ងាចមកម្ល៉េះ លុះព្រឹកឡើងទើបព្រះសង្ឃជួយវេរធម៌តាមក្រោយ។

-ដំបូន្មានរបស់អ្នកជំនាញបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដែលមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជាតិខ្មែរយើង។ ដូច្នេះហើយបងប្អូនទាំងឡាយ ត្រូវតែប្រកាន់ខ្ជាប់នូវពិធីបុណ្យនេះ ជាដរាប ព្រោះជាបុណ្យដែលបង្កើតឡើងសម្រាប់ផ្ដល់ឱកាសឲ្យពុទ្ធបរិស័ទទាំងឡាយធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសលដល់បុព្វការីជន និងសាច់ញាតិ ដែលបានចែកឋានទៅ និងជាបុណ្យសាសនាមួយផងដែរ ដែលប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបាន។

ប្រពៃណីនៃការបោះបាយបិណ្ឌ
អត្ថន័យ ប្រពៃណីប្រជុំបិណ្ឌ និង ការបោះបាយបិណ្ឌ
១) ការប្រកាន់ជំនឿ នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ចូលមកដល់៖
កាលដើមឡើយ ពលរដ្ឋទូទៅ នៅទឹកដីខ្មែរ បានប្រកាន់យក ជំនឿដ៏ធំមួយ ហៅថា ជំនឿវិញ្ញាណនិយម ឬ ជំនឿអារក្សអ្នកតា (Animism) គឺការប្រកាន់យកជំនឿ ទៅលើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬ ព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា៖
ក. អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក)
ខ. អារក្ស (អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក)
គ. មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ)
ឃ. ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ)
ង. ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន)
ច. ម្��េញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម ។ល។
ឆ. កូនក្រក (អ្នករក្សាសព្វសត្វដែលបម្រើប្រយោជន៍គ្រួសារ ដួចជា សេះ គោ ក្របី ដំរី ឆ្កែឆ្មា ជាដើម)
ចំណែកវិញ្ញាណ ដែលបំផ្លាញលោក នៅក្នុងជំនឿវិញ្ញាណនិយម មាន៖
ក. មេធ្មប់ (ជា យមរាជ ឬជា ស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ)
ខ. ព្រាយ ពពួកជញ្ជក់ឈាមអ្នកដទៃ
គ. អាប ពពួកមានតែក្បាលនិងក្រពះ ដែលតំណាងសេចក្តីលោភលន់ឥតប្រមាណ
ឃ. ប្រេត គឺជា វិញ្ញាណ ខ្មោចអបាយភូមិ (ជាព្រលឹងរបស់មនុស្សដែលប្រព្រឹត្តតែសេចក្តីវិនាស និង ព្រលឹងបុគ្គលដែលចាំតែទារស៊ីតែម៉្យាង)

ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ប្រទេសខ្មែរបានទទួលឥទ្ធិពល នូវជំនឿថា មានយក្ស មានបិសាច ថែមទៅលើជំនឿ វិញ្ញាណនិយម នេះទៀតដែរ។
២) ពិធីសែនព្រែនវិញ្ញាណសក្តិសិទ្ធិ៖
ពិធីសែនព្រេនវិញ្ញាណសក្តិសិទ្ធិ មានច្រើនប្រភេទ ដូចជា ពិធីហោមរោង ពិធីថ្វាយបង្គំគ្រូ ពិធីចារយ័ន្ត ពិធីបណ្តេញបិសាច ពិធីរំលឹកគុណ ពិធីរំដោះគ្រោះ ពិធីតម្លើងរាសី ពិធីឡើងផ្ទះ ពិធីឧបកិច្ចនានា ពិធីរៀបការ ពិធីបញ្ចុះសព ។ល។ នៅក្នុងពិធីន��មួយៗ គេតែងតែធ្វើការគោរពសែនព្រេន ដោយមានយក ភោគទ្រព្យអាករភស្តុភារ នានា ដែលជា សម្បត្តិដែលអ្នកស្រុក រកទុកដាក់ជា ទ្រព្យផ្ទាល់ខ្លួន យកមកដាក់សែន ថ្វាយវិញ្ញាណបារមី សក្តិសិទ្ធិ ដែលធ្លាប់បាន ជួយអោយគេ បានថ្កុំថ្កើងរស់នៅ សុខសប្បាយ។ រីឯភស្តុភារដែលគេយកមកសែន មានរួមទាំងសត្វព្រៃ និង សត្វចិញ្ចឹម (មានដូចជា ជ្រូកព្រៃ គោ ជ្រូក មាន់ទា ។ល។ ) មានការប្រមូល ភោគផលផ្លែឈើ ព្រមទាំងមានការធ្វើនំចំណី និង អាហារវិសេសៗ ព្រមទាំង ការប្រមូលទ្រព្យល្អៗ មកតម្រៀបដាក់សែនព្រេន នៅពេលមានពិធីពិសេសៗ ដូច្នេះ ម្តងៗ។

នៅក្នុងចំណោម នំចំណីភស្តុភារ ដែលសម្រាប់ដាក់សែនព្រេនទាំងឡាយនោះ មានវត្ថុវិសេស ដែលគេត្រូវការជាងគេ បាត់មិនបាន គឺ ការកាប់សត្វ យកមកសែន និង ការវេចនំអន្សម សម្រាប់ដាក់អម សត្វដែលគេចំអិន យកមកដាក់សែនព្រេន មានគោជ្រូកមាន់ទា ជាពិសេស នៅពេលគេរៀបចំ ប្រារព្ធពិធី បុណ្យរំលឹកគុណ និង គោរពវិញ្ញាណក្ខ័ន្ធរបស់ដូនតា។ ការវេចនំអន្សមនេះ ជាដំណើរសាក្ខីភាព នៃការសំបូរសប្បាយ របស់អ្នកស្រុក គឺបរិបូណ៍ ដោយផលស្រូវ សណ្តែក ដូង ចេក សាច់សត្វ ជាដើម។

៣) ប្រពៃណីនៃការវេចនំអន្សម៖
ពាក្យថា អន្សមនេះ គឺជាពាក្យក្លាយមកពីពាក្យដើម ថា នំសន្សំ គឺមានន័យថា ជានំតំណាងភោគផល បរិបូណ៌ ដែលពលរដ្ឋ បានធ្វើការងារស្រែចំការ សន្សំទុកនូវភោគផលនេះ សម្រាប់ដោះស្រាយការរស់នៅ មិនអោយមាន ការខើចអត្តខាត់ ក្នុងគ្រួសារនិមួយៗ ជាពិសេស នៅរដូវរាំងស្ងួត ឬនៅពេល ស្រុកទេសមាន សង្គ្រាមទុរភិក្សអន្តរាយ។

នៅជំនាន់ដើម ខ្មែរយើងមាន បែងចែក ការវេចនំអន្សម ជាពីរបែប ហៅថា អន្សមញី និង អន្សមឈ្មោល។ គេវេចនំអន្សមញី ដោយការខ្ចប់ អង្ករដំណើបជាមួយចេកទុំ ធ្វើជាស្នូល មូររុំហើយ បត់សន្លឹកចេក នៅក្បាលនំអន្សមទាំងសងខាង តែមួយផ្នត់ រួចដាក់ផ្អោបផ្គួបពីរនំ ចងមូរភ្ជាប់គ្នា អោយជាប់ល្អ ទើបយកទៅដាក់ស្ងោរក្នុងថ្លាងធំ។ ចំណែក ការវេចនំអន្សមឈ្មោលវិញ មានដាក់សណ្តែកបាយ និងសាច់ជ្រូកប្រឡាក់ប្រៃ ដាក់ជាស្នូល មូលរុំនឹងស្លឹកចេកយ៉ាងក្រាស់ ធំៗជាងនំអន្សមញី រួចហើយ គេបត់ស្លឹកចេក នៅក្បាលនំអន្សមទាំងសងខាង ក្បាលនំម្ខាងមានពីរផ្នត់ រួចហើយរុំខ្សែព្រាលចងអោយណែនតឹង ទោលតែឯង មិនមានផ្គួបជាមួយអន្សមណាទេ។ ដោយសារការវេចនំអន���សមឈ្មោលញី បែបខុសគ្នានេះហើយ ទើបអាចអោយគេចំណាំនំអន្សមបាន យ៉ាងងាយថា មួយណាញី មួយណាឈ្មោល ក្នុងលក្ខណៈជាភេទ ខុសគ្នា តាមរូបរាង គឺអន្សមញី មានរសផ្អែម មានស្នូលចេកទុំនិងគ្រាប់សណ្តែកស្ងោរ ហើយមានរាងតូចខ្លី ហើយសំប៉ែត ដោយសារការច្របាច់ផ្គួប ចងអន្សមពីរផ្អោបចូលគ្នាតែមួយ។ ចំណែកអន្សមឈ្មោល តែងមានរសជាតិប្រៃ មានស្នូលសណ្តែកបាយនិងសាច់ជ្រូក មានរាងមូលធំ ហើយវែង ជួនកាលមានទម្ងន់ ដល់ទៅ ៥ ឬ ៦គីឡូក្រាម។
នៅសម័យដើម អ្នកស្រុកដែលនៅតំបន់មាត់ស្ទឹង ឬអូរធំៗ គេច្រើនធ្វើនំអន្សម ដាក់តែអង្ករដំណើបនិងអំបិលឡមៗ មិនដាក់ស្នូល ដាក់ខ្ទិះដូង ឬស្ករទេ ព្រោះគេចង់ទុកអោយបានយូររាប់ខែ មិនមានអោយផ្អូម ជាពិសេស នំអន្សមឈ្មោល។ គេច្រើនវេចអន្សមនេះ ចងជាចង្កោម ស្ងោរអោយឆ្អិន ពេលណា បរិភោគមិនអស់ គេអាចចងខ្សែ បោះអន្សម ទម្លាក់ទៅបាតស្ទឹង ឬបាតអូរជ្រៅ ដែលមានទឹកត្រជាក់ នោះអន្សមអាចរក្សារសជាតិយូរ មិនងាយផ្អូម។ នៅពេលណាមួយ ដែលគេនឹកភ្នក ចង់បរិភោគ អ្នកស្រុកនឹងទៅស្រាវយកអន្សមមួយ កាត់យកមកស្ងោរ ហើយឆីដូចនំអន្សមធម្មតា វេចថ្មីៗដែរ។ ជាពិសេសទៅទៀត អ្នកស្រុកខ្មែរយើង ច្រើនធ្វើនំអន្សមរបៀបនេះ នៅក្នុងកាលយុគ ដែលប្រទេសជាតិ មានសង្គ្រាមទុរភិក្ស មានខ្មាំង ឬ ចោរប្លន់ច្រើន ពិបាករត់លូន គេចចំបាំង និងពិបាក ចេញចូល ដាំអាហារ លៀងគំលាន។ គេច្រើនធ្វើដើម្បីទុកជួយផ្គត់ផ្គង់ ទាហានដែលនៅក្នុងសមរភូមិចំបាំង ដោយភាពប្រញាប់អាសន្ន ព្រោះពុំមានពេលដណ្តាំចំអិនអាហារ។
៤) ប្រពៃណីនៃការបោះបាយបិណ្ឌ និងការធ្វើនំអន្សមដាក់បិណ្ឌ ៖
ក្រោយពីប្រទេសខ្មែរ បានទទួលឥទ្ធិពលព្រះពុទ្ធសាសនា យ៉ាងគំហុក ពីប្រទេសឥណ្ឌា នៅជំនាន់សតវត្សរ៍ទី១១ (ក្រោមអធិបតីភាព នៃព្រះចៅគ្រងរាជ ជ័យវរ្ម័នទី៧) បូកផ្សំនិង ជំនឿវិញ្ញាណនិយម និង ជំនឿព្រាហ្មញ្ញសាសនា ដែលបានមកដល់ប្រទេសខ្មែរ តាំងពីជំនាន់ព្រះបាទ កោឌិណ្យជ័យវរ្ម័ន និង ព្រះនាងសោមាទេវី (ឬ ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី ដែលជាឈ្មោះ ដែលពពួកឈ្មួញចិន បានដាក់អោយ ពេលចិនមកធ្វើជំនួញតាមសំពៅ នៅដែនដីជ្រោយសុវណ្ណភូមិ ) ពលរដ្ឋខ្មែរ បានបង្កើតទំនៀមទម្លាប់ថ្មីមួយទៀត យ៉ាងប្រសើរក្រៃលែង គឺការប្រមូលមូលមុំនាំគ្នា ប្រារព្ធប្រជុំបិណ្ឌ នៅក្នុងទីវត្តអារាម ដែលភាគច្រើន ច្រើនសង់នៅកណ្តាលភូមិ ដើម្បីអោយអ្នកស្រុក ស្រួលដើរចេញចូលព្រឹកល្ងាច ក្នុងការចែកចាយ នូវបុណ្យកុសល គឺផ្តល់នូវអំពើល្អ ចំពោះគ្នា ដើម្បីបង្កើន សេចក្តីសុខសន្តិមង្គលចម្រើនរុងរឿង ក្នុងចិត្ត ក្នុងគ្រួសារ និងក្នុងភូមិ ដែលខ្លួនគេរស់នៅ។ គោលការចំបង នៃការប្រារព្ធពិធីប្រជុំបិណ្ឌនេះ គឺធ្វើឡើង ដើម្បីរំលឹកនូវកតញ្ញូតាធម៌របស់ខ្លួនគេម្នាក់ៗ ចំពោះលោកអ្នកមានគុណទាំងឡាយ ព្រមទាំងមានការចែករំលែកបុណ្យ គឺអំពើល្អ ដែលជាទាន ដល់បុគ្គលផងដទៃ ដែលជាមិត្តនិងញាតិសន្តានក្នុងភូមិ រួមទាំង អ្នកស្រុកអ្នកភូមិជិតខាង ដែលរស់នៅខើចខ្វះខាត ទាំងឡាយនោះផង។

នៅក្នុងពិធីប្រារព្ធបុណ្យប្រជុំបិណ្ឌនេះ អ្នកស្រុកអ្នកភូមិ បានជ្រើសរើស នំអន្សម ជាអត្តសញ្ញាណ ប្រចាំការប្រារព្ធពិធីនេះ ជាបឋម ដោយមូលហេតុច្រើនប្រការ ដូចជា៖
. ទីមួយ តំណាងភោគផល ដែលខ្លួនខិតខំប្រឹងប្រែងសន្សែសន្សំរកបានមក គឺ អង្ករជាតំណាងផលស្រូវ សណ្តែកបាយចេកដូងជាតំណាងផលដំណាំចំការ សាច់ជ្រូកជាតំណាងផលនៃសត្វចិញ្ចឹម (បែបជំនឿវិញ្ញាណនិយម)
. ទីពីរ ទឹកចិត្តព្រះម៉ែ គឺស្រូវអង្គរ ដែលបានជួយផ្គត់ផ្គង់ជីវិតរស់នៅ របស់ពួកគេ (បែបព្រះពុទ្ធសាសនា គឺការស្គាល់និងគោរពគុណម្តាយ)
. ទីបី ជាតំណាង ការបន្តពូជ បន្តជីវិត (ជាជំនឿបែបព្រាហ្មញ្ញសាសនា ដោយយកនំអន្សមជ្រូកជាតំណាងភេទប្រុស នំអន្សមចេក ជាតំណាងភេទស្រី។ ក្រោយមក យើងមានការរួមបញ្ចូលបន្ថែម មាន នំគម ជាតំណាងភេទស្រី នំធ្មៃជាតំណាងផែនដី ។ល។)
. ទីបួន ជាដាស់តឿនស្មារតីសាមគ្គីភាពដ៏មុតមាំ គ្មានរើសអើង ដោយបង្ហាញនូវទឹកចិត្តល្អ ចំពោះគ្នា ទៅវិញទៅមក មិនថានរណាជានរណាឡើយ (បែបស្មារតីនយោបាយជាតិនិយម)
. ទីប្រាំ ជាគឺការប្រារពពិធីរំដោះចិត្ត អោយលោះចេញ នូវសេចក្តីបាប នៅក្នុងខ្លួន ដោយការខិតខំកសាងអំពើល្អ ចំពោះខ្លួនឯងផង ចំពោះក្រុមគ្រួសារផង និង ចំពោះអ្នកដទៃផង (បែបពុទ្ធនិយម)
បវេណីនៃការប្រារព្ធបុណ្យប្រជុំបិណ្ឌនេះ គឺគេបានជ្រើសរើសធ្វើនៅក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរសម្រាកដៃ ទំនេរពីដកស្ទូង រង់ចាំស្រូវហុចផល ដើម្បីច្រូតកាត់។ នៅក្នុងបវេណីប្រជុំបិណ្ឌនេះដែរ យើងឃើញមានបវេណីដ៏សំខាន់មួយ ដែលខ្មែរយើងសព្វថ្ងៃនិយមជាងគេ គឺពិធីបោះបាយបិណ្ឌ ដើម្បីរំលោះចិត្តបាបនិងចិត្តអកុសល ដោយការធ្វើបុណ្យ ចំពោះប្រេត អោយប្រេតបានស្គាល់ នូវបុណ្យកុសលនេះហើយ បានបែរមកលះចិត្តលះជីវិតជាប្រេត ដើម្បីទទួលកុសល បានទៅចាប់ជាតិជាមនុស្សប្រសើរនឹងគេរិញ។
តើប្រេតនេះជានរណា? នៅក្នុងជំនឿវិញ្ញាណនិយម ប្រេត គឺជា វិញ្ញាណ នៃ ខ្មោចតៃហោង ខ្មោចអនាថា និង ខ្មោចអបាយភូមិ (ជាព្រលឹងរបស់មនុស្សដែលប្រព្រឹត្តតែសេចក្តីវិនាស)។ នៅក្នុងសង្គមមនុស្សជាទូទៅ បុគ្គលទាំងឡាយដែលប្រព្រឹត្តនូវសេចក្តីវិនាស រមែងត្រូវគេកត់សំគាល់ ថាជាបុគ្គល ដែលមានវិញ្ញាណប្រេតគ្រប់គ្រងសណ្ឋិត។ ក្រោយមក គេកត់សំគាល់ បុគ្គលទាំងនេះ ដោយការនិយាយកាត់ខ្លីៗ ហៅថា ប្រេតរស់។ ពពួកប្រេតរស់នេះ គេមានសំដៅ ទៅដល់ជនដែលប្រព្រឹត្តតែសេចក្តីវិនាស មានដូចជា ពពួកចោរ ពួកជនបោក ជនពាលាអាវាសែ ប្រព្រឹត្តខ្លួនខុសហើយ ត្រូវគេកំចាត់កំចាយ មិនអោយចូលភូមិ ឬ ជាមនុស្សអនាថាខ្ចាត់ព្រាត់គ្មានទីពឹង ហើយដែលមិនចង់ធ្វើអ្វីអោយប្រសើរ ក្រៅពីការទារស៊ី តែម៉្យាង។
ហេតុអីគេបោះបាយបិណ្ឌតែពេលងងិតមុនថ្ងៃរះ? អ្នកស្រុកជ្រើសរើសពេលនេះ ដោយមូលហេតុច្រើនយ៉ាង ដូចជា ៖
. មិនអោយអ្នកធ្វើបុណ្យ មានការរើសអើងមុខមាត់ អ្នកដែលមកទទួលបុណ្យ
. មិនអោយប្រេតភ័យខ្លួន មិនហ៊ានបង្ហាញមុខ មកទទួលបុណ្យ
. អោយប្រេតមានឱកាសមកទទួលបុណ្យហើយ អាចត្រឡប់ទៅវិញ ចែកបុណ្យដល់កូនចៅក្រុមគ្រួសារ មុនថ្ងៃរះ។ លុះដល់ពេលថ្ងៃរះឡើងហើយ ប្រេតដែលបានទទួលបុណ្យគ្រប់គ្នា ក៏បានទទួលនូវទឹកចិត្តជ្រះថ្លា ដោយបុណ្យ ឈប់វិលត្រឡប់ទៅរកជីវិតប្រេតតទៅទៀត រួចក៏នាំគ្នាទៅចូលរួមសាងអំពើល្អ កែខ្លួនជាមនុស្សល្អ រស់នៅជាមនុស្សល្អនឹងគេ ឡើងវិញ្ ដោយសុខមង្គល។
តើគេប្រារព្ធការបោះបាយបិណ្ឌដោយរបៀបយ៉ាងម៉េចខ្លះ?
គេប្រារព្ធពិធីបោះបា យបិណ្ឌ ដោយយក កន្ទេលទៅក្រាល នៅជុំវិញរបងវត្ត ៨ទិស ហើយមានដាក់តម្រៀបខ្ទះធំៗ ឬ កន្តាំង កញ្ជើ ល្អី ដើម្បីអោយអ្នកបុណ្យ ធ្វើការចែកទាន ទៅតាមសទ្ធា ដោយមាន បោះ នំអន្សម នំបត់ នំធ្មៃ ពំនូតបាយ ឬ អាហារគោក ផ្សេងៗ ចូលទៅក្នុងខ្ទះ កញ្ជើ ល្អី កន្តាំង ដែលតម្រៀបជាជួរទាំងនោះ។ ធ្វើបែបនេះ គឺដើម្បី ងាយស្រួល អោយប្រេតអាចលូកចាប់បានដោយដៃ កើបយកទៅផ្ទះ ចែកក្រុមគ្រួសារផង ហើយមានរបៀបមិនកំពប់ចោលទទេៗផង។ ម៉្យាងទៀត គេក្រាលកន្ទេលពីក្រោម កញ្ជើកន្តាំងទាំងនោះ គឺសម្រាប់ទុកត្រងអាហារកំពប់ ដើម្បីទុកចែកឆ្កែឆ្មាអនាថា អោយបានឆីព្រមផង ដោយពុំមានការប្រមាថធ្វើស អោយសត្វនាំគ្នាឆីអាហារពីដី ដូចថ្ងៃធម្មតាៗដទៃទៀតឡើយ ព្រោះ ថ្ងៃនេះ គឺជាថ្ងៃតំកើងរាសី របស់មនុស្សគ្រប់គ្នា រួមទាំងសត្វទាំងឡាយ ដែលបម្រើគ្រួសារក្នុងភូមិផង។ អ្នកស្រុកទាំងឡាយមានជំនឿថា គេមិនត្រូវអោយកំពប់បាយមួយគ្រាប់ ចោលទៅដីទេ ព្រោះជាភស្តុតាងនៃការមើលងាយព្រះម៉ែ ដែលនាំអោយអាប់រាសីកូនចៅ។
នេះគ្រាន់តែជាបំណែកជ្រុងមួយ ក្នុងបវេណីអត្តសញ្ញាណដ៏ប្រសើររបស់ខ្មែរយើង ដែលយើងគប្បីសិក្សា ពង្រីកស្មារតីគំនិតបញ្ញា និងចំណេះដឹង អោយបានកាន់តែទូលាយ ប្រសើរឡើង គ្រប់ៗគ្នា។

ប្រមូលររៀបរៀងពីប្រភពផ្សេងៗគ្នា
(អភ័យទោសផងបើមានអ្វីឆ្គាំឆ្គង)

