ផឹកកាហ្វេនៅភ្នំពេញ
បើនិយាយពីការផឹកកាហ្វេ ពីមុនគេនឹងស្រមៃដល់ទិដ្ឋភាពមនុស្សចាស់ពីរទៅបីនាក់ឬច្រើនជាងនេះ អង្គុយតុជាមួយគ្នា ពិសារកាហ្វេបណ្ដើរ ជជែកគ្នាបណ្ដើរ ពីនេះពីនោះជាពិសេសរឿងនយោបាយ ។ ឥឡូវទិដ្ឋភាពបែបនេះនៅមិនទាន់បាត់បង់នៅឡើយទេ ប៉ុន្តែបន្ថែមដោយទិដ្ឋភាពថ្មីមួយទៀត គឺក្មេងៗយុវវ័យអង្គុយផឹកកាហ្វេជុំគ្នា ឬខ្លះមកម្នាក់ឯង ក្នុងហាងដែលគេហៅថា ហាងកាហ្វេទំនើប ហើយគោលបំណងដែលពួកគេទាំងនោះមកកាន់ទីនេះមិនមែនដើម្បីតែញ៉ាកាហ្វេមួយមុខប៉ុណ្ណោះទេ ។ បច្ចុប្បន្ននេះ ហាងកាហ្វេទំនើបជាច្រើន បានក្លាយជាទីណាត់ជួបសម្រាប់មនុស្សទូទៅមិនថាក្មេងចាស់ប្រុសស្រី ដែលពួកគេខ្លះមកដើម្បីជួបពិភាក្សាការងារ ជំនួញ ធ្វើកិច្ចការសាលា ឬក៏ជជែកគ្នាលេង ។ ប្រាកដណាស់ដែលថាកាហ្វេក្នុងហាងទំនើបនេះមានតម្លៃថ្លៃជាងកាហ្វតាមហាងធម្មតា ដែលក្នុងមួយកែវយ៉ាងហោចណាស់ក៏ថ្លៃ ២.៥ ដុល្លារ ឬ ១០,០០០ រៀល ប៉ុន្តែអ្វីដែលគេទទួលបានមកវិញមិនត្រឹមតែជាកាហ្វេមួយកែវប៉ុណ្ណោះទេ តែជាបរិយាកាសប្រកបដោយផាសុកភាព ការរចនាខាងក្នុងប្លែកៗ មានម៉ាស៊ីនត្រជាក់ មាន Internet wifi ការអង្គុយគ្មានកំនត់ពេល និងបរិយាកាសមួយដែលអាចឲ្យពួកគេជុំគ្នាធ្វើកិច្ចការសាលាបាន ។ ក្នុងក្រុងភ្នំពេញសព្វថ្ងៃ មានហាងកាហ្វេបែបនេះជាច្រើន រាប់ទាំងហាងក្នុងស្រុក ដូចជា ប្រោនកាហ្វេ និងមកពីក្រៅស្រុក ដូចជា គ្លរៀជីនស៍ និងទើបនឹងបើកថ្មីៗនេះគឺ ស្ដារបាក្ស ។


