(បរទេស)៖ គេហទំព័រព័ត៌មាន និងការវិភាគទិន្នន័យបង្ហាញថា ការលុបចោលកម្មវិធី TikTok ក្នុងសហរដ្ឋអាមេរិកបានកើនឡើងប្រហែល ១៥០% ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ បន្ទាប់ពី TikTok បញ្ចប់កិច្ចព្រមព្រៀងលក់អាជីវកម្មនៅអាមេរិកឱ្យទៅក្រុមវិនិយោគិនថ្មី ដើម្បីចៀសវាងការហាមឃាត់ និងបន្តប្រតិបត្តិការជាអចិន្ត្រៃយ៍នៅទីនោះ។
ការកើនឡើងនៃការលុបចោលកម្មវិធី TikTok នេះត្រូវបានរាយការណ៍ថា ដោយសារតែមានការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរនៃគោលនយោបាយឯកជនភាព និងរចនាសម្ព័ន្ធកម្មវិធីក្រោយការផ្លាស់ប្តូរអ្នកគ្រប់គ្រងកម្មវិធី។ TikTok បានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនវិនិយោគឯកជនជាច្រើន ដើម្បីបង្កើតអង្គភាពថ្មីឈ្មោះ «TikTok USDS Joint Venture LLC» ដែលមានម្ចាស់ភាគហ៊ុនភាគច្រើននៅសហរដ្ឋអាមេរិក។ ក្រុមវិនិយោគរួមមាន Oracle, Silver Lake និង MGX ដែលនឹងត្រូវទទួលខុសត្រូវលើការគ្រប់គ្រងទិន្នន័យ Algorithm និងការត្រួតពិនិត្យមាតិកា។ ប៉ុន្តែ ByteDance ដែលជាម្ចាស់ TikTok មានមូលដ្ឋាននៅចិន នឹងរក្សាភាពជាម្ចាស់ភាគហ៊ុននៅកម្រិតត្រឹមតែ ១៩.៩% ប៉ុណ្ណោះនៃអង្គភាពថ្មីនេះ។


