អត្ថន័យ​​ អប្សរាកាន់ផ្កាមួយទង?

P
pov
![Screenshot_2018-10-28-16-12-51.png](https://serey.io/imageupload_data/186f2844693ba9626aa6fdf65c79e53e8e65b2f5) របាំខេមរាចារដាប់ក្នុងចិត្ត កូនអើយគួរគិតណាស្រស់ពុំងា របាំជាតិយើងល្អល្អះសោភា ជនជាតិនានាប្រាថ្នាចង់បាន។ ............................... អប្សរាជាស្រីរបាំឋានសួគ៌ដែលមានចម្លាក់ថ្មលើជញ្ជាំងប្រាសាទ អង្គរវត្តដែលកសាងនៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរិយាវរ្ម័នទី២។ ចម្លាក់អប្សរាទាំងនោះមានចំណុចដែលភ្ញៀវជាអ្នកទស្សនាមានការចាប់អារម្មណ៍នោះគឺអប្សរា នីមួយៗតែងមានកាន់ផ្កាមួយទងផងដែរ។ តើផ្កានោះឈ្មោះអ្វី ហើយហេតុអ្វីបានជា ទេពអប្សរាទាំងនោះបានកាន់ផ្កានោះជាប់នឹងដៃយ៉ាងនេះ? តើផ្កានោះជាគ្រឿងបង្កើនសោភ័ណភាពនៃនារីឬ? មុននឹងឆ្លើយតាមរយៈការសម្របសម្រួលនូវចម្លើយនៃសំណួរខាងលើនេះ ខ្ញុំនឹងលើកឡើងអំពីប្រភពនៃផ្កាដែលជាមូលហេតុនៃការកាន់កាប់ថែរក្សា ឬនែបនិត្យនៃទេពអប្សរា នោះជាមុខសិន។ បើតាមដំណើររឿងខាងដើមបង្អស់នោះបញ្ហាវត្តមាននៃផ្កានោះនិងវត្តមាននៃទេពអប្សរាមានប្រភពតែមួយ។ ព្រោះអ្វី?![Screenshot_2018-10-28-16-41-15.png](https://serey.io/imageupload_data/61b221bfc20f452fe471ecef9757116a8b6c824d) តាមរយៈដំណើររឿងនៃទេវកថា មហាបេសកកម្មកូរសមុទ្រទឹកដោះដ៏ល្បីល្បាញក្នុងសម័យអង្គរក្នុងការឧទ្ទិសថ្វាយនៃប្រាង្គប្រាសាទនានាចំពោះព្រហ្មញ្ញ សាសនានោះគេឃើញមានចម្លាក់ជាច្រើនកន្លែងប្រកបដោយប្រជាប្រិយភាពបំផុត ក្នុងទឹកចិត្តដូនតាខ្មែរ។ រឿងនិទាននោះបានបញ្ជាក់ពីការកូរសមុទ្រទឹកដោះដែលមានការព្រមព្រៀងគ្នារវាងយក្សនិងទេតាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការចាត់ចែងពីព្រះនារាយណ៍នោះ មានរយៈពេលមួយពាន់ឆ្នាំទិព្វ ទើបបានទទួលលទ្ធផលជាបន្តបន្ទាប់ដល់ទៅវត្ថុទិព្វ៦ យ៉ាងគឺ ៖ ទី១ ផ្កាប័ណ្ណជាតិ, ទី២ សេះក្បាល៥, ទី៣ ដំរីក្បាល៣, ទី៤ ព្រះនាងលក្ស្មី, ទី៥ ថូទឹកអម្រឹត និងទី៦ ទេពអប្សរា។ បានសេចក្តីថា លទ្ធផលខាងដើមគេបង្អស់នោះគឺផ្កាប័ណ្ណជាតិ រីឯលទ្ធផលចុងក្រោយគេបំផុតនោះគឺ ទេពអប្សរាតែម្តង។ វត្ថុទិព្វដំបូងគេគឺ ផ្កាប័ណ្ណជាតិនោះគេមិនបានយកទៅណាទេគឺ គេយកទៅដាំនៅឯឋានព្រហ្ម១៦ជាន់ឯណោះ។ ជាពិសេសផ្កាប័ណ្ណជាតិមានគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ផ្សព្វផ្សាយក្លិនក្លែបក្នុងការកំចាត់អស់នូវរឿងសៅហ្មងទុក្ខសោកទាំងពួងប្រកបដោយភាពស័ក្តិសិទ្ធិ។ ជាពិសេសទាំងសោភ័ណភាពផ្កាស្រស់សោភាគួរឲ្យចាប់ចិត្តចេតនារួមទាំងក្លិនក្រអូបនៃផ្កាសួគ៌នោះធ្វើឲ្យសត្វលោកបានទទួលនូវសុភមង្គលប្រកបដោយការរីករាយសប្បាយយ៉ាងក្រៃលែងបំផុត។ ដោយឡែកចំពោះអប្សរាក៏តំណាងឲ្យស្រីសួគ៌ដែរ ដែលស័ក្តិសមក្នុងការទទួលផ្កា ប័ណ្ណជាតិមួយទងនេះសម្រាប់រួមផ្សំនឹងសិល្បៈរបាំរបស់ខ្លួន ក្នុងការពង្រីកនិងផ្តល់នូវសិរីមង្គល ជូនដល់សត្វលោកផង។ ដូចនេះចំពោះសិល្បករឆ្លាក់ថ្មក៏ដូចជាឧត្តមគតិដូនតាបុរាណផងនោះ បានឆ្លាក់ជាតំណាងទេពអប្សរាដែលមានកាន់ផ្កា មួយទងនោះគឺ ផ្កាប័ណ្ណជាតិមានប្រភពពីការកូរសមុទ្រទឹកដោះមកម៉្លេះ។ ជាទម្លាប់បន្តមកគេឃើញក្នុងសង្គមខ្មែរគឺ នារី និងផ្កា ក៏មានលក្ខណៈស្និទ្ធស្នាល ប្រកបដោយការពេញចិត្តផងដែរ។ ជាធម្មតាគេតែងសំគាល់ឃើញថា នារីច្រើនយកផ្កាតុបតែងលំអសក់ ឬក្រងផ្កាភួងបំពាក់លើកំនួចនិងកំប៉ោយសក់។ ជាពិសេសនារីចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ដែលជាកំណាត់មានផ្កាពណ៌ស្រស់។ ក្នុងទឹកចិត្តកវីនិពន្ធខ្មែរបុរាណតែងមានការប្រៀបធៀបនារីដូចជាផ្កានោះដែរ ដូចរឿងទុំទាវ ក៏មានឃ្លាមួយបញ្ជាក់ថា ៖ ខ្លួនអូនដូចបុប្ផា…។ កុលាបប៉ៃលិន, រំដួលក្រចេះ, ចំប៉ីសៀមរាប, ចំប៉ាបាត់ដំបង, ក្រវាន់សៀមរាប…។ល។ ទាំងអស់នេះគឺអ្នកនិពន្ធបានធ្វើការប្រៀបប្រដូចនារីនឹងផ្កាដែលមានផ្កាខ្លះនៅក្រពុំ និងក៏មានផ្កាខ្លះទៀតរុះរោយ…។ ប្រការម្យ៉ាងទៀតតាមរយៈរបាំបាចផ្កាក៏ជាចម្រៀងនិងរបាំបុរាណរបស់ខ្មែរក្នុងការបាច់ផ្កាជូនពរជ័យសិរីមង្គលដល់ភ្ញៀវកិត្តិយស។ល។![Screenshot_2018-10-28-17-01-55.png](https://serey.io/imageupload_data/8152b2680217f958498915fcc42c43f788e36506) សរុបមកផ្កានេះជាតំណាងនៃប្រភពផ្កាប័ណ្ណជាតិនៅនឹងដៃទេពអប្សរា ប្រកបដោយសុភមង្គលនៃមនុស្សជាតិក៏ដូចជានៅក្នុងដៃស្រី ដូចច្បាប់ស្រីពោលថា ៖…កើតយសរបស់ផងបានកើតសុខក្សេមក្សាន្តពីព្រោះកូនស្រី ៕![Screenshot_2018-10-28-17-00-02.png](https://serey.io/imageupload_data/cc2e504a7512641b81dedd3a829d8361192722f4)

Comments