ពួកខ្ញុំចង់បានគឺជ័យជំនះដែលជារឿងរួម មិនមែនត្រឹមតែជាជោគជ័យតែម្នាក់ៗនោះទេ

ការដឹកនាំខ្លួនឯង មិនមែនជារឿងងាយស្រួលឡើយ វាពិបាកជាងការដឹកនាំអ្នកដទៃ។ មនុស្សអាចណែនាំ ឬតម្រង់ទិសដៅដល់អ្នកដទៃបាន តែពិបាកក្នុងការណែនាំខ្លួនឯងណាស់។ រឿងពិត យើងងាយក្នុងការកុហក់ខ្លួនឯងណាស់ តែមិនងាយស្រួលកុហក់អ្នកដទៃឡើយ។
ការយកឈ្នះអ្នកដទៃ ក៏មិនពិបាកដែរ ព្រោះមានវិធីជាច្រើន ដើម្បីឈ្នះគេ តែវិធីឈ្នះក្នុងផ្លូវសុចរិត មិនមែនងាយឈ្នះទេ ពោល គឺត្រូវការ ការតស៊ូ ការព្យាយាម និងការអត់ធ្មត់ ខ្លាំងណាស់។ បើខ្វះការតស៊ូ ច្បាស់ជាបរាជ័យ ហើយបើការតស៊ូ នៅខ្វះការព្យាយាម ក៏មិនអាចទទួលបានលទ្ធផលល្អដែរ ចុងក្រោយ មានការតស៊ូ និងការព្យាយាម ធ្វើបានល្អហើយ តែបើខ្វះការអត់ធ្មត់ ជោគជ័យក៏គ្មានដែរ។
មិនមែនការចេះដឹងរបស់យើងតែមួយមុខ អាចនាំយើងទទួលបានភាពជោគជ័យនោះឡើយ។ ជោគជ័យ ជាសេចក្ដីប្រាថ្នារបស់យើង ហើយយើងពិតជាងាយទទួលបានជោគជ័យណាស់ តែជោគជ័យ មិនមែនជាជ័យជំនះនោះទេ។
ត្រូវបែងចែកឲ្យច្បាស់រវាងជោគជ័យ និងជ័យជំនះ។ ចូរចាំថាមនុស្សគ្រប់គ្នា អាចទទួលបានជោគជ័យ តែមិនមានមនុស្សច្រើនទេ ដែលនឹងទទួលបានជ័យជំនះ។ ពាក្យថា៖ ជ័យជំនះ ជាលទ្ធផលឈ្នះចុងក្រោយបន្ទាប់ពីបានតស៊ូ ព្យាយាម និងអត់ធ្មត់ ប្រយុទ្ធប្រឆាំងជាមួយគូរសត្រូវរបស់ខ្លួន។

សូមបងប្អូនជនរួមជាតិខ្មែរ ខិតខំទាំងអស់គ្នាឡើង ដើម្បីកម្ពុជាទទួលបានជ័យជំនះ ក្នុងការស្ដារកិត្តិយសកម្ពុជាឲ្យល្អប្រសើរឡើងវិញ៚
@pov

