ក្រឡាអុកចត្រង្គ(ចតុរង្គ)

P
pov
ក្បួនចិត្តសាស្ត្រ និងយុទ្ធសាស្ត្រ របស់បុព្វវីរបុរសដូនតាខ្មែរ ក្នុងសម័យបុរេប្រវត្តិ ![Screenshot_2018-11-14-13-03-41.png](https://serey.io/imageupload_data/cb64c8fe77085f54bd8207623d76ecb4868e525e) ចតុរង្គ : គឺជាល្បែងរបស់បុព្វវីរបុរសដូនតាខ្មែរ ដែលបានចងក្រងបង្កើតមកតាំងពីសម័យបុរាណកាលដ៏យូរលង់ណាស់មកហើយ តើហេតុអីទៅទើបយើងខ្ញុំជាកូនចៅរបស់ដូនតាខ្មែរហ៊ានអះអាងយ៉ាងដូច្នេះ?។ ល្បែងមួយនេះនៅលើពិភពលោកទាំងមូល បើមានជាតិសាសន៍ក្នុងប្រទេសណាមួយ យកល្បែងចតុរង្គរបៀបខ្មែរទៅលេង ហើយប្រទេសនោះ គឺមានអាយុកាលតិចជាង៦ពាន់ឆ្នាំ គឺមានន័យថាគេចម្លងយកពីដូនតាខ្មែរយើងហើយ ព្រោះនៅអាស៊ីភាគអាគ្នេយ៍ គឺមានតែកុលសម្ព័ន្ធមេឡាណេវី ឬដែនដីសុវណ្ណភូមិទេ ដែលមានអាយុកាលយ៉ាងតិច៦ពាន់ឆ្នាំ ដែលមានមនុស្សរស់នៅ។ បុព្វវីរបុរសដូនតាខ្មែរក្នុងសម័យបុរេប្រវត្តិ បានចងក្រងបង្កើតឡើងនូវល្បែងចតុរង្គនេះ គឺជាយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងជួរកងទ័ពការពារជាតិ ដើម្បីធ្វើសឹកសង្គ្រាមតទល់ជាមួយបច្ចាមិត្ត ទាំងឡាយណាដែលប៉ុនប៉ង លេបត្របាក់យកទឹកដីអាណាចក្រមហានគរខ្មែរយើងគ្រប់ៗរជ្ជកាល។ ![Screenshot_2018-11-15-05-10-56.png](https://serey.io/imageupload_data/abc12793afa8fa692533fcade8fe2fe0bd0a69ff) ដូនតាខ្មែរយើងបានបណ្ដុះខាងផ្នែកចិត្តសាស្ត្រអមជាមួយផងដែរ ដើម្បីកុំឲ្យកូនចៅខ្មែរជំនាន់ក្រោយតៗមករហូតបច្ចុប្បនេះបោះបង់ចោល ហើយដូនតាខ្មែរយើងក៏បង្កើតវិធីសាស្ត្រមួយធ្វើជាធ្នាក់ទាក់ទឹកចិត្តមនុស្សក្នុងផ្លូវអប់រំ និងលើកទឹកចិត្តជាវិជ្ជមានចំពោះកូនចៅខ្មែរគ្រប់រជ្ជកាល ទើបដូនតាខ្មែរយើងយកក្បួនសឹកសង្គ្រាមនេះមកធ្វើបដិរូបឲ្យប្រែក្លាយទៅជាល្បែងកម្សាន្តផងដែរ។ យើងកម្រឃើញមានមនុស្សតិចជាងពីរនាក់លេងល្បែងនេះណាស់ យ៉ាងតិចមានមនុស្សពីរនាក់ដែលចូលរួមប្រកួតគ្នាជាគូបក្ខដិបក្ខ ក្នុងល្បែងចតុរង្គនេះ។ ហើយក្នុងការប្រកួតល្បែងចតុរង្គនេះ ទាំងលេងភ្នាល់ទាំងលេងកម្សាន្តទៀតសោត សុទ្ធតែមានក្រុមអ្នកគាំទ្រម្ខាងៗ នៅអមតាមទស្សនាមិនថានៅទីជិតឬទីឆ្ងាយឡើយគឺតែងតែមានមនុស្សពីរក្រុមជាដរាប ដូច្នេះដើម្បីបង្កើនប្រាជ្ញាក្នុងការយល់ដឹងក៏ដូចជាការសិក្សាដែរ ទាំងអ្នកលេងពូកែទាំងអ្នកលេងធម្មតា រួមទាំងពលរដ្ឋខ្មែរគ្រប់ឋានានុក្រមដែលមិនចេះលេងក៏គួរតែអានទុកជាផ្នែកមួយជាប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងជាខ្មែរដែរ។ ក្នុងន័យពាក្យថា ចតុរង្គនេះគឺបុរាណបានសំដៅទៅលើកងទ័ពការពារនគរ ដោយមានអង្គ៤ជាមូលដ្ឋានដូចជា​ : កងទ័ពជើងអាកាស កងទ័ពជើងទឹក កងទ័ពរថឬកងទ័ពជើងគោក និងកងទ័ពថ្មើជើង ទើបមានពាក្យថា (មន្ត្រីចតុស្ដម្ភ)នេះត្រូវបានប្រើប្រាស់តរៀងមក។ យើងបានមើលឃើញចំណុចសំខាន់មួយទៀត ដែលដូនតាខ្មែរបង្កើតលេខ៤ជាមេគុណនិងចែកផងដែរ ដូចជា៖៤x៤=១៦,១៦x៤=៦៤ បើយើងចែកលេខទាំងនេះត្រឡប់មកវិញក៏ឃើញដូចគ្នាដែរគឺ៖៦៤៖៤=១៦,១៦៖៤=៤ គឺនៅតែមានលេខ៤ជាមេគុណនិងចែកដូចគ្នារហូត បើយើងបង្រួមសេចក្ដីមក ក្រឡាអុកគឺមានតែ៤ដែលយកមកធ្វើជាមេប៉ុណ្ណោះ។ សូម្បីតែក្រឡាត្រូវដេញសម្លាប់យកឈ្នះចាញ់រវាងគូប្រកួតវិញ ក៏ដូនតាខ្មែរយើងយកលេខ៤នេះមកប្រើដដែលដូចជា៖មានក្រឡារាប់៨ ក្រឡារាប់១៦ ក្រឡារាប់២២ ក្រឡារាប់៣២ ក្រឡារាប់៤៤ និងក្រឡារាប់៦៤ ជាដើមគឺសុទ្ធតែមានលេខ៤ជាមេគុណនិងចែក ដូចគ្នាទាំងអស់។ ការប្រៀបធៀប :![Screenshot_2018-11-15-05-01-54.png](https://serey.io/imageupload_data/3a129d5f946d808292ed2c57125b031d2bb626bd) យោងតាមទីតាំងកូននៅលើក្ដារអុកនេះ យើងមើលឃើញថា អ្នកកាន់កូនខ្មៅរបស់ អំណាចខ្មែរ មានប្រៀបទៅលើអ្នកកាន់ខាងកូនស ដែលជាគូប្រកួតរបស់ខ្លួន។ ដោយយោងទៅតាមរូបភាពនៅខាងក្រោមនេះ សេះខ្មៅនៅខាងស្ដាំដៃអាចបោះជំហានថយ��្រោយបានពីរក្រឡា ឬក៏ត្រីខ្មៅអាចស៊ីត្រីសដែលនៅទល់មុខគ្នាចំត្រង់កន្លែងជើងសេះខ្មៅនោះ ក៏ជាក្រឡាសម្រាប់ជើងសេះដើរបានដែរ។ ហើយត្រីបកកូនខ្មៅត្រូវរុញឡើងទៅឈរជើងនៅកន្លែងត្រីខ្មៅទើបតែស៊ីនោះ ដើម្បីកុំឲ្យកូលខាងសមានឱកាសរុញឡើងមកមុខបាន រីឯសេះខ្មៅនៅខាងឆ្វេងដៃវិញ អាចបោះជំហានទៅមុខបានមួយក្រឡា ហើយថយក្រោយបានពីរក្រឡា អាចថយក្រោយមកខាងស្ដាំ រួចហើយដើរទៅមុខខាងស្ដាំ ក្នុងគោលបំណងស៊ីត្រីសគែមក្ដារខាងស្ដាំដៃ។ដូច្នេះត្រីសនោះ ប្រាកដជារុញឡើងមកមុខមួយក្រឡា ដើម្បីដេញសេះខ្មៅវិញដែរ នៅពេលដែលត្រីសនោះដេញ សេះសត្រូវតែបោះមកក្រោយខាងឆ្វេងដៃ រីឯសេះខ្មៅនៅខាងមុខ ត្រូវបោះមកស្ដាំដៃខាងក្រោយ។ចំណែកឯកូលខ្មៅអាចរុញឡើងទៅមុខមួយក្រឡា ដើម្បីចងគ្នានឹងត្រីបក ចំណែកកូលខាងសវិញ អាចដើរមកខាងមុខបានតែមួយក្រឡាទេ ព្រោះត្រូវប៉ះគ្នាជាមួយនឹងត្រីខ្មៅឬកូលខ្មៅ។ ឥឡូវនិយាយអំពីត្រីទាំងបីដែលនៅចំពីមុខកូលខាងស្ដាំដៃវិញម្ដង កូលអាចការពារត្រីទាំងបីដែលនៅចំពីមុខនោះបាន ថែមទាំងមានសេះខ្មៅមួយជាជំនួយទៀតផង។ ហើយត្រីខ្មៅទាំងបីដែលនៅចំពីមុខកូលខ្មៅនោះ គឺត្រីគែមក្ដារខាងស្ដាំត្រូវរុញឡើងទៅមុខមួយក្រឡា ហើយកូនត្រីសតម្រៀបគ្នាទាំងបីនៅខាងមុខនោះ គឺត្រីសនៅកណ្ដាលនឹងរុញឡើងមួយក្រឡាមកខាងមុខកូនខ្មៅនោះដែរ តែកូនខ្មៅមិនត្រូវស៊ីភ្លាមទេ ទោះឃ្លានយ៉ាងណាក៏ដោយ។ បន្ទាប់មកបើកូនត្រីសមិនស៊ីទេ កូនត្រីខ្មៅត្រូវតែស៊ីព្រោះដល់ក្រឡាស៊ីហើយ ដើម្បីបំបែកត្រីសនោះឲ្យបែកឬដាច់ចំណងពីគ្នា សេះខ្មៅក៏ត្រូវតែបោះមួយជំហានទៅខាងឆ្វេងដៃបង្អស់ដែរ។ រួចហើយត្រូវរុញត្រីខ្មៅនៅចំកណ្ដាលក្ដារខាងឆ្វេងដៃឡើងទៅមុខមួយក្រឡា បើកូនសហ៊ានស៊ីកូនសនោះត្រូវចាញ់ក្រឡាកូនខ្មៅមួយក្រឡា ហើយនឹងត្រូវចាល់ក្រឡាថែមទៀតផង។ ឥឡូវចូរយើងក្រឡេកមើលទៅខាងកូនសវិញម្ដង សេះសនៅខាងឆ្វេងដៃ អាចបោះឡើងបានមួយក្រឡាមកខាងមុខ តែត្រូវត្រីខ្មៅទាំងបីដែលនៅចំកណ្ដាលក្ដាររុញឡើងទៅមុខ សេះសនោះនឹងបោះជំហានថយក្រោយទៅឈរជើងនៅកន្លែងដើមវិញ គឺត្រូវខាតជើងមួយក្រឡា ចំណែកឯសេះសនៅខាងស្ដាំដៃ អាចដើរបានពីរក្រឡាគត់ គឺមកខាងស្ដាំនៅនឹងគែមក្ដារ ឬមកខាងឆ្វេងដៃមួយក្រឡាទៀត តែអត់អាចបោះជំហានឡើងទៅមុខបានឡើយ គឺមានតែក្រឡាមួយថយទៅកន្លែងដើមវិញប៉ុណ្ណោះ។ ចំណែកឯខាងទូកសវិញ គឺនៅចំក្រឡាអាប់ ព្រោះដើរបានតែបីក្រឡា ហើយគ្មានប្រយោជន៍អីទាំងអស់ បើរុញត្រីសនៅខាងស្ដាំឡើងមកខាងមុខមួយក្រឡា ទូកសនោះក៏នៅតែដើរបានតែបីក្រឡាដដែល ព្រោះក្រឡាទី៤ដែលនៅកន្លែងត្រីសខាងស្ដាំដៃនៃគែមក្ដារនោះ គឺជាក្រឡាដែនសមត្ថកិច្ចរបស់ជើងសេះខ្មៅត្រូវចាត់ការ ដូច្នេះទូកមិនអាចឈរជើងនៅក្រឡាទី៤ឲ្យនឹងបានទេ។ នេះយើងខ្ញុំគ្រាន់តែធ្វើការពន្យល់និងពណ៌នាប្រៀបធៀបត្រួសៗ អំពីល្បែងចតុរង្គនេះ។ យើងខ្ញុំមិនមែនជាអ្នកពូកែលេងអុកនោះទេ តែយើងខ្ញុំបកស្រាយទៅតាមអត្ថន័យនិងរូបភាព របស់វីរបុព្វបុរសដូនតាខ្មែរដែលជាអ្នកបង្កើតឡើងទុកជាប្រស្នាប៉ុណ្ណោះ។ សរុបសេចក្ដីទៅ អ្នកកាន់ខាងកូនសត្រូវចាញ់កូន ខាងកូនខ្មៅ ហើយក្នុងតំបន់កាន់កាប់នៃទីតាំងរបស់ខ្លួន ក៏រួញតូចទៅៗដែរ រហូតទាល់តែចាល់ក្រឡាជាន់ជើងគ្នាឯងរកតែរំលៀកខ្លួនគេចក៏មិនរួច ពេលនោះហើយដែលកូនខ្មៅត្រូវវ៉ៃបង្វិលដូចបាល់អីចឹង ចង់បញ្ជារុញទៅក្រឡាមួយណាក៏បាន ទោះទៅក៏ងាប់មិនទៅក៏ងាប់ ព្រោះអស់ក្រឡាលោតតទៅទៀតហើយ។ នៅនាទីទឹកចុងក្រោយ កូនខ្មៅគ្រាន់តែអុកមួយជើងសេះ ឬក៏រុកតែមួយកូនត្រីក៏ងាប់អង្គុយនៅនឹងគែមក្ដារផ្ញុចទៅនឹងជញ្ជាំងនោះតែម្ដង ក្បួនចតុរង្គដែលបានរៀបរាប់ដូចខាងលើនេះ បុរាណបានឲ្យឈ្មោះថា៖(ជាក្បួនស្រមោចហែ) ក្បួនស្រមោចហែនេះគឺមានន័យថា ខាងកូនខ��មៅនៅសល់ក្រឡាមួយច្រកដើម្បីប្ដូរជើងគ្នា គ្រប់កូនទាំងអស់ត្រូវតែឆ្លាស់ជើងគ្នាកុំឲ្យទំនេរឲ្យសោះ ព្រោះខាងកូនសមិនអាចដើរចេញពីទីតាំងរបស់ខ្លួនបានទេ ដោយហេតុថាត្រូវបានកូនខ្មៅ ចាក់សោរជាប់នៅក្នុងបរិវេណ ឬតំបន់កាន់កាប់របស់ខ្លួនរួចទៅហើយ សូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណេះ ៚ សូមអរគុណ @​pov

Comments