រៀនសូធ្យ ធម៌ បទ:សូធ្យដាក់ទង់ព្រះពុទ្ធសាសនា

P
pov
១- ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី ទ្រង់មានឆព្វណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ ២- ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ ៣- កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា ធ្វើទានឥតមានរុញរា កាលដែលនៅជាព្រះពោធិសត្វ ។ ៤- រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្ត្រ ។ ៥- រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ ៦- រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត បទុមស៊ូប្ដូរជីវិត កាត់បេះដូងបិទធ្វើថ្នាំមាតា ។ ៧- រស្មីពណ៌សសុទ្ធសាធ កាលជាព្រះបាទវេស្សន្ដរក្សត្រា ឱ្យទានដំរីសសោភា ដែលទ្រង់ប្រាថ្នាយកពោធិញាណ ។ ៨- រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្ខចាប់យកបាន វិជ្ជាធរអារសាច់ខ្លួនប្រាណ ឱ្យយក្ខសាមាន្យស៊ីប្ដូរជីវិត ។ ៩- រស្មីភ្លឺផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត ឱ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។ ១០- រស្មីខៀវលឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ ៕៚ ![Screenshot_2018-10-30-12-07-54.png](https://serey.io/imageupload_data/61bc2d0494191af4771fae472fff9438424d8323) ព្រះរាជនិពន្ធ: ដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Comments