ស្លឹកឈើខ្ចីត្រួយ
១.រុក្ខជាតិចេញត្រួយ រីកទាំងភ័យព្រួយ
ខ្លាចក្ស័យមរណា ហ្វូងសត្វទាំងឡាយ
វាតែងប្រាថ្នា ឯព្រះសុរិយា
តែងមិនយោគយល់។
២.រុក្ខជាតិត្រួយខ្ចី ចេញសន្លឹកថ្មី
ចិត្តរងខ្វាយខ្វល់ ខ្លាចគេមកក្តិច
វិនាសគ្មានសល់ ក្រែងទៅមិនដល់
វ័យសន្លឹកចាស់។
៣.រុក្ខជាតិស្លឹកខ្ចី ចង់បានរស្មី
ដើម្បីប្តូរផ្លាស់ វិវត្តន៍ខ្លួនទៅ
ជាសន្លឹកចាស់ ភ័យព្រួយខ្លាចប៉ះ
គ្រោះថ្នាក់អន្តរាយ។
៦.ឱ!ព្រះសុរិយា អ្នកកុំប្រហារ
ស្លឹកខ្ចីឱ្យខ្ចាយ ដោយកម្តៅថ្ងៃ
វិនាសចាកឆ្ងាយ និរាស្ត្រអន្តរាយ
បាត់បង់ធនធាន។
៥.វាយោដូចគ្នា កុំចងកម្មពៀរ
កុំមកព្រមាន ប្រមាថសម្លាប់
ឱ្យបាត់វត្តមាន ធនធានស្លឹកខ្ចី
កំពុងតែល្អ។
៦.ហ្វូងសត្វបក្សា បក្សីមេត្តា
ស្លឹកខ្ចីអង្វរ កុំមកយារយី
ទីឋានបវរ ស្លឹកដ៏ខ្ចីល្អ
សូមអ្នកមេត្តា។
៧.រុក្ខជាតិស្លឹកខ្ចី រីកដុះលើដី
ក្នុងដែនរដ្ឋា សម្បូរធនធាន
ស្លឹកចាស់មហាសាល ធនធានបញ្ញា
អ្នកប្រាជ្ញបណ្ឌិត។
៨.ស្លឹកខ្ចីស្លឹកចាស់ វិវត្តន៍ប្តូរផ្លាស់
ច្បាប់ធម្មជាតិពិត ដូច្នេះកុំក្តិច
ត្រួយខ្ចីពិសិដ្ឋ រួមគ្នាពិនិត្យ
រក្សាការពារ។
៩.បណ្តុះស្លឹកខ្ចី ឱ្យរីកលូតថ្មី
គ្រប់ទីនានា ទីជិតទីឆ្ងាយ
ដែនកម្ពុជា សាមគ្គីសាមគ្កា
យើងជាកូនខ្មែរ។
១០.សន្លឹកត្រួយខ្ចី ត្រូវការរស្មី
អ្នកខ្លាំងពូកែ កវីបណ្ឌិត
អ្នកប្រាជ្ញផងដែរ នោះប្រទេសខ្មែរ
សម្បូរធនធាន៕

[
]
១១ មករា ២០១៩

