ប្រមុខដឹកនាំនិងស្មារតីជាតិ
បើខ្មែរយើងចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍជាតិពិតប្រាកដ ខ្មែរដែលជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស ត្រូវតែមានស្មារតីភ្ញាក់រឭកគ្រប់កាលវេលា ដើម្បីតម្រង់ទិសមេដឹកនាំប្រទេស កុំឲ្យគាត់ចេះតែគិតថា "កម្ពុជា អត់ពីគាត់ទៅ កើតសង្គ្រាម ឬគ្មានអ្នកណាពូកែជាងគាត់ ដូចសព្វថ្ងៃ"។
ដើម្បីឲ្យក្ដីសុបិន្តរបស់ខ្មែរក្លាយជាការពិត ខ្មែរយើងត្រូវផ្លាស់ប្ដូរគំនិតខ្លួនឯងម្នាក់ៗជាមុន នៅមុនពេលទៅផ្លាស់ប្ដូរមេដឹកនាំដែលអសមត្ថភាពចេញ តាមរយះការបោះឆ្នោតសម្ងាត់ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានអំពើហឹង្សា។ មេដឹកនាំដែលគិតដល់ផលប្រយោជន៍ជាតិ និងប្រជារាស្ត្រជាធំ គឺជាមេដឹកនាំស្នេហាជាតិពិតប្រាកដ។
មេដឹកនាំដែលរំលោភរដ្ឋធម្មនុញ្ញជាតិ ជាមេដឹកនាំគ្មានមនសិកាក្នុងខ្លួន និងជាមេដឹកនាំហឹង្សាជាតិ។ មេដឹកនាំដែលគោរពម្ចាស់ឆ្នោត ការពារម្ចាស់ឆ្នោត បម្រើម្ចាស់ឆ្នោត ដោយសុទ្ធចិត្ត ជាមង្គលដ៏ឧត្តមនៃមេដឹកនាំរូបនោះប្រកបដោយកិត្តិយសក្នុងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ៚

