ឯករាជ្យផ្នែកសេដ្ឋកិច្ច និងឯករាជ្យផ្នែកសម្រេចចិត្ត ខ្មែរមិនទាន់បានពេញលេញទេ
ពាក្យថា "ឯករាជ្យ" បើយោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ពន្យល់ថា៖ "ភាពនៃរដ្ឋ ឬប្រទេស ដែលគ្រប់គ្រងខ្លួនឯង មិនមែនជាចំណុះនៃប្រទេសដទៃ (គ្រប់គ្រងឯករាជ្យ, ការពារឯករាជ្យ)"។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ត្រូវបានកម្ពុជានៃយើងកំណត់យកថា ជាថ្ងៃបុណ្យឯករាជ្យជាតិ ដែលកម្ពុជា បានរំដោះខ្លួនឲ្យរួចផុតពីអាណានិគមន៍និយមបរទេស (ប្រទេសបារាំង)។ សមិទ្ធិផលនេះ ជាស្នាព្រះហស្តដ៏មហាថ្លៃថ្លាឧត្តុងឧត្តម ដែលប្រជាជាតិខ្មែរគ្រប់ៗរូប មិនអាចបំភ្លេចនូវគុណូបការៈដ៏ឧត្តមឯក នៃព្រះរាជបេសកកម្មរបស់សម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិខ្មែរ និងវីរអ្នកស្នេហាជាតិខ្មែរ។
ចូរចាំថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃដែលប្រទេសកម្ពុជាទទូួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំង។ តែចាប់តាំងពីកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅដើមឆ្នាំ១៩៧០ រហូតដល់ដើមទសវត្សរ៍១៩៩០ គឺកម្ពុជា បានធ្លាក់ចូលក្នុងរបត់ថ្មី (អាណានិគមន៍ត្រជាក់បែបស៊ីរូងផ្ទៃខាងក្នុង) មួយទៀត។ ការរំដោះប្រទេសកម្ពុជា ឲ្យរួចចេញពីរបបកម្ពុជាប្រជាធិបតេយ្យ (របបបនប្រល័យពូជសាសន៍) នៅក្នុងអំឡុងដើមទសវត្សរ៍១៩៧៩ ក្រោមការជួយជ្រោមជ្រែងពីកងទ័ពបរទេស (វៀតណាម)។
ហើយក៏យើងបានដឹងទាំងអស់គ្នា ក្រោយពីឈ្នះសង្គ្រាមលើរបប ពុល ពត រួចហើយ កងទ័ពវៀតណាម មិនបានដកចេញពីកម្ពុជាអស់វិញទេ។ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាឯករាជ្យលើកទីពីរ (២) របស់កម្ពុជា។
បើយោងតាមប្រវត្តិសាស្ត្រ វៀតណាមបានដកកងទ័ពចេញពីកម្ពុជាមែន តែការដកនោះ គឺដកមិនអស់ទេ ហើយភាគច្រើន នៃកងទ័ពដែលនៅសេសសល់ទាំងនោះ គឺបានបំប្លែងខ្លួនឲ្យទៅជាជនស៊ីវិល ហើយបានជ្រៀតចូលទៅក្នុងកិច្ចការរាជការស៊ីវិល កងទ័ព ប៉ូលីស និងមានមួយចំនួនទៀត បន្លំខ្លួនធ្វើជាជំនួយការ ឬអ្នកផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំជាតិ និងដឹកនាំរដ្ឋនៃកម្ពុជា។ ពួកគេបានប្ដូរសញ្ជាតិមកជា "ខ្មែរ" តែនិយាយភាសាខ្មែរមិនច្បាស់ ហើយភាគច្រើននៃពួកគេ បានប្ដូរជំនាញមកដើរតួធ្វើជា "ចារកម្មសម្ងាត់" ឲ្យប្រទេសជាតិគេវិញ(ខ្មែរត្រូវទទួលស្គាល់ការពិតនេះឲខាងតែ មិនមែនប្រឆាំងឬព្រោះនិន្នាការឡើយ តែវាជាការពិត)។
ទស្សនៈយល់ឃើញផ្ទាល់ខ្លួនខ្ញុំ យល់ថា៖ មកដល់ពេលនេះ កម្ពុជា គឺមិនទាន់គ្រប់គ្រងកិច្ចការជនអន្តោប្រវេសន៍បានល្អនៅឡើយទេ ហើយកម្ពុជា ក៏មិនទាន់មានភាពច្បាស់លាស់ក្នុងកិច្ចការជាតិធំៗមួយចំនួនដែរ ពិសេសលើបញ្ហានៃបូរណភាពទឹកដី (ការបោះបង្គោលព្រំដែនជាប់ជាមួយប្រទេសជិតខាង) នៅមានភាពអាថ៌កំបាំងច្រើនទៀត។ គ្មានភាពជាម្ចាស់ការលើខ្លួនឯង ក្នុងការសម្រេចគោលដៅជាតិជាធំ គឺកម្ពុជា គ្មានឯករាជ្យភាពពេលលេញទេ។
ខ្ញុំមិនចង់រំឭកបញ្ហាច្រើនទេ ព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានដឹងរឿងជាតិខ្មែរ ច្រើនជាងខ្ញុំទៅទៀត។
តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់ខ្ញុំគឺ បើទោះបីណាជា កម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង គឺជារឿងពិត តែក្រោយៗមកទៀត ដូចកម្ពុជាសព្វថ្ងៃ គឺមិនទាន់ទទួលបានឯករាជ្យពេញលេញពីបរទេសជាប់ខាងនៅឡើយទេ។
កម្ពុជា ខ្វះខាតឯករាជ្យផ្នែកសេដ្ឋកិច្ច និងឯករាជ្យផ្នែកសម្រេចចិត្ត។ កម្ពុជា ត្រូវតែធ្វើជាម្ចាស់ការលើខ្លួនឯងគ្រប់យ៉ាង ទើបកម្ពុជា មានឯករាជ្យជាតិពិប្រាកដ៕៚

