គួរទទួលយកបរិបទថ្មី​ និងគំនិតថ្មី តែទឹកដីនិងកេរ្តិ៍ដំណែលវប្បធម៌​ សូមថែដូចដើម

P
pov
រាល់កិច្ចការទាំងពួង ដែលយើងត្រូវធ្វើ ទោះបីធ្វើដើម្បីខ្លួនឯង ធ្វើដើម្បីគ្រួសារ ធ្វើដើម្បីមនុស្សគ្រប់គ្នា ធ្វើដើម្បីសង្គមជាតិ ធ្វើដើម្បីបរិស្ថាន ធ្វើដើម្បីធម្មជាតិ និងធ្វើដើម្បីអ្វីៗគ្រប់យ៉ាង ចាំបាច់គឺត្រូវតែមានផែនការច្បាស់លាស់ និងគោលការណ៍ប្រាកដប្រជា ហើយត្រូវធ្វើដើម្បីលទ្ធផលល្អ មិនធ្វើដើម្បីតែធ្វើនោះទេ។ តើអ្នកកំពុងតែគិតអំពីអ្វី? តើអ្នកត្រូវការអ្វី? បើអ្នកបានស្គាល់ខ្លួនអ្នកច្បាស់ហើយ ត្រូវគោរព និងប្រតិបត្តិខ្លួនអ្នក ឲ្យក្លាយជាមនុស្សសំខាន់ក្នុងបេសកកម្មមួយនោះ នេះទើបជាចំណុចសំខាន់បំផុតមួយ ដាច់ខាតមិនពឹងការបន់ស្រន់ឡើយ។![Screenshot_2018-11-21-06-24-17.png](https://serey.io/imageupload_data/a7bccda6bc94f36f34b41ae13fbb200fe70fd360) មនុស្សមានបំណងចង់បានភាពជោគជ័យ តែភាពជោគជ័យ គឺសម្រាប់តែមនុស្សច្បាស់លាស់តែប៉ុណ្ណោះ។ ភាពជោគជ័យ ងាយទទួលបានទេ បើយើងជឿជាក់លើខ្លួនឯង តែរឿងដែលពិបាកជាងនេះទៅទៀតនោះ គឺការការពារភាពជោគជ័យទេ។ មនុស្សលើមនុស្ស ភ្នំខ្ពស់ប៉ុណ្ណាក៏នៅតែទាបជាងស្មៅ ហើយភាពទៀងទាត់របស់មនុស្ស គឺសេចក្ដីស្លាប់ និងគ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ ចូរធ្វើខ្លួនអ្នកឲ្យមានតម្លៃសម្រាប់គ្រួសាររបស់អ្នក តែកុំភ្លេចតម្លៃនៃសង្គមជាតិផងដែរ។ រឿងទាំងពីរនេះ គឺវាសំខាន់ដូចគ្នា ដូច្នេះសូមធ្វើការពិចារណាឲ្យបានដិតដល់ មុនពេលធ្វើការសម្រេចចិត្ត។ ពិតហើយដែលថា​ គំនិតខ្ញុំ ខុសពីគំនិតអ្នក កុំតាមខ្ញុំ ដោយខ្វះការយល់ព្រមពីខ្លួនអ្នកឲ្យសោះ។ បន្តដឹកនាំខ្លួនអ្នកតាមវិធីសាស្ត្រងាយៗមួយចំនួនដូចជា៖ ១. ហាត់ប្រាណដើម្បីសុខភាព ២. ត្រូវគេង និងសម្រាកឲ្យបានគ្រប់គ្រាន់ ៣. ជៀសវាងការជក់បារី ៤. បង្កើតការទំនាក់ទំនងល្អនៅក្នុងសង្គមឲ្យបានច្រើន និងស្មោះត្រង់ ៥. ត្រូវតែកំណត់ខ្លួនឯងក្នុងការទទួលទានគ្រឿងស្រវឹងជាប្រចាំថ្ងៃ ៦. ញ៉ាំឲ្យបានគ្រប់គ្រាន់ ព្រមទាំងចេះជ្រើសរើសអាហារទាំងឡាយណា ដែលសាកសមជាមួយសុខភាពរបស់អ្នក។ បើគ្រប់គ្រងខ្លួនឯងបានល្អហើយ មានន័យថា យើងគឺអាចគ្រប់គ្រងភាពជោគជ័យបានយូរ។ មនុស្សសម័យដើម បានជួយមនុស្សសម័យនេះច្រើនណាស់ ទាំងទ្រឹស្ដី និងការអនុវត្ត។ បទពិសោធន៍របស់អ្នកមុនៗ គឺជាមេរៀនសម្រាប់យើងបច្ចុប្បន្ន។ ចេះដប់ មិនស្មើអ្នកប្រសប់មួយ ពិតជារឿងត្រឹមត្រូវ តែបទពិសោធន៍ ដែលមិនសមស្របនិងសម័យកាល ពិសេសគំនិតទាំងឡាយណា ដែលមិនមានអភិវឌ្ឍន៍បន្ថែម បទពិសោធន៍ទាំងនោះ គឺងាយទទួលរងការបរាជ័យវិញណាស់។ សម័យអភិវឌ្ឍន៍ ផ្នត់គំនិតប្រែប្រួល និងលទ្ធផលក៏ប្រែប្រួលដែរ។ បើអ្នកស្គាល់ខ្លួនឯង ស្គាល់អ្នកដទៃ ស្គាល់សម័យកាលច្បាស់ ចូរកុំខ្លាចខ្លួនឯងទទួលការបរាជ័យឲ្យសោះ៚ ![Screenshot_2018-11-22-19-42-09.png](https://serey.io/imageupload_data/4d84b17c18420858fa39ee1f79a1a6621e4cf07a) @pov

Comments

vannlyda
ល្អណាស់បង អត្ថបទងាយអាន ងាយយល់ ជាពិសេសបានលាក់ចំនុចបែបដំបូន្មាន ហើយមិនវាយប្រហារចំពេក អាចទទួលយក ។ ខ្ញុំបានយល់ពីអ្វីដែលបងចង់បង្ហាញ ទោះមិនលម្អិតសេចក្តីក៏ដោយ...