នៅតែបន្តប្តេជ្ញាចិត្ត ...

P
pov
សង្គមខ្ញុំបច្ចុប្បន្ន​ថាគ្រាន់ក៏ត្រូវ ថាអន់ក៏មិនទាន់ថាខុសដែរ ព្រោះមានរឿងរ៉ាវខ្លះ គិតថាចង់ធ្វើ តែវាពិបាកធ្វើណាស់ ហើយមានចំណុចខ្លះ គិតថាចង់និយាយ តែមិនអាចនិយាយបាន។ ការពិតក្នុងចិត្ត គឺយើងអាចនិយាយចេញមកបាន តែជាមួយមនុស្សដែលយើងគួរនិយាយប្រាប់ ហើយមានរឿងខ្លះមាននៅក្នុងចិត្ត តែមិនអាចនិយាយចេញបាន ដែលរឿងរ៉ាវខ្លះ មិនចង់ឲ្យវាក្លាយជារឿងសាធារណៈ។ គិតដូចអត់គិត យល់ដូចអត់យល់ ខ្វល់ដូចអត់ខ្វល់ សប្បាយដូចអត់សប្បាយ តើរឿងរ៉ាវទាំងអស់នោះជាអ្វីទៅ? ហើយវាអាចមកទាមជាប់ខ្លួនយើងបានយ៉ាងដូចម្ដេចដែរ? ការធ្វើចិត្ត ជាព្រះ គឺពិតជាពិបាកណាស់ តែបើធ្វើចិត្ត ជាពាលវិញ គឺវារិតតែពិបាកជាងធ្វើចិត្តជាព្រះទៅទៀត។ ខ្ញុំចង់រៀនធ្វើអាក្រក់ដូចគេមួយចំនួនខ្លះដែរ តែចិត្តមិនដាច់សោះ ហើយបើចិត្តមិនដាច់អញ្ចឹង គឺមិនអាចសម្រេចគំនិតស្មោគគ្រោកនោះបានទេ។ សូមឲ្យវាអត់ស្រឡះចុះ ហើយខ្ញុំក៏មិនចង់ដើរលើផ្លូវទុច្ចរិត ដើម្បីចង់ឈ្នះដែរ។ ឈ្នះដោយគ្មានសច្ចៈធម៌ មិនមែនជាគោលបំណងរបស់ខ្ញុំទេ។ គោលដៅធំក្នុងជីវិតរបស់ខ្ញុំ គឺរឿងដែលខ្ញុំត្រូវធ្វើ ហើយធ្វើឲ្យអស់ពីសមត្ថភាព និងលទ្ធភាពដែលខ្លួនមាន ដោយមិនខ្លាចការបាត់បង់ ឬបរាជ័យ ដើម្បីឲ្យស្របតាមការតាំងចិត្តរបស់ខ្ញុំ កាលពីនៅជាកូនយោធិនសកម្មមកម្លេះ។ ម្យ៉ាងទៀតខ្ញុំនៅតែនឹកមិនដែលភ្លេចពីការតាំងចិត្តកាលពីតូចបានសោះ ហើយខ្ញុំក៏បានព្យាយាមបំភ្លេចវាច្រើនលើកច្រើនសារមកហើយដែរ តែលទ្ធផល គឺនៅតែមិនអាច។ រឿងមួយនោះ គឺវាធំធេងណាស់ ហើយលើសពីសមត្ថភាព ដែលខ្ញុំមាន តែទឹកចិត្តខ្ញុំ ជម្រុញខ្ញុំ មិនឲ្យបោះបង់វាចោលជាដាច់ខាត។ សព្វថ្ងៃនេះខ្ញុំកំពុងបន្តធ្វើវា តែលទ្ធផលមិនយកជាការបានទេ ហើយខ្ញុំនៅតែមានសេចក្ដីសង្ឃឹមថា "ការតាំងចិត្ត ការអំណត់ ការតស៊ូ ការព្យាយាមរបស់ខ្ញុំ នឹងនាំខ្ញុំទៅដល់គោលដៅមួយនោះ នៅថ្ងៃណាមួយខាងមុខ"។ អាថ៌កំបាំង នៅក្នុងចិត្តមួយនេះ នឹងនៅជាអាថ៌កំបាំងបន្តទៀត ហើយខ្ញុំក៏មិនអាចប្រាប់បងប្អូនមិត្តភ័ក្រក្នុងបណ្ដាញសង្គមសេរីបានដែរ។ ខ្ញុំសូមរក្សាទុកអាថ៌កំបាំងមួយនេះ រហូតដល់វាក្លាយទៅជារឿងសាធារណៈនៅវេលាដ៏សមស្របណាមួយទៅចុះ។ ខ្ញុំសូមអរគុណច្រើន ចំពោះបងប្អូន សម្រាប់ការព្យាយាមអានអត្ថបទរបស់ខ្ញុំ នាពេលកន្លងមក៚ ![1530851317482.jpg](https://serey.io/imageupload_data/b3e596f2e274299499d1768d0ee617c0e39431a1) អរគុណច្រើនពីខ្ញុំ @​pov

Comments

wondercury
សូមសួរមួយហេតុអីក៏ចង់រៀនជាមនុស្សអាក្រក់?
sarith71
របបសំលាប់មួយគំរាមមួយរយសព្វថ្ងែ ទោះមិនល្អក៏ថាល្អ ទោះចង់និយាយក៏មិនហ៊ាននិយាយ ពិតជាពិបាកខ្លាំងណាស់